អភិបាលស្រុកស្ទោង ចុះពិនិត្យស្ថានភាពដើម្បីដោះស្រាយបើកផ្លូវ១ខ្សែ ប្រវែង១០០ម៉ែត្រ ជូនពលរដ្ឋនៅភូមិផ្ទះនង្គ័ល ឃុំចំណាក្រោម
11-02-2025 13:45
(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះពិនិត្យស្ថានភាពដើម្បីបើកផ្លូវ ១ខ្សែ នៅក្នុងភូមិផ្ទះនង្គ័ល ឃុំចំណាក្រោម ជូនប្រជាពលរដ្ឋ។
លោកបានសង្កត់ធ្ងន់ថា គ្រប់ភាគីពាក់ព័ន្ធ ម្ចាស់ដីសងខាងផ្លូវ និងអាជ្ញាធរឃុំចំណាក្រោម ត្រូវសហការពិភាក្សា និងអនុវត្តបើកផ្លូវទាំងនេះដោយសន្តិវិធី និងសម្បទានយោគយល់ អធ្យាស្រ័យខ្ពស់ ដើម្បីបើកផ្លូវ បានផ្លូវធំទូលាយជូនពុក ម៉ែ បង ប្អូន ជាពិសេសប្រជាពលរដ្ឋ សិស្សានុសិស្ស នៃសាលាបឋមសិក្សា ហ៊ុន សែន ឈូកជីព្រះ និងអនុវិទ្យាល័យឈូកជីព្រះ ទៅមក សាលារៀនដោយសុវត្ថិភាព និងបានឆាប់រហ័ស ជិតជាងមុន ដោយពុំចាំបាច់ប្រើប្រាស់ផ្លូវវៀង ចំណាយពេលវេលាច្រើន ឆ្ងាយនិងមិនមានសុវត្ថិភាពនោះដែរ ជាពិសេសអាចឆ្លងកាត់ពីភូមិមួយទៅភូមិមួយដោយរលូន។
លោក សាយ គឹមឡម បានជំរុញបន្ថែម និងបន្ទាន់ដល់អាជ្ញាធរឃុំចំណាក្រោម និងគ្រប់ភាគីពាក់ព័ន្ធត្រូវសហការគ្នាបើកដំណើរការផ្លូវនេះឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានដើម្បី ជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋឆាប់បានប្រើប្រាស់ដោយមានការងាយស្រួលក្នុងការធ្វើដំណើរ។
សូមបញ្ជាក់ថា ផ្លូវថ្មីដែលត្រូវបើកឱ្យដំណើរការនេះមានប្រវែង ១០០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅក្នុង ភូមិព្រះនង្គ័ល ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ៕