Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សេចក្ដីរាយការណ៍៖ ក្រោមការជួយពីគម្រោង Capfish-Capture សិប្បកម្មកែច្នៃត្រី សោភ័ណសុម៉េង បានបង្កើនការផលិតត្រីងៀតដល់ជាង១០តោនក្នុង១ខែៗ (Video inside)

11-02-2025 15:47

(កំពង់ធំ)៖ គម្រោង Capfish-Capture ដែលចូលរួមអនុវត្តដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ក្រោមជំនួយពីសហភាពអឺរ៉ុប​ បានធ្វើឱ្យសិប្បកម្មកែច្នៃត្រី សោភ័ណសុម៉េង ទទួលបានលក្ខខណ្ឌសុវត្ថិភាពសម្រាប់កែច្នៃ ដែលជាឧត្តមប្រយោជន៍សម្រាប់អ្នកបរិភោគ។

លោកស្រី ឌី សុម៉េង និងលោក សួង សោភ័ណ ម្ចាស់សិប្បកម្មកែច្នៃត្រី សោភ័ណសុម៉េង បានរៀបរាប់ពីការផ្លាស់ប្ដូរជាច្រើន ក្រោយសិប្បកម្មរបស់ពួកគាត់បានចូលក្នុងគម្រោង Capfish-Capture។ ពួកគាត់បានលើកឡើងថា មុនពេលចូលរួមជាមួយគម្រោងនេះ ផលិតផលរបស់គាត់អាចផ្គត់ផ្គង់គ្រប់គ្រាន់បានតែក្នុងរដូវប្រាំងប៉ុណ្ណោះ ព្រោះនៅរដូវវស្សាមិនសូវមានកម្ដៅគ្រប់គ្រាន់សម្រាប់សម្ងួតត្រី ប៉ុន្តែពេលនេះពួកគាត់អាចផ្គត់ផ្គង់បានទាំងពីររដូវ ដោយសារមានទូហាលសម្ងួតពន្លឺព្រះអាទិត្យពីគម្រោង Capfish-Capture។

លោកស្រី ឌី សុម៉េង បានបន្តថា កាលពីឆ្នាំ២០២៣កន្លងទៅ សិប្បកម្មលោកស្រី បានទទួលនិមិត្តសញ្ញាគុណភាពផលផលិតផលជលផល (CQS) ពីរដ្ឋបាលជលផល និងអង្គការយូនីដូ ដែលធានាពីគុណភាពចំណីអាហារ អនាម័យ និងសោភ័ណភាពនៃផលិតផលរបស់គាត់។

សហវិនិយោគពីគម្រោងខាបហ្វីស បានជួយឱ្យសិប្បកម្មអនុវត្តតាមនិមិត្តសញ្ញា (CQS) និងបង្កើនសមត្ថភាពកែច្នៃត្រីស្រស់រហូតដល់ប្រមាណជា ១១,០០០គីឡូក្រាមក្នុងមួយខែ ឬ១៣២,០០០គីឡូក្រាម ក្នុងមួយឆ្នាំ។

តាមរយៈគម្រោងនេះ បានកែលម្អទីតាំង សម្ភារ និងបរិក្ខារកែច្នៃឱ្យស្របតាមលក្ខខណ្ឌតម្រូវអប្បបរមា (CQS) រួមទាំងការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់ និងកាកសំណល់ផ្សេងៗ។

ជាមួយគ្នានេះ សិប្បកម្ម បានទទួលទិញត្រីស្រស់ពីកសិដ្ឋានវារីវប្បកម្មក្នុងស្រុក និងអនុវត្តកសិកម្មតាមកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់ត្រីស្រស់ក្នុងស្រុក ហើយបានបង្កើនសម្ភារផ្សព្វផ្សាយទីផ្សារ ស្លាកសញ្ញាផលិតផល និងកែលម្អសម្បកវេចខ្ចប់ផងដែរ។

កិច្ចគាំទ្ររបស់គម្រោងជួយឱ្យសហគ្រាសបង្កើតបាននូវលក្ខខណ្ឌសុវត្ថិភាពសម្រាប់កែច្នៃ ដែលជាឧត្តមប្រយោជន៍សម្រាប់អ្នកបរិភោគ បង្ការជំងឺបង្កពីអាហារ ទទួលបាននូវទំនុកចិត្តពីអតិថិជននិងទីផ្សារថ្មី ជាពិសេសការរៀបចំខ្លួនទៅកាន់ទីផ្សារដែលមានតម្លៃថ្លៃ។

លោក សុខ ណារិន តំណាងអង្គការយូនីដូ ប្រចាំនៅកម្ពុជា បានបង្ហាញពីភាពសប្បាយរីករាយរបស់លោក ចំពោះការអភិវឌ្ឍរបស់សិប្បកម្មនេះ ក៏ដូចជាសហគ្រាសផ្សេងទៀត ដែលនេះបានបញ្ជាក់ថា ពួកគាត់មានការយល់ដឹងពីការផលិតដែលមានសុវត្ថិភាព គុណភាពសម្រាប់អ្នកបរិភោគ។

សូមជម្រាបថា បច្ចុប្បន្ននេះ សហគ្រាសចំនួន១៨ ដែលទទួលបាននិមិត្តសញ្ញាគុណភាពផលផលិតផលជលផល ទាំងពេញលេញ និងកម្រិតមូលដ្ឋាន ដូចខាងក្រោម៖

ទី១៖ សហគ្រាសទឹកត្រី នី អ៊ៀងណេង (និមិត្តសញ្ញាគុណភាពផលផលិតផលជលផល ពេញលេញ)

ទី២៖ សហគ្រាសទឹកត្រី លាង ឡេង (និមិត្តសញ្ញាគុណភាពផលផលិតផលជលផល ពេញលេញ)

ទី៣៖ សិប្បកម្ម សំណាង សុធា (និមិត្តសញ្ញាគុណភាពផលផលិតផលជលផល ពេញលេញ)

ទី៤៖ សហគ្រាស ហូមថេសហ្វូត (និមិត្តសញ្ញាគុណភាពផលផលិតផលជលផល ពេញលេញ)

ទី៥៖ សិប្បកម្មកែច្នៃ វង្ស តារា (និមិត្តសញ្ញាគុណភាពផលផលិតផលជលផល កម្រិតមូលដ្ឋាន)

ទី៦៖ សិប្បកម្មកែច្នៃ ហេងហ៊ត់ (សុខឃីម) (និមិត្តសញ្ញាគុណភាពផលផលិតផលជលផល កម្រិតមូលដ្ឋាន)

ទី៧៖ សហគ្រាសទឹកត្រី ភ្នំពេជ្រ ប៊ុនឃា (និមិត្តសញ្ញាគុណភាពផលផលិតផលជលផល កម្រិតមូលដ្ឋាន)

ទី៨៖ សិប្បកម្មត្រី ធឿនស្រីនី (និមិត្តសញ្ញាគុណភាពផលផលិតផលជលផល កម្រិតមូលដ្ឋាន)

ទី៩៖ យូនិកា អេនធើប្រាយ (និមិត្តសញ្ញាគុណភាពផលផលិតផលជលផល ពេញលេញ)

ទី១០៖ ក្រុមហ៊ុន អ៊ីឆេ ង៉ូវហេង ហ៊្វូដប្រដាក់សិនអូហ្វ កំពត (និមិត្តសញ្ញាគុណភាពផលផលិតផលជលផល ពេញលេញ)

ទី១១៖ សិប្បកម្មកែច្នៃត្រី សោភ័ណ សុម៉េង (និមិត្តសញ្ញាគុណភាពផលផលិតផលជលផល កម្រិតមូលដ្ឋាន)

ទី១២៖ ក្រុមហ៊ុន ហេង ចន្ទ័នី អង្គរមាស ង.ក (និមិត្តសញ្ញាគុណភាពផលផលិតផលជលផល កម្រិតមូលដ្ឋាន)

ទី១៣៖ ឌីស៊ីអេហ្វ ដេនីស ឃែរ ហ៊្វូដ ឯ.ក (និមិត្តសញ្ញាគុណភាពផលផលិតផលជលផល ពេញលេញ)

ទី១៤៖ សិប្បកម្មទឹកត្រី គឹមហ៊ី សញ្ញារូបទន្សាយមួយ (និមិត្តសញ្ញាគុណភាពផលផលិតផលជលផល កម្រិតមូលដ្ឋាន)

ទី១៥៖ អាលីម៉ង់ (និមិត្តសញ្ញាគុណភាពផលផលិតផលជលផល កម្រិតមូលដ្ឋាន)

ទី១៦៖ ខេមបូឌា ហ្វ្រេស ហ្វាម (និមិត្តសញ្ញាគុណភាពផលផលិតផលជលផល កម្រិតមូលដ្ឋាន)

ទី១៧៖ សុគា ផលិតផលសមុទ្រសុខភាពព្រះសីហនុ (និមិត្តសញ្ញាគុណភាពផលផលិតផលជលផល កម្រិតមូលដ្ឋាន)

ទី១៨៖ សិប្បកម្មអ៊ីពៅត្រីងៀត (និមិត្តសញ្ញាគុណភាពផលផលិតផលជលផល កម្រិតមូលដ្ឋាន)៕