(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងបញ្ជាក់ថា រាល់ថវិកាដែលបានចំណាយលើការសាងសង់សំណង់ និងសមិទ្ធផលនានានៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំង​ក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មិនបានប្រើថវិកាជាតិនោះឡើយ។

ថ្លែងនាឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «សូមបញ្ជាក់ថា ការកសាងនៅវត្តស្វាយពពែអស់ថវិកាជាង ១.២លានដុល្លារ នឹងនៅទីនេះ (វត្តព្រះឥន្ទសាមគ្គីធម៌) កសាងអស់ ២.៦លានដុល្លារ, ខ្ញុំករុណាខ្ញុំ អត់ប៉ះពាល់ថវិកាជាតិសូម្បីមួយសេន»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សម្តេចធ្លាប់អនុវត្តអគ្គបញ្ជារការមួយ អគ្គសេនាធិការមួយ បានសេចក្តីថា អគ្គបញ្ជារការគឺនាយករដ្ឋមន្ត្រី អគ្គសេនាធិការ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយសម្តេចបានខិតខំដើម្បីចលនាគ្នីគ្នាប្រមូលទុនដើម្បីសាងសង់វត្តស្វាយពពែ នៅទីក្រុងភ្នំពេញផង និងនៅវត្តព្រះឥន្ទសាមគ្គីធម៌ នៅខេត្តកណ្តាលផង ហើយសម្តេចនឹងមិនធ្វើជា សត្រូវជាមួយនឹងលុយនោះទេ គឺគៀងគរគ្នាប្រមូលថវិកា ដើម្បីយកមកជួយកសាងវត្តអារាម។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការរៀបចំកសាងសមិទ្ធផលនានា ក្នុងវត្តនេះគឺត្រឹមត្រូវហើយ ព្រោះបញ្ហានេះវាមានប្រតិសកម្ម រវាងពុទ្ធចក្រ និងអាណាចក្រ ហើយពុទ្ធចក្របានជួយដល់អាណាចក្រ លើការបណ្តុះបណ្តាលធនធានមនុស្ស និងលើការអប់រំមនុស្សឱ្យធ្វើអំពើល្អផងដែរ។

សូមបញ្ជាក់ដែរថា ក្រោមកម្លាំងសទ្ធាដ៏រឹងមាំ និងប្រកបសេចក្តីជ្រះថ្លា ដើម្បីធ្វើឱ្យវត្តព្រះ​ឥន្ទ​សាមគ្គីធម៌ក្លាយជាគោរពប្រណិប័តន៍ធម៌វិន័យទាំងឡាយរបស់ព្រះសម្មាសម្ពុទ្ធ ក៏ដូចជាបណ្តុះនូវចំណេះដឹង​ដល់ព្រះសង្ឃផងនោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភនូ​វ​ថវិកាកសាងសមិទ្ធផលក្នុងវត្តជាបន្តបន្ទាប់។

យោងតាមរបាយការណ៍បានបង្ហាញថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភការកសាងចំនួន ៣លើក ជាបន្ត​បន្ទាប់​ដូចខាងក្រោម៖

* លើកទី១ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ សម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត បានកសាងអគារសិក្សាកម្ពស់៣ជាន់ ស្មើ១៨បន្ទប់ ១ខ្នង,ព្រះវិហារ ១ខ្នង, កុដិព្រះសង្ឃកម្ពស់៤ជាន់ ១ខ្នង មាន ៤៨បន្ទប់,ជាវស្រះទឹក។

* លើកទី២ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានកសាងឧបដ្ឋានសាលា (សាលាបុណ្យ)១ខ្នង, អាគារសិក្សា១ខ្នង កម្ពស់៤ជាន់ មាន៣២បន្ទប់,អគារអន្តេវាសិកដ្ឋាន១ខ្នង កម្ពស់៣ជាន់ មាន២៤បន្ទប់, ផ្លូវបេតុងក្នុងបរិវេណវត្ត និងសាលារៀនចំនួន ៤០០ ម៉ែត្រ និង ជាវដីពង្រីកទីធ្លាវត្ត។

* លើកទី៣ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានកសាងអគារសិក្សា១ ខ្នង កម្ពស់៥ ជាន់ មាន២៤បន្ទប់ និងសាលប្រជុំ១បន្ទប់, អគារផ្ទះបាយ១ខ្នង់ កម្ពស់៣ជាន់,បង្គន់អនាម័យ៣ខ្ទង់ ស្មើនឹង២០បន្ទប់ និងរបងប្រវែង២៣០ម៉ែត្រ៕