(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសជួយសាងសង់អគារសិក្សា២ខ្នងកម្ពស់៤ជាន់ និងជួយឧបត្ថម្ភថវិកា ១០០លានរៀលក្នុងមួយខែ រយៈពេលមួយឆ្នាំ សម្រាប់ការចំណាយនៅវត្តព្រះឥន្ទសាមគ្គីធម៌។

ការលើកឡើងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំង​ក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំព្រះករុណា ខ្ញុំសូមចូលរួមក្នុង១ខែ​១០០លានរៀល រយៈពេល១ឆ្នាំ […] សាងសង់អគារសិក្សាបន្ថែម ៤ជាន់តែម្ដង ដែលមាន៤៨បន្ទប់»

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ដថា សម្ដេចនឹងជួយសម្រួលការលំបាក ២ភាគ៣ ដល់វត្តព្រះឥន្ទសាមគ្គីធម៌ ដែលវត្តនេះត្រូវចំណាយថវិកាទូទៅទាំងមូលក្នុង ១ខែអស់ប្រមាណ១៦០លានរៀលទៅលើប្រាក់ខែគ្រូបង្រៀន គ្រូពេទ្យ និងការចំណាយផ្សេងៗនៅក្នុងសាលារៀន។

បើតាមប្រសាសន៍របស់សម្ដេចតេជោ, ការជួយផ្គត់ផ្គង់ និងឧបត្ថម្ភថវិកានេះ មិនត្រឹមតែជួយបានដល់ព្រះតេជគុណមួយមុខនោះទេ ប៉ុន្តែអាចជួយដល់ជីវភាពគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូសរុប ២៣២នាក់បន្ថែមទៀត។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះសិស្សានុសិស្សកំពុងត្រូវការបន្ទប់សិក្សាចំនួន២៧បន្ទប់ ដូច្នេះដើម្បីបំពេញតម្រូវការសិក្សារបស់សិស្ស និងសមណសិស្ស សម្ដេចសម្រេចរុះរើអគារសិក្សាបណ្ដោះអាសន្នដែលប្រកស័ង្កសីចេញ និងឲ្យវិស្វកម្មចូលសាងសង់អគារសិក្សាថ្មី ដែលមានកម្ពស់៤ជាន់ និង៤៨បន្ទប់ដល់សាលារៀនក្នុងវត្តព្រះឥន្ទសាមគ្គីធម៌។

សូមបញ្ជាក់ថា ក្រោមកម្លាំងសទ្ធាដ៏រឹងមាំ និងប្រកបសេចក្តីជ្រះថ្លា ដើម្បីធ្វើឲ្យវត្តព្រះឥន្ទ សាមគ្គីធម៌ក្លាយជាគោរពប្រណិប័តន៍ធម៌វិន័យទាំងឡាយរបស់ព្រះសម្មាសម្ពុទ្ធ ក៏ដូចជាបណ្តុះនូវចំណេះដឹងដល់ព្រះសង្ឃផងនោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងបន្តឧបត្ថម្ភនូវថវិកាកសាងសមិទ្ធផលក្នុងវត្តជាបន្តបន្ទាប់៕