(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្តេចតេជោ ហ៊ុន សែន បានទម្លាយថា កាលពី១ឆ្នាំកន្លងទៅ លោក David Whitehouse អ្នកសារព័ត៌មានប្រចាំទស្សនាវដ្ដី the Diplomat បានទៅសាកលវិទ្យាប្រ៊ីស្តូល (Bristol) របស់ចក្រភពអង់គ្លេស ដើម្បីស្វែងរកនិក្ខេបបទបញ្ចប់ការសិក្សារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែត្រូវបានសាកលវិទ្យាល័យបដិសេធ ដោយបានបញ្ជាក់ប្រាប់បុគ្គលអ្នកសារព័ត៌មាននោះថា អ្នកពុំមានសិទ្ធិនោះទេ។
ពាក់ព័ន្ធនឹងនិក្ខេបបទផ្នែកសេដ្ឋកិច្ចរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អ្នកសារព័ត៌មានរូបនេះ តែងតែទាក់ទងទៅសាកលវិទ្យាល័យ Bristol ដើម្បីស្នើសុំចម្លងនិក្ខេបបទរបស់សម្ដេច ហ៊ុន ម៉ាណែត ជាច្រើនលើកច្រើនសារ ចាប់តាំងពីពេលសម្ដេចមហាបវរធិបតី ក្លាយជានាយករដ្ឋមន្ត្រីកម្ពុជា។ ទោះត្រូវសាកលវិទ្យាល័យ Bristol បដិសេធមិនអនុញ្ញាតឱ្យចម្លងជាច្រើនលើកច្រើនសារ ក៏អ្នកសារព័ត៌មានរូបនេះ នៅតែចង់ដឹងអំពីនិក្ខេបបផ្នែកសេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា។
ការទម្លាយបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
សម្តេចតេជោ ហ៊ុន សែន បានទម្លាយយ៉ាងដូច្នេះថា៖ «ដូចជាឆ្នាំទៅ មានអ្នកសារព័ត៌មាន ទៅសាកលវិទ្យាប្រ៊ីស្តូលរបស់អង់គ្លេស ដើម្បីរកនិក្ខេបបទ របស់ ហ៊ុន ម៉ាណែត ទៅសាកលវិទ្យាប្រ៊ីស្តូលនោះ គឺសាកលវិទ្យាល័យបានបញ្ជាក់ប្រាប់ទៅអ្នកកាសែតនោះថា គេពុំមានសិទ្ធិដើម្បីនឹងបញ្ចេញនិក្ខេបបទរបស់បេក្ខជនថ្នាក់បណ្ឌិតមួយណានោះទេ អ៊ឹចឹងពួកអ្នកប្រឆាំងមួយចំនួនប្រើបញ្ហានេះធ្វើជាអាជីវកម្មវៃលុក លើសមត្ថភាពរបស់ ហ៊ុន ម៉ាណែត»។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រុមប្រឆាំងមិនត្រឹមត្រូវតែវាយតម្លៃខុសពីការពិតលើសមត្ថភាពបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នោះទេ ប៉ុន្តែ ក្រុមប្រឆាំងក្រៅស្រុកក៏បានមើលងាយទៅលើសាកលវិទ្យាល័យ West Point របស់សហរដ្ឋអាមេរិកថា បានចេញសញ្ញាបត្រកម្រិត២ ឬសញ្ញាបត្រយោគយល់ទៅវិញ។
ត្រង់ចំណុចនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន បានរម្លឹកថា ក្រុមប្រឆាំងមួយចំនួន បានយករឿងរ៉ាវសញ្ញាបត្ររបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ធ្វើជាអាជីវកម្មនយោបាយ កេងចំណេញផ្នែកនយោបាយ។
ជុំវិញរឿងរ៉ាវប្រឌិតដដែលៗមកលើសមត្ថភាពសិក្សារបស់កូនប្រុសច្បងពីសំណាក់ក្រុមប្រឆាំង និងដើម្បីបញ្ជាក់ពីភាពស្អាតស្អំចំពោះកម្រិតសិក្សារបស់កូននាពេលនោះ, សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឱ្យបញ្ចេញនិក្ខេបបទ ដោលពេលនោះ គឺសម្តេចបវរធិបតី បានបង្ហោះសញ្ញាបត្រទាំងកម្រិតអនុបណ្ឌិត នៅឯសាកលវិទ្យាល័យញូវយ៉ក និងសញ្ញាបត្របណ្ឌិត នៅសាកលវិទ្យាល័យប្រ៊ីស្តូល ហើយក៏ធ្វើឱ្យបញ្ហាបើកកកាយរឿងសិក្សារបស់សម្តេចមហាបវរធិបតី ត្រូវបានបញ្ចប់។
«ដល់ពេលបង្ហោះទៅពេលនោះស្ងាត់ដូចចោរលួចសេះ ព្រោះអី មានចំណុច២ ដែលសំខាន់ទី១៖ អ្នកដែលរករឿងថា ហ៊ុន ម៉ាណែត មិនមែនបណ្ឌិត គឺវាមិនមែនបណ្ឌិតឯណា អញ្ចឹងធ្វើយ៉ាងម៉េចវាមានសមត្ថភាពទៅត្រួតពិនិត្យនិក្ខេបបទថ្នាក់បណ្ឌិត របស់ ហ៊ុន ម៉ាណែត, ចំណុចទី២៖ ទោះបីអ្នកឯង មានសញ្ញាបត្របណ្ឌិត ក៏ដោយអ្នកឯងគ្មានសិទ្ធិដើម្បីនឹងធ្វើអត្ថាធិប្បាយទៅលើនិក្ខេបបទរបស់ ហ៊ុន ម៉ាណែត នោះទេ»។ នេះជាការលើកបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រសិនបើបុគ្គលដទៃអាចត្រួតពិនិត្យលើនិក្ខេបបទថ្នាក់បណ្ឌិតនិស្សិត ឬរបស់សម្តេចវរធិបតី ហ៊ុន ម៉ាណែត បាននោះវាស្មើនឹងបុគ្គលនោះវាយក្បាលសាស្ត្រចារ្យ និងសាកលវិទ្យាប្រ៊ីស្តូល។
ឆ្លៀតពីលើរឿងនេះដែរ សម្តេចតេជោ ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រីដ៏មានប្រជាប្រិយភាព និងសមត្ថភាពដឹកនាំនាវាកម្ពុជា ឱ្យទទួលបានសុខសន្តិភាព និងការបង្រួបបង្រួមជាតិជាធ្លុងមួយ ក៏បានចំអកទៅទណ្ឌិតរស់នៅក្រៅសំណាញ់ច្បាប់ថា អ្នកល្ងង់កំពុងដឹកនាំប្រទេស រីឯអ្នកឆ្លាតរត់ចោលស្រុក។ អ្នកល្ងង់បានប្រើអ្នកឆ្លាតកែច្បាប់នៅរដ្ឋសភាពីប្រព័ន្ធ ២ភាគ៣ មក ៥០ បូក១។
គួរឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលរាត្រ្តីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបង្ហាញជាសាធារណៈ នូវនិក្ខេបបទថ្នាក់អនុបណ្ឌិត ថ្នាក់បណ្ឌិត ផ្នែកសេដ្ឋកិច្ច ដែលសម្ដេចធិបតី បានសិក្សាស្រាវជ្រាវក្នុងពេលសិក្សានៅសាកលវិទ្យាល័យ Bristol ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស៕