(ព្រះវិហារ)៖ ប្រតិភូគណៈកម្មការទី១ នៃព្រឹទ្ធសភា ដឹកនាំដោយលោក ងី ច័ន្ទផល ប្រធានគណៈកម្មការ នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តព្រះវិហារ ដឹកនាំដោយលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងមន្ត្រីរាជការ មន្ទីរ អង្គភាព ពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក ទាំង៨ ដើម្បីសិក្សាឈ្វេងយល់ពីការអនុវត្តសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងការដោះស្រាយពាក្យបណ្តឹងរបស់អាជ្ញាធរនៅថ្នាក់ក្រោមជាតិ។

កិច្ចប្រជុំបានប្រព្រឹត្តទៅតាមរបៀបវារៈដែលបានគ្រោងទុក ដោយបានធ្វើការពិភាក្សាផ្លាស់ប្តូរ យោបល់រវាងគណៈប្រតិភូជាមួយអភិបាលខេត្តព្រះវិហារ, ប្រធានក្រុមប្រឹក្សាខេត្ត, អភិបាលក្រុង-ស្រុក និង មន្ទីរពាក់ព័ន្ធជុំវិញខេត្តព្រះវិហារ។ជាមួយគ្នានេះគណៈប្រតិភូក៏បានរាយការណ៍អំពីព័ត៌មាន ដែលទទួលបានពីជំនួបនានា នៅក្នុងខេត្ត ក៏ដូចជាស្តាប់របាយការណ៍របស់ខេត្ត និងការដោះស្រាយពាក្យ បណ្តឹង របស់ ប្រជាពលរដ្ឋ។

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានរាយការណ៍អំពីលទ្ធផលការងារ ដែលរដ្ឋបាលខេត្តសម្រេចបាន ក្នុងនោះវិស័យជាអាទិភាពដែលមានសក្តានុពលសំខាន់ៗក្នុងខេត្តមានដូចជា៖ វិស័យកសិកម្ម វិស័យរ៉ែ និងថាមពល វិស័យទេសចរណ៍ ជាដើម។

លោកអភិបាលខេត្តបានឱ្យដឹងដែរថា ចំពោះវិស័យដីធ្លី គឺជាកិច្ចការអាទិភាពមួយ ក្នុងឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តបានដាក់ចេញផែនការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ និងដាច់ដោយដុំឱ្យបានចប់សព្វគ្រប់នៅទូទាំងខេត្ត ដោយមានក្បាលដីអាចចេញបណ្ណកម្មសិទ្ធិបានប្រមាណជាង៨១ម៉ឺនក្បាលដី និងបានបែងចែកក្រុមការងារចុះបញ្ជីចំនួន០៧ក្រុម ស្មើនឹង ១៣៤នាក់ មន្ត្រីមន្ទីរ៣៩នាក់ យុវជនស្ម័គ្រចិត្តខេត្ត៦៦នាក់ និងក្រុមអន្តរាគមន៍ក្រសួងចំនួន២៩នាក់ ដើម្បីសម្រេចបាននូវ ការចុះបញ្ជីដីធ្លីបានទាំងស្រុង និង បញ្ចប់ទំនាស់ដីធ្លីរាំរ៉ាំ នៅក្នុងភូមិសាស្ត្រខេត្តទាំងមូល។

ជាមួយគ្នានេះ រដ្ឋបាលខេត្តដោយមានការិយាល័យប្រជាពលរដ្ឋជាសេនាធិការ បានយកចិត្តទុកដាក់ជំរុញពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការទទួល និង សម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ពិសេសពាក់ព័ន្ធទំនាស់ដីធ្លី ដោយខិតខំដោះស្រាយបញ្ហាទាំងនោះឱ្យអស់ពីលទ្ធភាព និងទប់ស្កាត់មិនឱ្យមានវិវាទថ្មីៗកើតឡើងថែមទៀត។

លោក ងី ច័ន្ទផល បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះវិហារ ពិសេសក្រោមការដឹកនាំរបស់លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី ជាអភិបាលខេត្ត បានយកចិត្តទុកដាក់លើការដោះស្រាយបញ្ហាប្រឈមផ្សេងៗរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព ពិសេសការដោះស្រាយបញ្ហាទំនាស់ដីធ្លី ក៏ដូចជាបានប្តេជ្ញានឹងធ្វើការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យអស់ក្នុងឆ្នាំ២០២៥ នៅទូទាំងខេត្តព្រះវិហារ៕