(ប៉ៃលិន)៖ នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ បានអញ្ជើញពិនិត្យមើលទីតាំងត្រៀមរៀបចំសង្ក្រាន្តប៉ៃលិន នៅមាត់ស្ទឹងប៉ៃលិន ចាប់ពីចន្លោះស្ពានអូរច្រា ទៅស្ពានសន្តិភាព ដើម្បីបង្កបរិយាកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាខាងមុននេះ រដ្ឋបាលខេត្ត បានគ្រោងរៀបចំសង្ក្រាន្តប៉ៃលិនឲ្យបានអធិកអាធម សម្រាប់ បងប្អូនប្រជាពលរដ្ឋបានចូលរួម លេងកម្សាន្តសប្បាយដោយមានកម្មវិធីជាច្រើន រួមមាន៖ កម្មវិធីតាមបែបសាសនា ការលេងល្បែងប្រជាប្រិយខ្មែរ និងការដាក់តាំងពិព័រណ៌ផលិតផល នៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត សំដៅធ្វើយ៉ាង ណាទាក់ទាញ ចំណាប់ អារម្មណ៍ពីមហាជនទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកម្សាន្តនៅខេត្តយើងឲ្យបានច្រើនកុះករ។

លោកស្រីបណ្ឌិតអភិបាលខេត្ត បានបន្តថា ដើម្បីបង្កបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្ត រដ្ឋបាលខេត្ត, រដ្ឋបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំង ៣ប្រភេទនឹងសហការគ្នាជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ធ្វើការតុបតែង លម្អភ្លើងពណ៌នៅតាមសួនច្បារតាមអង្គភាព និងទីសាធារណៈឲ្យមានសោភ័ណ្ឌភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាតដូចជា៖ ភ្នំយ៉ាត ទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ បរិវេណវិមានឯករាជ្យខេត្តនិងដងស្ទឹងប៉ៃលិន ដែលកំពុងឈូសឆាយរៀបចំ កែលម្អនាពេលនេះ។

ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានលើកឡើលងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មានស្ថិរភាពរឹងមាំ កិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈល្អ ទើបយើងមានឱកាសរៀបចំក ម្មវិធីបុណ្យទៀននានា ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងសុខដុមរមនា។

សូមរំលឹកថា៖ សម្រាប់សង្ក្រានប៉ៃលិន រយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ កន្លងទៅ គឺខេត្តប៉ៃលិនទទួលបាន ភ្ញៀវទេសចរជាតិនិងអន្តរជាតិ សរុបរួម ៨០៨២៨៩នាក់ ក្នុងនោះភ្ញៀវជាតិ ៧៨៨២៦៥នាក់ និងភ្ញៀវអន្តរជាតិ ២០០២៤នាក់ បានមកលេងកម្សាន្តយ៉ាង ច្រើនកុះករនៅតាមតំបន់រមណីយដ្ឋានទេសចរណ៍នានាៗក្នុងខេត្ត និងទីកន្លែងរាំកំសាន្ត តំបន់ត្រជាក់ចិត្ត ដែលរៀបចំដោយរដ្ឋបាលខេត្ត៕