(រតនគិរី)៖ ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសប្រធាន និងជ្រើសតាំងសភាពាណិជ្ជកម្មខេត្តរតនគិរី។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី ក្រោមអធិបតីភាពលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក នាង សំអាត អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ បេក្ខភាពឈរឈ្មោះ ម្ចាស់ក្រុមហ៊ុន ម្ចាស់សហភាគ្រាសដែលកំពុងមានប្រតិបត្តិការក្នុងខេត្ត និងថ្នាក់ដឹកនាំ មន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
នៅក្នុងឱកាសនេះលោក នាង សំអាត បានលើកឡើងពីកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្ត ដែលមានកំណើនគួរឱ្យកត់សម្គាល់ បើប្រៀបធៀបជាមួយកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសស្ថានភាព ទំហំពាណិជ្ជកម្មក្នុងខេត្តរតនគិរីដែលផ្តល់ភាពងាយស្រួលច្រើន សម្រាប់ការចរាចរព្រោះខេត្តរតនគិរី មានព្រំដែនជាប់ប្រទេសជិតខាង មានច្រកអន្តរជាតិ ដែលធ្វើឱ្យមានកំណើន សេដ្ឋកិច្ចយ៉ាងឆាប់រហ័សស្របទៅនឹងស្ថានភាពខេត្ត ពោរពេញទៅដោយសក្តានុពល លើវិស័យកសិកម្ម និងកសិឧស្សាហកម្មខ្ពស់ផងដែរ។
លោក ម៉ៅ ថូរ៉ា លើកឡើងថា ដោយផ្អែកតាមស្ថានភាពសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន មានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសនៅតាមបណ្ដាលរាជធានី-ខេត្ត ទូទាំងប្រទេស បានធ្វើឱ្យខេត្តមួយចំនួន ដូចជាខេត្តរតនគិរីជាដើម មានលទ្ធភាពអាចបង្កើតសភាពាណិជ្ជកម្មខេត្តដោយឡែករបស់ខ្លួន។
លោករដ្ឋលេខាធិការ មានសង្ឃឹមយ៉ាងមុតមាំថា ក្រោយសភាពាណិជ្ជកម្មខេត្តរតនគិរីបានបោះឆ្នោតរួច ពិតជាជួយសម្រួលទំហំពាណិជ្ជកម្មក្នុងខេត្ត កាន់តែមានសន្ទុះទ្វេឡើង ដែលផ្តល់លក្ខណៈងាយស្រួល ដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស ក៏ដូចជាប្រជាពលរដ្ឋ ពិសេសក្នុងគោលបំណងធំ លើការសម្រួលកម្រិតជីវភាពប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ក៏ដូចជាទូទាំងប្រទេសឱ្យកាន់តែប្រសើរ ឡើងថែមមួយកម្រិតទៀតផងដែរ។
សូមបញ្ជាក់ថា ចំពោះសមាសភាពអ្នកចូលរួមបោះឆ្នោតសភាពាណិជ្ជកម្ម ត្រូវតែជាអាជីវករ និងសេវាករ មានអាយុចាប់ពី១៨ ឆ្នាំឡើង ដោយភ្ជាប់ឯកសារមកជាមួយរួមមាន៖ លិខិតអនុញ្ញាតធ្វើអាជីវកម្ម ឬបណ្ណប៉ាតង់ ឬអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រអាជីវកម្ម, មានអត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន ដោយឡែកចំពោះបេក្ខជនឈរ ឈ្មោះបោះឆ្នោត ជ្រើសតាំងសភាពាណិជ្ជកម្មខេត្ត មិនមែនជាមន្ត្រីរាជការ ត្រូវជាអាជីវករ ពាណិជ្ជករ សេវាករ មានអាយុចាប់ពី ២៥ឆ្នាំឡើង មានសញ្ជាតិខ្មែរ ជាម្ចាស់ក្រុមហ៊ុនធំៗ ដែលបានចុះបញ្ជីពាណិជ្ជកម្មហើយ ដោយមានឯកសារយកភ្ជាប់មកជាមួយនូវ អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន វិញ្ញាបនបត្រចុះបញ្ជី៕