(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងសំណួរថា ហេតុអ្វីបានជាសេដ្ឋកិច្ចកើនឡើង​ ប៉ុន្តែប្រជាជននៅតែត្អូញត្អែរពីការធ្លាក់ចុះចំណូល? លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានពន្យល់ថា កំណើនសេដ្ឋកិច្ចដែលបានព្យាករណ៍កើនឡើងដល់៦.៣% នៅឆ្នាំ២០២៥នេះ គឺតាមរយៈកំណើននៃការនាំចេញផលិតផលកាត់ដេរ ផលិតផលមិនមែនកាត់ដេរ និងវិស័យទេសចរណ៍។

ការលើកឡើងរបស់លោកបណ្ឌិត ផាន់ ផល្លា ធ្វើឡើងក្នុងវេទិកាស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២៥ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥។

លោកបានលើកឡើងបន្ថែមថា ការកើនឡើងនៃការនាំចេញផលិតផលកាត់ដេរ ក៏បានផ្តល់ចំណូលដោយផ្ទាល់ ដល់កម្មករនិយោជិត ក្នុងវិស័យនេះផងដែរ តាមរយៈការទទួលបានប្រាក់បន្ថែមម៉ោង ដែលអាចជួយដល់ជីវភាពរបស់ពួកគាត់។

​ជាមួយគ្នានេះ លោកសង្កេតឃើញថា វិស័យទេសចរណ៍ក៏ទទួលបានកំណើនជាបន្តបន្ទាប់ផងដែរ។ បើយោងទៅតាមទិន្នន័យកំណើនភ្ញៀវទេសចរ និងចំនួនអ្នកដំណើរតាមផ្លូវអាកាស នៅឆ្នាំ២០២៤ បានកើនឡើង​បើធៀបនឹងឆ្នាំ២០២៣ ដែលសបញ្ជាក់ថា ចំនួនភ្ញៀវទេសចរចាប់ផ្តើមដើរកម្សាន្តឡើងវិញ។

តែយ៉ាងនេះក្តី លោកទទួលស្គាល់ថា វិស័យលក់ដុំ និងរាយ នៅមានបញ្ហា ដែលធ្វើឱ្យពលរដ្ឋរងផលប៉ះពាល់ដល់ចំណូល។ តែយ៉ាងណា បើទោះបីជាការលក់នៅតាមទីផ្សារថយចុះក៏ដោយ ប៉ុន្តែកើនឡើងចំពោះការលក់តាមអនឡាញ។

យោងតាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ច នៅឆ្នាំ២០២៥នេះ កំណើនសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ៦.៣%, ផ.ស.ស សម្រាប់មនុស្សម្នាក់ នឹងកើនឡើងដល់ ២ ៩២៤ដុល្លារ។

ការព្យាករណ៍​កំណើនសេដ្ឋកិច្ច កើនដល់៦.៣% នេះ គឺគាំទ្រដោយវិស័យឧស្សាហកម្ម ដែលរំពឹងថា នឹងកើនឡើងក្នុងរង្វង់៨.៦% វិស័យសេវាកម្ម កើនឡើង៥.៦% និងវិស័យកសិកម្ម កើនឡើង ១.១%​ ខណៈអនុវិស័យលក់រាយ ត្រូវបានព្យាករថានឹងបន្តកើនប្រហាក់ប្រហែលនឹងនិន្នាការធម្មតា ដោយសារការរំពឹងទុកពីការងើបឡើងវិញជាបណ្តើរៗនៃសកម្មចាយវាយ និងតម្រូវការក្នុងស្រុកស្របជាមួយនិន្នាការនៃការកើនប្រាក់ចំណូលរបស់ប្រជាជន៕