(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ គឺជាយុទ្ធសាស្ត្រយូរអង្វែង ហើយក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ តែងតែជំរុញ និងលើកទឹកចិត្តដល់បណ្តាកងឯកភាពទ័ពកសាងសាលាហ្វឹកហ្វឺនឱ្យមាននៅគ្រប់ថ្នាក់ គ្រប់ជំនាញទូទាំងកងយោធពលខេមរភូមិន្ទ ដើម្បីដំណើរការហ្វឹកហ្វឺន និងបណ្តុះបណ្តាលធនធានមនុស្សលើវិស័យយោធា។

ការថ្លែងបែបនេះរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅក្នុងពិធីបិទវគ្គបំប៉នយោធាចារ្យជំនាន់ទី១ វគ្គបំប៉ននាយទាហានថ្នាក់ គ ឃ ជំនាន់ទី១០ និងវគ្គបណ្តុះបណ្តាលនាយទាហានរង ជំនាញការពារព្រំដែនជំនាន់ទី៩ នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដែន។

នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ បានសង្កត់ធ្ងន់ថា ដើម្បីបន្តពង្រឹងការកសាងធនធានមនុស្សក្នុងវិស័យការពារជាតិ ចាំបាច់ត្រូវធ្វើការកែទម្រង់ ដោយឈរលើគោលការណ៍សាមគ្គីភាព ឯកភាពផ្ទៃក្នុង ពិសេសប្រព័ន្ធអប់រំយោធិនត្រូវកែសម្រួល ដើម្បីបង្កើនប្រសិទ្ធភាពទាំងការបណ្តុះបណ្តាលយោធិនអាជីព និងការហ្វឹកហ្វឺនជំនាញផ្សេងៗ។

ត្រង់ចំណុចនេះ ត្រូវបាននាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្ថែមថា នៅគ្រប់បណ្តាសាលា និងកងឯកភាពដែលមានភារកិច្ចបណ្តុះបណ្តាល និងហ្វឹកហ្វឺនត្រូវរៀបចំរចនាសម្ព័ន្ធសាលាឱ្យបានត្រឹមត្រូវ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច ជាពិសេសការគ្រប់គ្រងដឹកនាំសាលា ឯកសារ កម្មវិធីហ្វឹកហ្វឺន យោធាចារ្យ មូលដ្ឋានហ្វឹកហ្វឺនសំដៅបម្រើឱ្យការងារបណ្តុះបណ្តាល និងហ្វឹកហ្វឺនប្រកបដោយគុណភាព។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានកំណត់គោលដៅយុទ្ធសាស្ត្រជាអាទិភាពគន្លឹះ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ពិសេសគឺ «បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវិត្តកម្មឌីជីថលជាគន្លឹះ ដែលជាមធ្យោបាយដ៏សំខាន់ ក្នុងការសម្រេចចក្ខុវិស័យឆ្នាំ២០៥០ និងបានដាក់ចេញកម្មវិធីនយោបាយ ព្រមទាំងគោលនយោបាយជាច្រើន ដើម្បីឱ្យមានប្រសិទ្ធភាពដឹកនាំឱ្យបានជោគជ័យក្នុងការពង្រឹងស្ថាប័នដោយប្រសិទ្ធភាព និងអភិបាលកិច្ចដោយចីរភាព ឈានទៅសម្រេចឱ្យបានជោគជ័យគោលដៅយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១។

ចំពោះវិស័យការពារជាតិ រាជរដ្ឋាភិបាលបន្តជំរុញការកែទម្រង់កងយោធពលខេមរភូមិន្ទ, ត្រូវបាននាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ការលើកកម្ពស់កសាងបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាពកងទ័ព ប្រកបដោយវិជ្ជាជីវៈ និងឧត្តមគតិស្នេហាជាតិ ហ៊ានលះបង់កម្លាំងកាយចិត្ត បូជាជីវិត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ ជា ពិសេសស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល ការពាររាជរដ្ឋាភិបាល ការពារសុខសន្តិភាពជូនជាតិមាតុភូមិគ្រប់ពេល។ ក្រៅពីកិច្ចការខាងលើរាជរដ្ឋាភិបាលខិតខំអភិវឌ្ឍសម្ភារបច្ចេកទេស យុទ្ធោបករណ៍ ភស្តុភារ និងហិរញ្ញវត្ថុ សំដៅឈានទៅធ្វើទំនើបកម្មកងទ័ពឱ្យឆ្លើយតបនឹងភាពជឿនលឿននៃបច្ចេកវិទ្យាទំនើប និងការធ្វើនវានុវត្តន៍យោធាក្នុងតំបន់ និងពិភពលោកប្រកបដោយចីរភាព នៅក្នុងរយៈពេលមធ្យម និងវែង សំដៅលើកកម្ពស់ប្រសិទ្ធភាពគ្រប់កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាល និងហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដែននេះ គឺជាការ ខិតខំរបស់កងយោធពលខេមរភូមិន្ទ ក្នុងការពង្រឹងជំនាញការពារព្រំដែនឱ្យមានសមត្ថភាពគ្រប់គ្រាន់ទាំង ចំណេះដឹង និងចំណេះធ្វើ ដើម្បីទៅបំពេញភារកិច្ចដោយប្រសិទ្ធភាព ហើយការបណ្តុះបណ្តាល និងហ្វឹកហ្វឺននេះមិនមែនគ្រាន់តែជាការបង្កើនចំណេះដឹង និងជំនាញប៉ុណ្ណោះទេក្នុងឱកាសដ៏ថ្លៃថ្លានេះ ជាពិសេសការបិទវគ្គបំប៉នយោធាចារ្យជំនាន់ទី១ វគ្គបំប៉ននាយទាហានថ្នាក់ គ ឃ ជំនាន់ទី១០ និងវគ្គបណ្តុះបណ្តាលនាយទាហានរង ជំនាញការពារព្រំដែនជំនាន់ទី៩ គឺជាការកសាងសមត្ថភាពកងយោធពលខេមរភូមិន្ទ ឱ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញកិច្ចការការពារបូរណៈភាពទឹកដី ជាពិសេសឱ្យមានសមត្ថភាព ចំណេះដឹង ចំណេះធ្វើ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន៕