(ម៉ានីល, ហ្វីលីពីន)៖ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេស​ហ្វីលីពីន នាព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញទស្សនាសារមន្ទីរ Centro de Turismo Intramuros and Museo de Intramuros ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

សារមន្ទីរ Centro de Turismo Intramuros and Museo de Intramuros ឬជាភាសាសាមញ្ញត្រូវបានគេហៅថា Centro de Turismo គឺជាមជ្ឈមណ្ឌលទេសចរណ៍ និងសារមន្ទីរដែលមាន​តាំងពិព័រណ៍វត្ថុបុរាណប្រវត្តិសាស្ត្រជាច្រើន និងជាសម្បត្តិ​វប្បធម៌ដ៏មាន​តម្លៃ។ ជាពិសេសទាក់ទិនទៅនិងរឿងរាវមុនសម័យអាណានិគម របស់ទី​ក្រុង Walled City សម័យអាណានិគមអេស្បាញ សម័យកាលបំផ្លិច​បំផ្លាញក្នុងសង្រ្គាមលោកលើកទី២ សម័យកាលរស់ឡើងវិញ និងសម័យ​កាលអភិវឌ្ឍន៍នាពេលអនាគតរបស់ហ្វីលីពីន។

ក្នុងដំណើរអញ្ជើញទស្សនកិច្ចនៅសារមន្ទីរហ្វីលីពីន ស្ត្រីទី១របស់កម្ពុជា ទទួលបានការស្វាគមន៍ប្រកបដោយភាពកក់ក្តៅពីសំណាក់ស្ត្រីទី១ហ្វីលីពីន និងមន្ត្រីទទួលបន្ទុកគ្រប់គ្រងសារមន្ទីរ។

លោកជំទាវបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រង និងរៀបចំសារមន្ទីររបស់ហ្វីលីពីន ដែលបានរំលេចពីប្រវត្តិសាស្ត្រ និងវប្បធម៌រុងរឿងរបស់ហ្វីលីពីន៕