(កំពង់ចាម)៖ លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម បានលើកឡើងថា អាជ្ញាធរខេត្តកំពុងបន្តជំរុញការលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ ក្នុងគោលដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច របស់ពលរដ្ឋម្នាក់ៗ ក៏ដូចជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងមូលផងដែរ។

លោកអភិបាលរងខេត្ត បានលើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម។

លោក ហាន កុសល បានបញ្ជាក់ថា ខេត្តកំពង់ចាមកំពុងតែមកមើលញឹកក្នុងការអនុវត្តការជំរុញ ការថែទាំសុខភាពបឋមរបស់ប្រជាពលរដ្ឋ ពោលគឺធ្វើយ៉ាងណាផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមានការយល់ដឹង និងចេះអនុវត្តឱ្យបានត្រឹមត្រូវអំពីវិធីនៃការថែទាំសុខភាពបឋម មុនពេលដែលពួកគាត់ឈឺធ្ងន់ធ្ងរ។

លោកអភិបាលរងខេត្ត បានបន្ថែមថា ការចេះថែទាំសុខភាពបឋមនេះ មានសារៈសំខាន់ណាស់ ពីព្រោះថាប្រសិនបើប្រជាពលរដ្ឋគាត់ចេះថែទាំសុខភាពបឋមដោយខ្លួនឯង ជំងឺផ្សេងៗ និងត្រូវកាត់បន្ថយ ហើយប្រាក់ចំណូលក្នុងគ្រួសាររបស់ពួកគាត់និងកើនឡើង។ ដូច្នេះ ការលើកកម្ពស់សុខភាព គឺជាការលើកកម្ពស់នូវកំណើនសេដ្ឋកិច្ច សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងមូលផងដែរ។

លោកអភិបាលរងខេត្តបានបន្តថា ចំពោះចក្ខុវិស័យមួយនេះ បច្ចុប្បន្នអាជ្ញាធរខេត្ត កំពុងបន្តជំរុញ លើកកម្ពស់នូវសេវាសុខាភិបាល ជាពិសេសពាក់ព័ន្ធទៅនឹងការបម្រើសេវាសាធារណៈ លើវិស័យសុខាភិបាល ការទំនាក់ទំនង និងសេវាព្យាបាលសុខភាពនេះតែម្ដង៕