(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានអំពាវនាវឱ្យអ្នកនយោបាយខ្មែរទាំងអស់ បញ្ឈប់ការខ្វែងគំនិតគ្នា ដើម្បីឈានទៅរកការរួបរួមដោះស្រាយបញ្ហាជាមួយគ្នា។
លោក កឹម សុខា បានអំពាវនាវបែបនេះ នៅឯទីស្នាក់ការគណបក្សសង្រ្គោះជាតិ នាគ្រាដែលគណបក្សប្រឆាំងរៀបចំជួបជុំសម្តែងមតិអបអរសាទរដល់ខួបលើកទី២៥ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦នេះ។
លោកថា «បច្ចុប្បន្ននេះ គ្រាន់តែជាជម្លោះនយោបាយ មិនមែនជម្លោះប្រដាប់អាវុធផងនោះ ប្រាកដជាខ្មែរយើងនឹងដោះស្រាយបាន ប៉ុន្តែលុះត្រាតែយើងទទួលស្គាល់ថា យើងនៅមានបញ្ហាមែន»។
នៅព្រឹកមិញនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយអាជ្ញាធរ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធប្រចាំរាជធានីភ្នំពេញ ប្រមាណ៤ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាសហស្ថាបនិកនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានរិះគន់គណបក្សសង្រ្គោះជាតិ ចំពោះការរៀបចំពិធីជួបជុំសម្តែងមតិ សម្រាប់ខួបកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃនេះ។ សម្តេចតេជោ បានលើកឡើងថា គណបក្សប្រឆាំងធ្វើខួបនៃកិច្ចព្រៀងទីក្រុងប៉ារីស ទាំងមិនដឹងថាកិច្ចព្រមព្រៀងនោះបែរមុខទៅខាងណាផង៕