(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) វិស័យមហាផ្ទៃ និងរដ្ឋបាលខេត្តកែប នឹងសហការរៀបចំកម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុង ដើម្បីមនុស្សធម៌ និងកិច្ចការសង្គមក្រោមមូលបទ៖ «១ជីវិត មិនប្រព្រឹត្តិការសេពគ្រឿងញៀន» ដើម្បីកៀរគរប្រមូលថវិកា តាមរយៈការចុះឈ្មោះរត់ម៉ារ៉ាតុង យកទៅជួយជនងាយរងគ្រោះ មន្ទីរពេទ្យ និងកុមារកំព្រា នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។

នាឱកាសសំណេះសំណាលនេះដែរ លោក ខៀវ ភារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យមហាផ្ទៃ បានលើកឡើងថា ដើម្បីធ្វើការផ្សព្វផ្សាយនូវ កម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីមនុស្សធម៌ ក្រោមមូលបទ៖ «មួយជីវិត មិនប្រព្រឹត្តការសេពគ្រឿងញៀន៖ ជូនដល់អស់លោក លោកស្រី នាងកញ្ញា ដែលសុទ្ធសឹងជាបុគ្គលឆ្នើមមានឈ្មោះបោះសំឡេងទាំងក្នុងវិស័យ សិល្បៈ និងបណ្តាញសង្គមនានា ហើយទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ និងយុវជននៅលើបណ្តាញ សង្គមផងដែរ។

លោក ខៀវ ភារិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រោយទទួលបានសេក្តីទុកចិត្តពី សំណាក់លោក ហ៊ុន ម៉ានី និងលោក ស សុខា និងតាមរយៈការសិក្សាស្វែងនៅ ពេលចុះមូលដ្ឋានម្តងៗ បានមើលឃើញពីបញ្ហាប្រឈមរបស់សង្គម និងទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលខ្វះខាត ឬជន ងាយរងគ្រោះ ទើបខ្ញុំអាចស្វែងយល់កាន់តែច្បាស់ ហើយយល់ពីវត្ថុបំណងថាតើខ្ញុំអាចជួយសង្គមខ្ញុំដោយ របៀបណា ជាជាងធ្វើជាអម្រែកដល់សង្គមរបស់ខ្ញុំវិញ។ ប្រសិនយើងមិនជួយសង្គមជាតិយើងទេ តើសង្គមយើង នឹងទៅជាយ៉ាងណា? ភាសាសាមញ្ញ ប្រសិនខ្មែរមិនស្រលាញ់ ខ្មែរមិនជួយខ្មែរគ្នាឯង តើមានបរទេសណាដែល មកស្រលាញ់ និងជួយខ្មែរនោះ? សួរថាដើម្បីអ្វី គឺដើម្បីបុព្វ ហេតុសង្គមជាតិយើង»។

លោករដ្ឋលេខាធិការ បានបន្ដទៀតថា សកម្មភាពរបស់បងៗ និងប្អូនៗ បានផ្សារភ្ជាប់ជាមួយសង្គម និងមនុស្សធម៌ ក៏មិនតិចដែរ តាមរយៈទេពកោសល្យ និងភាពប៉ិនប្រសព្វ បានបង្កើតមាតិកាលអប់រំ និងផ្សព្វផ្សាយជាច្រើនដែលបម្រើ ដល់ផលប្រយោជន៍ដើម្បីសង្គមជាតិ។ ជាឧទាហារណ៍ ព្រឹត្តិការណ៍សាទរកម្ពុជា, ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងសកម្មភាពផ្សេងៗ គឺបងៗ ប្អូនៗ បានចូលរួមគ្នាយ៉ាងសកម្មក្នុងការ ផ្សព្វផ្សាយយ៉ាងផុលផុសជូនដល់មហាជន ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋយល់អំពីតម្លៃនៃសុខសន្តិភាព នៅកម្ពុជា ក៏ដូចជាការបង្ហាញដល់ពិភពលោកនូវវប្បធម៌ដ៏ផូរផង់ ជាពិសេសគឺការលើកកម្ពស់ និងទាក់ទាញវិស័យទេសចរណ៍នៅកម្ពុជាផងដែរ។

លើសពីនេះ លោក ខៀវ ភារិទ្ធ បានបន្ថែមថា តាមរយៈការធ្វើបទបង្ហាញ ក៏ដូចជាការចែករំលែកបទពិសោធន៍ពីរៀមច្បងដែលស្រលាញ់វិស័យ កីឡារត់មុននេះបន្តិច ក៏បានរំលេចនូវមូលបទ និងវត្ថុបំណងនៃព្រឹត្តិការណ៍ម៉ារ៉ាតុងនេះផងដែរ ដូច្នេះដើម្បីសម្រេចនូវគោលបំណងនេះ គឺមានតែការចូលរួមរបស់ បងៗ ប្អូនៗនោះទេ ដែលអាចធ្វើឱ្យកម្មវិធីនេះបង្ហាញដល់បេះដូងមហាជនផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​ជាថ្មីម្ដងទៀត លោក ខៀវ ភារិទ្ធ បានបញ្ជាក់ថា ការចូលរួមសហការផ្សព្វផ្សាយរបស់បងប្អូន ជាចំណែកយ៉ាងសំខាន់ក្នុងការជួយដល់សង្គមយើងក្នុងការជំរុញវិស័យកីឡា លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងទេសចរណ៍របស់យើងឱ្យកាន់តែរីកចម្រើនឡើង ព្រោះអ្វីដែលជាគោលបំណងសំខាន់ នៃការរៀបចំកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុង នៅខេត្តកែប នាថ្ងៃទី០៨ មីនា ឆ្នាំ២០២៥ ខាងមុខនេះ គឺដើម្បីកៀរគរប្រមូលថវិកា តាមរយៈការចុះឈ្មោះរត់ម៉ារ៉ាតុង យកទៅ ជួយជន ងាយរងគ្រោះ មន្ទីរពេទ្យ កុមារកំព្រាតាមលទ្ធភាពដែលទទួលបាន៕