(ហ្វីលីពីន)៖ លោក Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជាក់ថាហ្វីលីពីន កំពុងពិនិត្យមើលលើលទ្ធភាពក្នុងការវិនិយោគលើរោងម៉ាស៊ីនកិនស្រូវ និងការធ្វេីវារីវប្បកម្មនៅកម្ពុជា។
ការបញ្ជាក់របស់លោកបែបនេះ បានធ្វើឡើងនាឱកាសដែលលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចូលរួមសម្តែងការគួរសម និងកិច្ចជំនួបទ្វេភាគីលើវិស័យកសិកម្ម ដែលប្រព្រឹត្តទៅនៅក្រសួងកសិកម្ម នៃសាធារណរដ្ឋហ្វីលីពីន។
នាឱកាសនៃជំនួបលោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ការធ្វើកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ធ្វេីឡេីងក្នុងគោលបំណងបំពេញតម្រូវការឱ្យគ្នាទៅវិញទៅមក មិនមែនជាការប្រកួតប្រជែងគ្នានោះទេ ហើយប្រទេសទាំងពីរអាចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែរឹងមាំបន្ថែមទៀត ជំរុញការរីកចម្រើនក្នុងវិស័យកសិកម្ម សំដៅចូលរួមចំណែកលេីកកម្ពស់សេដ្ឋកិច្ច និងការអភិវឌ្ឍឱ្យមានចីរភាព។
លោករដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន មានប្រសាសន៍ថា ប្រទេសហ្វីលីពីន មានតម្រូវការលើផលិតផលកសិកម្មជាច្រើនពីប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកំណើនប្រជាជនហ្វីលីពីន ដែលកើនជាង១០លាននាក់ក្នុងមួយឆ្នាំ។ សាធារណរដ្ឋហ្វីលីពីនមានតម្រូវការដូចជាអង្ករ សាច់ជ្រូក សាច់គោ មាន់ ត្រី និងបន្លែផ្លែឈើជាច្រើន។
លេីសពីនេះ ភាគីហ្វីលីពីនក៏នឹងពិនិត្យមើលលើលទ្ធភាពក្នុងការវិនិយោគលើរោងម៉ាស៊ីនកិនស្រូវ និងការធ្វេីវារីវប្បកម្មផងដែរ។ លោករដ្ឋមន្រ្តីបានឱ្យដឹងទៀតថា ក្រសួងកសិកម្មហ្វីលីពីន បានទទួលសិទ្ធក្នុងការនាំចូលអង្ករ និងម្ហូបអាហារ ដោយមានថវិកា ១០០លានដុល្លាសហរដ្ឋអាមេរិក។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ឌិត ទីណា ក៏បានអញ្ជើញលោករដ្ឋមន្ត្រី និងគណៈប្រតិភូនៃក្រសួងកសិកម្មហ្វីលីពីន ទៅទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីពិនិត្យពីសក្តានុពលនៃផលិតផលកសិកម្មកម្ពុជា និងពិភាក្សាលម្អិតបន្ថែមទៀតរវាងវិស័យឯកជននៃប្រទេសទាំងពីរ។
សូមបញ្ជាក់ជូនថា គោលបំណងនៃកិច្ចជំនួបនេះគឺដេីម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យកសិកម្មដោយផ្តោតលើចំណុចសំខាន់ចំនួន០២ រួមមានការធានាសន្តិសុខស្បៀង និងការធ្វើកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ក្នុងជំនួបនេះផងដែរ លោករដ្ឋមន្ត្រីទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្ម រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីនផងដែរ៕