(តាកែវ)៖ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយកាកបាទក្រហម ដល់គ្រួសារកងទ័ព នៅកងវរសេនាតូចលេខ១១៣ និង១១៤ ចំនួន ២៣១គ្រួសារ ស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ នារសៀលថ្ងៃសៅរ៏ ទី ២២ ខែតុលា ឆ្នាំ២០១៦នេះ អភិបាលខេត្តតាកែវលោក ឡាយ វណ្ណៈ បានលើកឡើងពីការបំផុសនៃវប្បធម៌ចែករំលែក និងការជួយគ្នាទៅមកនៅក្នុងសង្គមខ្មែរ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ដែលវប្បធម៌ដ៏ល្អនេះ ប្រជាពលរដ្ឋខ្មែរទាំងក្នុងស្រុកនិងក្រៅស្រុកកំពុងតែអនុវត្តន៏។
លោកអភិបាលខេត្តបានបន្តថា នៅពេលដែលប្រជាពលរដ្ឋខ្មែរយើងខ្លះ ជួបប្រទះការខ្វះខាតជីវភាព យើងតែងតែផ្ដល់អោយគ្នាទៅវិញទៅមក ចេះចែករំលែកអោយគ្នា ដែលនេះបានបញ្ជាក់ពីការចេះស្រលាញ់ សាមគ្គីគ្នាក្នុងនាមជាជនជាតិខ្មែរដូចគ្នាហើយ ក៏ជាការបង្ហាញអោយឃើញនូវអ្វីដែលសម្ដេចតេជោ ហ៊ុន សែន លោកតែងតែអំពាវនាវអោយខ្មែរ អនុវត្តន៏វប្បធម៏ចែករំលែកនិងចេះជួយគ្នា នៅក្នុងសង្គមខ្មែរយើងផងដែរ។
លោក ឡាយ វណ្ណៈ បានបន្តថា បើទោះបីជាមួយប្រជាជនខ្មែរយើង ស្ទើរមួយប្រទេសចេះសាមគ្គី ចែករំលែក ចេះជួយគ្នាទៅវិញទៅមក ក៏ប៉ុន្តែនៅមានក្រុមមួយក្ដាប់តូចតែងតែធ្វើការលាបព័ណ៌ និងញុះញង់ឱ្យមានការរើសអើង និងស្អប់គ្នារវាងអ្នកមាននិងអ្នកក្រនៅក្នុងសង្គមយើង។
ការលាបពណ៏នេះមានគ្រោះថ្នាក់ខ្លាំងណាស់ ដូច្នោះបងប្អូនប្រជាពលរដ្ឋខ្មែរយើង មិនត្រូវជឿតាមការឃោសនាអូសទាញ អោយមានការស្អប់គ្នារវាងជនជាតិខ្មែរដូចគ្នានោះទេ។
ជាចុងក្រោយលោកអភិបាលខេត្តបានផ្តាំផ្ញើរដល់បងប្អូនវីរៈយុទ្ធជនយើងទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តការពារថែរក្សាសន្តិភាព ស្ថេរភាពសង្គមយើងបន្តទៀត ហើយប្រសិនបានមានធុរៈបន្ទាន់ សមាជិកគ្រួសារ ឬក៏ខ្លួនឯងឈឺ ហើយពុំមានលទ្ធភាពដោះស្រាយ សូមធ្វើសំណើទៅខេត្តដើម្បីដោះស្រាយជូនតាមលទ្ធភាព។
ក្នុងឱកាសនោះផងដែរលោក ឡាយ វណ្ណៈ ក៏បានឧបត្ថម្ភថវិកាចំនួន ៤០០,០០០រៀលដល់ លោកអនុសេនីយ៍ឯក ឃុន វង្ស យោធាកងវរៈសេនាតូចលេខ ១១៣ ដែលមានជម្ងឺមហារីកពងស្វាស ព្រមទាំងឧបត្ថម្ភថវិកា ៦លានរៀលសម្រាប់សងថ្លៃសាងសង់អគារ និងជួយបង់ថ្លៃភ្លើងប្រចាំខែ តាមសំណើរបស់កងវរសេនាតូចលេខ ១១៤៕