(ស្វាយរៀង)៖ លោក យស់ ពៅ នាយកវិទ្យាល័យស្វាយរៀង បានថ្លែងថា ការប្រលងឆមាសទី១ ពិតជាមានសារៈសំខាន់ក្នុងការវាស់ស្ទង់សមត្ថភាពការរៀន និងបង្រៀន។

ការថ្លែងបែបនេះរបស់លោក យស់ ពៅ បានធ្វើឡើងក្នុងឱកាសដែលវិទ្យាល័យស្វាយរៀង រៀបចំការប្រឡងឆមាសលើកទី១ ឆ្នាំសិក្សា២០២៤-២០២៥ សម្រាប់សិស្សថ្នាក់ទី៧ និងថ្នាក់ទី៨ ដែលមានរយៈពេល២ ថ្ងៃកន្លះដោយចាប់ថ្ងៃទី១០ ដល់១២ខែកុម្ភៈនេះ។

លោកនាយកបានគូសបញ្ជាក់ថា បើកូនៗ ប្អូនៗ និងចៅៗ ចង់បានលទ្ធផលល្អកុំធ្វើរឿងទាំងអស់នេះកំឡុងពេលប្រលងឆមាសទី១៖

*ទី១. កុំនៅយប់ជ្រៅពេកអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព មិនត្រូវសម្រុករៀនដាច់យប់ រៀនល្មមៗយកកម្លាំងប្រើពេលប្រលង
*ទី២. កុំលេងទូរស័ព្ទឥតប្រយោជន៍ បើមិនចង់ស្តាយក្រោយពេលចេញលទ្ធផល
*ទី៣. មិនត្រូវញ៉ំាអាហារផ្តេសផ្តាស គឺត្រូវញ៉ំាឱ្យបានត្រឹមត្រូវ ជៀសវាងឈឺនៅពេលប្រលង
*ទី៤. មិនត្រូវចម្លងគ្នា ឬមើលគ្នាពេលប្រលង គឺត្រូវប្រើសមត្ថភាពពិតៗដើម្បីរកចំណុចខ្សោយមកកែលម្អ
*ទី៥. កុំទៅប្រលងយឺត គឺត្រូវទៅដល់មុនម៉ោងប្រលងដើម្បីកុំឱ្យភ័យ៕