(ម៉ានីល, ហ្វីលីពីន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ហ្វឺឌីណាន់ ម៉ាកូស ជេអ ប្រធានាធិបតីហ្វីលីពីន បានប្រកាសបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ហ្វីលីពីន ឱ្យឈានដល់កម្រិតខ្ពស់ និងរឹងមាំបន្ថែមទៀត ខណៈឯកសារកិច្ចសហប្រតិបត្តិការចំនួន៨ ត្រូវបានផ្លាស់ប្តូរជាមួយគ្នា។
ក្នុងដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅលើទឹកដីក្រុងម៉ានីល ប្រទេសហ្វីលីពីន ត្រូវបានលោកប្រធានាធិបតីហ្វីលីពីន រៀបចំពិធីទទួលជាផ្លូវការនាព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ប្រកបដោយកិត្តិយស ភាតរភាព ស្និទ្ធស្នាល និងមហោឡារិក។
បន្ទាប់ពីការរៀបចំពិធីទទួលបដិសណ្ឋារកិច្ចរួចរាល់ទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំមន្ត្រីជាន់ខ្ពស់ ជួបប្រជុំទ្វេភាគីជាមួយលោកប្រធានាធិបតីហ្វីលីពីន និងមន្ត្រីជាន់ខ្ពស់របស់ហ្វីលីពីន។
ជាកិច្ចចាប់ផ្ដើមនៃកិច្ចប្រជុំទ្វេភាគីនេះ លោកប្រធានាធិបតីហ្វីលីពីន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះសម្ដេចមហាបវរធិបតី និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជេីញបំពេញទស្សនកិច្ចផ្លូវការនៅហ្វីលីពីន។ សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណលោកប្រធានាធិបតីយ៉ាងជ្រាលជ្រៅ ដែលបានផ្តល់ការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនចំពោះសម្តេច និងគណៈប្រតិភូ។
ថ្នាក់ដឹកនាំទាំងពីរបានសម្ដែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងចំណងមិត្តភាពដ៏យូរលង់រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ, ថ្នាក់ដឹកនាំទាំងពីរ ក៏បានគូសបញ្ជាក់អំពីការបន្តជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់បន្ថែមទៀត ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។
ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាលើការលើកកម្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីលើវិស័យសំខាន់ៗជាច្រើន រួមមានជាអាទិ៍៖ វិស័យពាណិជ្ជកម្ម, វិនិយោគ, ធុរកិច្ច, ការពារជាតិ និងសន្តិសុខ, កសិកម្ម, សុខាភិបាល, វប្បធម៌, អប់រំ, ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ,បច្ចេកវិទ្យា និងការជំរុញការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌអាស៊ាន, តំបន់ និងអន្តរជាតិផងដែរ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំទ្វេភាគីរួចរាល់ទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីហ្វីលីពីន បានអញ្ជើញជាអធិបតីរួមគ្នា ក្នុងពិធីប្តូរឯកសារនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរចំនួន៨។
បន្ទាប់មកសម្តេចមហាបវរធិបតី និងលោកប្រធានាធិបតីហ្វីលីពីន បានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍រួមជាមួយគ្នា។ ក្នុងសេចក្តីថ្លែងការរួម មេដឹកនាំកម្ពុជា និងហ្វីលីពីន បានគូសបង្ហាញពីការពេញចិត្តលើទំនាក់ទំនង និងការប្រកាសបន្តប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា ឱ្យកាន់តែល្អប្រសើរថែមទៀត។
ឯកសារនៃកិច្ចសហប្រតិបត្តិការចំនួន៨ ដែលបានផ្លាស់ប្តូរជាមួយគ្នានោះ រួមមាន៖
១៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហ្វីលីពីន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។
២៖ អនុស្សរណៈនៃការសម្តែងបំណងសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការវិនិយោគហ្វីលីពីន ។
៣៖ អនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហ្វីលីពីន ស្តីពីការបង្ការអំពើលួច និងជួញដូរខុសច្បាប់នៃទ្រព្យសម្បត្តិវប្បធម៌ ។
៤៖ អនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការលើកសិកម្ម និងកសិ-ពាណិជ្ជកម្ម ។
៥៖ អនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា និងគណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន ស្តីពីការអនុវត្តច្បាប់ប្រកួតប្រជែង ។
៦៖ អនុវត្តអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ហ្វីលីពីន ។
៧៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងអាជ្ញាធរអប់រំបណ្តុះបណ្តាលបច្ចេកទេស និងអភិវឌ្ឍន៍ជំនាញហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។
៨៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងបរិវត្តន៍កម្មរដ្ឋាភិបាលឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងបច្ចេកវិទ្យាព័ត៌មានហ្វីលីពីន៕