(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា បើទោះបីសម្តេចជាឪពុក និងក្នុងនាមជាប្រធានគណបក្ស ប៉ុន្តែសម្តេចតេជោមិនលូកលាន់ការងារ និងការសម្រេចចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនោះឡើយ។

ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន គឺក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំង​ក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។

សម្ដេចតេជោបានរំឭកថា កន្លងមក តែងមានអ្នកសរសេរនៅក្រៅប្រទេសខ្លះថា សុន្ទរកថារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត មិនមានលក្ខណៈបង្គាប់បញ្ជា ឯសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន មានលក្ខណៈបង្គាប់បញ្ជា។ សម្ដេចតេជោបានពន្យល់ថា វាអាស្រ័យលើអ្នកណាកាន់តួនាទីអ្វីប៉ុណ្ណោះ។ តួយ៉ាងកាលពីមុន សម្ដេចធិបតី ហ៊ុន ម៉ាណែត កាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោក ឯសម្ដេចតេជោ ហ៊ុន សែន កាន់តំណែងជានាយករដ្ឋមន្ត្រី ដូច្នេះសុន្ទរកថារបស់សម្ដេចតេជោ គឺមានលក្ខណៈបង្គាប់បញ្ជាអីចឹងហើយ គឺបញ្ជាផាំងៗចេញទៅតែម្ដង។ ដោយឡែកនៅថ្ងៃនេះ ច្បាស់ណាស់គឺខុសពីលើកមុន ព្រោះសម្ដេចតេជោលែងជានាយករដ្ឋមន្ត្រីដូចមុន ឯការសម្រេចចិត្តផ្សេងៗគឺជាអំណាចរបស់នាយករដ្ឋមន្ត្រី។

សម្ដេចថ្លែងយ៉ាងដូច្នេះថា «ខ្ញុំព្រះករុណាខ្ញុំ ទោះបីជាឪពុកនាយករដ្ឋមន្ត្រី តែខ្ញុំមិនលូកលាន់ក្នុងកិច្ចការរបស់នាយករដ្ឋមន្ត្រីទេ អីចឹងសំឡេងរបស់ខ្ញុំព្រះករុណាខ្ញុំមិនមានលក្ខណៈបង្គាប់បញ្ជាទេ»

សម្ដេចប្រធានបានបញ្ជាក់ទៀតថា គណបក្សជាអ្នកអនុម័តលើកម្មវិធីនយោបាយ ប៉ុន្តែនាយករដ្ឋមន្ត្រីត្រូវតែមានសមត្ថកិច្ចផ្ដាច់មុខក្នុងការសម្រេចចិត្ត និងដឹកនាំនយោបាយក្នុងប្រទេសនិងក្រៅប្រទេស។ ក្នុងន័យនេះ សម្ដេចតេជោពន្យល់ទៅដល់អ្នកទាំងឡាយដែលឆ្ងល់ថា «ពេលណាសម្ដេចធិបតីនាយករដ្ឋមន្ត្រី ចេញផុតពីស្រមោលរបស់សម្ដេចតេជោជាឪពុកនិងជាអតីតនាយករដ្ឋមន្ត្រី»

ក្នុងនាមជាឪពុក សម្ដេចតេជោចង់ឱ្យសម្ដេចធិបតីជាកូនសម្រេចចិត្ត និងដោះស្រាយកិច្ចការដោយខ្លួនឯង។ សម្ដេចបន្តថា «ប្រសិនបើគេមិនសួរយោបល់យើង យើងក៏កុំទៅណែនាំគេធ្វើយ៉ាងនេះ ទើបអាចឱ្យគេពង្រឹងខ្លួនបាន បើយើងដឹកនាំដៃគេរហូត គឺគេគ្មានលទ្ធភាពនឹងឈរជើងរឹងមាំនោះទេ»

សូម្បីតែរឿងខ្លះ ដែលសម្ដេចតេជោចង់សួរសម្ដេចធិបតី ក៏មិនអាចសួរផ្ទាល់បាននោះទេ តួយ៉ាងនៅពេលដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រីដឹកនាំប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅចូលរួមប្រជុំនៅប្រទេសចិន ហើយសម្ដេចតេជោចង់ដឹងរឿងមួយ តែមិនចង់សួរផ្ទាល់ទៅសម្ដេចនាយករដ្ឋមន្ត្រីឡើយ ក៏សុខចិត្តសួរទៅកាន់ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសវិញ ព្រោះក្រែងរំខានដល់ការងាររបស់សម្ដេចធិបតីជាកូន។

ម្យ៉ាងទៀត ក្នុងនាមជានាយរដ្ឋមន្ត្រី សម្ដេចបវរធិបតីមិនចាំបាច់សុំច្បាប់សម្ដេចតេជោជាឪពុកនោះដែរ។ ដូចគ្នាដែរ កាលសម្ដេចតេជោនៅធ្វើជានាយករដ្ឋមន្ត្រី នៅពេលចេញទៅបំពេញទស្សនកិច្ចនៅក្រៅប្រទេសម្ដងៗ សម្ដេចតេជោគ្រាន់តែសុំច្បាប់ព្រះករុណាព្រះមហាក្សត្រ និងថ្វាយរបាយការណ៍នៃលទ្ធផលជំនួបនោះដល់ព្រះមហាក្សត្រប៉ុណ្ណោះ៕