Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖ អ្នកដឹកនាំបន្តវេន មិនអាចដើរចេញពីបន្ទាត់​នយោបាយ​របស់បក្សនោះឡើយ (Video inside)

11-02-2025 11:35

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា អ្នកដឹកនាំបន្តវេនគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរាជរដ្ឋាភិបាលកម្ពុជា មិនអាចដើរចេញពីបន្ទាត់​នយោបាយ​របស់បក្សនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅ​វត្តព្រះឥន្ទសាមគ្គីធម៌ ខេត្តកណ្តាល នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីមានបរទេសមួយចំនួន រួមទាំងអ្នកនៅក្នុងស្រុកផង លើកឡើងថា តើពេលណា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយុករដ្ឋមន្ត្រីកម្ពុជា ដើរចេញពីបន្ទាត់នយោបាយរបស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកបាននិយាយថា តើពេលណាដែល ហ៊ុន ម៉ាណែត ដើរចេញពីស្រមោលរបស់ឪពុក? ច្បាស់ណាស់ ដែលតួអង្គនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រី មិនអាចដូចគ្នាទេ សូម្បីតែឪពុក និងកូន ក៏ប៉ុន្តែ មិនអាចដើរចេញហួសពីបន្ទាត់នយោបាយរបស់គណបក្សបានទេ»

សម្តេចតេជោ ហ៊ុន សែន បានបន្តថា «សូមសម្លឹងមើលទៅគ្រាន់តែប្រទេសកូរ៉េខាងត្បូង បោះឆ្នោតឯកត្តនាមរើសប្រធានាធិបតី ប៉ុន្តែដើរខុសបន្ទាត់នយោបាយគណបក្ស សូម្បីគណបក្សខ្លួនឯង ក៏បោះឆ្នោតទម្លាក់ប្រធានាធិបតី ចោលដែរ។ អីចឹង សូមផ្តាំ ទៅអ្នកនិយាយថា ហ៊ុន ម៉ាណែត ដើរចេញពីស្រមោលឪពុក? ក្រុមអ្នកបន្តវេន ពេលណាដើរចេញពីស្រមោលគណបក្សប្រជាជន? No way (គ្មានផ្លូវទេ)»

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បើទោះបីសម្តេចជាឪពុក និងជាប្រធានគណបក្ស តែសម្តេចមិនលូកលាន់ការងាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នោះឡើយ។ ការមិនលូកលាន់កិច្ចការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទើបធ្វើឱ្យការដឹកនាំរបស់សម្តេចមានភាពរឹងមាំ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា នាយករដ្ឋមន្ត្រី ដែលដឹកនាំផ្ទុយពីគោលនយោបាយបក្ស ទោះបីជាកូន ក៏ត្រូវដកចេញពីតំណែងដែរ៕