(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០២៥នេះ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) នឹងប្រារព្ធទិវាស្រោមអនាម័យអន្តរជាតិ នៅសួនកោះនរា នៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ចាប់ពីវេលាម៉ោង៤:០០ល្ងាច ដល់៩:០០យប់ ជាមួយនឹងសកម្មភាពជាច្រើនរួមមាន៖ ការចែកចាយស្រោមអនាម័យដោយឥតគិតថ្លៃ ការអប់រំស្តីពីការប្រើប្រាស់ស្រោមអនាម័យ ការលេងល្បែងកំសាន្ត និងការប្រគុំតន្ត្រីកំសាន្តសប្បាយ។
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា បានបញ្ជាក់ដែរថា ជារៀងរាល់ថ្ងៃមានការឆ្លងជំងឺកាមរោគច្រើនជាង ១លាននាក់នៅទូទាំងពិភពលោក ហើយយោងទៅតាមអង្គការសុខភាពពិភពលោក ការប្រើប្រាស់ស្រោមអនាម័យកំពុងតែមានការធ្លាក់ចុះនៅតាមតំបន់ជាច្រើនក្នុងពិភពលោក។ ដោយឡែកការបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍ គឺមានគោលដៅចំបង និងចាំបាច់បំផុតក្នុងការរួមបញ្ចូលការផ្តល់អាទិភាពជាចំបងដល់ការបង្ការការឆ្លងមេរោគអេដស៍ថ្មី តាមរយៈការលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យជាដាច់ខាត ទើបអាចសម្រេចគោលដៅនេះបាន។
លោកវេជ្ជ ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានឱ្យដឹងដែរថា នៅទូទាំងអាស៊ី វប្បធម៌នៃការរើសអើង និងកង្វះការអប់រំ បន្តរារាំងដល់មនុស្សរាប់លាននាក់ពីការទទួលបានស្រោមអនាម័យ។ ទិវាស្រោមអនាម័យអន្តរជាតិ គឺជាការក្រើនរំលឹកថា យើងត្រូវដោះស្រាយឧបសគ្គទាំងនេះ ជាមួយនឹងការអប់រំយ៉ាងទូលំទូលាយ និងធានាថាស្រោមអនាម័យត្រូវបានចាត់ទុកជាធនធានសុខភាពសាធារណៈដ៏សំខាន់ មិនមែនជារបស់ប្រណីតនោះទេ តែស្រោមអនាម័យនៅតែជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុត ក្នុងការបង្ការមនុស្សគ្រប់រូបពីការឆ្លងមេរោគអេដស៍ និងជំងឺកាមរោគផ្សេងៗ។
ជារៀងរាល់ឆ្នាំ ទិវាស្រោមអនាម័យអន្តរជាតិ បាននាំមកនូវការយល់ដឹងអំពីសារៈសំខាន់នៃស្រោមអនាម័យ និងបញ្ហាសុខភាពផ្លូវភេទសំខាន់ៗដទៃទៀត។ នៅក្នុងយុទ្ធនាការទិវា ស្រោមអនាម័យអន្តរជាតិ គឺជាឱកាសដែលយើងទាំងអស់គ្នាបានរំលឹកថា ស្រោមអនាម័យមានសុវត្ថិភាពខ្ពស់ សិចស៊ី និងជាអ្នកការពារដ៏ល្អបំផុតប្រឆាំងនឹងមេរោគអេដស៍ ជំងឺកាមរោគផ្សេងៗ និងការមានផ្ទៃពោះដោយមិនបានគ្រោងទុក។
សូមបញ្ជាក់ដែរថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) គឺជាអង្គការមិនរកប្រាក់កម្រៃជាសាកលដែលផ្តល់សេវាមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ និងការតស៊ូមតិដល់មនុស្សជាង២លាននាក់ ក្នុងប្រទេសចំនួន ៤៨ នៅទូទាំងពិភពលោកក្នុងទ្វីបអាហ្រ្វិក អាមេរិក តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។ បច្ចុប្បន្នជាអ្នកផ្តល់សេវាថែទាំសុខភាពពីមេរោគអេដស៍/ជំងឺអេដស៍ដ៏ធំបំផុតដែលមិនស្វែងរកប្រាក់ចំណេញនៅក្នុងពិភពលោក៕