(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ យុវជនកាយរឹទ្ធិ ដើរតួរយ៉ាងសំខាន់នៅក្នុងសាលារៀន ក្នុងសង្គមនឹងក្លាយជាអ្នកបន្តវេនដ៏ល្អនាពេលអនាគត ដូច្នេះក្មួយៗត្រូវខិតខំរៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយជា សិស្សល្អ កូនល្អ មិត្តល្អ និងមិនត្រូវយកតួនាទីជាកាយរឹទ្ធិ ប្រព្រឹត្តអំពើខុសច្បាប់នោះឡើយជាពិសេសត្រូវធ្វើអំពើរល្អជានិច្ច ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវពាក្យស្លោករបស់កាយរឹទ្ធិ គឺ «ធ្វើអំពើល្អឱ្យបាន១ ក្នុង១ថ្ងៃយ៉ាងតិច»។
ការលើកឡើងបែបនេះរបស់លោក មាន ចាន់យ៉ាដា អភិបាលខេត្ត និងជាប្រធានក្រុមប្រឹក្សាកាយរឹទ្ធិខេត្តឧត្តរមានជ័យ ធ្វើឡើងនៅក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធីសច្ចារប្រណិធាន និងបំពាក់កន្សែងជូនយុវជនកាយរឹទ្ធិ ដែលរៀបចំឡើងក្នុងសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក មាន ចាន់យ៉ាដា បានថ្លែងថា ពិធីបំពាក់កន្សែងជូននវកាយរឹទ្ធិនាថ្ងៃនេះគឺជាការឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានផ្តោតជាសំខាន់លើការអភិវឌ្ឍមូលធនមនុស្ស ដូចនេះកម្មវិធីកាយរឹទ្ធិ ជាបុព្វហេតុកសាងពន្លកយុវវ័យ ប្រកបដោយសីលធម៌រស់នៅល្អ ចរិយាសម្បត្តិថ្លៃថ្នូរ ជាពលរដ្ឋល្អ ដែលប្រកាន់ខ្ជាប់នូវកាតព្វកិច្ចល្អ ចំពោះអ្នកដទៃ ចំពោះសង្គម និងចំពោះរាជរដ្ឋាភិបាល ក្នុងដំណើរឆ្ពោះទៅរកគោលបំណងជាពលរដ្ឋភាពនៃចលនាកាយរឹទ្ធិ។
លោកប្រធានក្រុមប្រឹក្សាកាយរឹទ្ធិខេត្ត ក៏បានថ្លែងផ្ដាំផ្ញើរឱ្យថ្នាក់ដឹកនាំកាយរឹទ្ធិទាំងអស់ ត្រូវបន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនស្របតាមគោលបំណង គោលការណ៍ និងវិធីនៃចលនាកាយរឹទ្ធិ ព្រមទាំងត្រូវបន្តពង្រឹង ការគោរពវិន័យ ច្បាប់កាយរឹទ្ធិ និងពង្រីកការធ្វើអំពើល្អ សំដៅកសាងជនគំរូ ក្នុងជួរយុវជនឱ្យបានកាន់តែច្រើនឡើង ដើម្បីឱ្យសមាជិកកាយរឹទ្ធិទាំងអស់ក្លាយជាពលរដ្ឋល្អ និងមានសមត្ថភាពគ្រប់គ្រាន់ មានស្មារតីទទួលខុសត្រូវខ្ពស់ និងជាអ្នកបន្តវេនដ៏មានប្រសិទ្ធភាពក្នុងកិច្ចការអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ។
យោងតាមរបាយការណ៍របស់លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា និងជាស្នងការកាយរឹទ្ធ ខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា ក្នុងឆ្នាំនៅក្នុងឆ្នាំ សិក្សា២០២៤-២០២៥ សមាជិកកាយរឹទ្ធិ ខេត្តឧត្តរមានជ័យមានចំនួន ៧៣៩នាក់ ស្រី ៤០៣នាក់នាក់ ស្រី ៦៦៦ នាក់ ដែលក្នុងនោះមាន៖
*ថ្នាក់ដឹកនាំកាយរិទ្ធិ នាយកសាលា នាយករង និងលោកគ្រូ-អ្នកគ្រូ ចំនួន៣៧៥នាក់ ស្រី១៤០នាក់
*កាយរឹទ្ធិជំទង់ ចំនួន ៣៣៦នាក់ ស្រី ២៤៦នាក់
*កាយរឹទ្ធិប្អូនចំនួន ៤១នាក់ ស្រី ២៦នាក់ ព្រមទាំងមានគ្រូឧទ្ទេសកាយរឹទ្ធិកម្ម ដែលទទួលបានការបណ្តុះបណ្តាលកម្រិតបណ្ណសញ្ញាឈើ ២កំណាត់ ចំនួន ៣នាក់ ទទួលស្គាល់ដោយអង្គការពិភព លោកនៃចលនាកាយរឹទ្ធិផងដែរ៕