(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី និងចូលរួមក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលរៀបចំធ្វើនៅមន្ទីរពេទ្យនគរបាលខេត្តបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តជាច្រើនរយនាក់កំពុងបន្តសកម្មភាពបរិច្ចាគឈាម។

បន្ទាប់ពីបរិច្ចាគឈាម, លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានលើកឡើងថា ក្រៅពីភារកិច្ច ស្នូលក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម កងកម្លាំងនគរបាលខេត្តបាត់ដំបង ក៏បានចូលរួមកិច្ចការសង្គមជាច្រើនដូចជា៖ ការងារមនុស្សធម៌, ការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកខ្វះខាត, ការជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបឧបទ្ទវហេតុ និងការ អន្តរាគមន៍ក្នុងមហន្តរាយផ្សេងៗជាដើម។ល។

សម្រាប់ទិវានៃក្តីស្រឡាញ់ឆ្នាំ២០២៥នេះ កងកម្លាំងនគរបាលខេត្តបាត់ដំបង បានធ្វើការបរិច្ចាគឈាម ដែលជាការបង្ហាញពីទឹកចិត្តការស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺ ដែលត្រូវការឈាមជាចាំបាច់។

លោកស្នងការ ក៏បានបញ្ជាក់បន្ថែមថា ចំពោះការផ្តល់ឈាម គឺជាការធ្វើអំពើល្អ ផ្តល់នូវទឹកចិត្ត ក្តីមេត្តាធម៌ សូមចងចាំថាការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្សមិនមានរោងចក្រណាអាចផលិតបានទេ។

សកម្មភាពនេះគឺជាការបង្ហាញឱ្យឃើញនូវស្មារតីរួបរួមចេះជួយគ្នា និងការចូលរួមក្នុងកិច្ចការ សង្គម។ ដោយឡែកថ្ងៃនេះជាការបង្ហាញក្តីស្រឡាញ់យ៉ាងពិតប្រាកដចេញពីបេះដូង របស់កងកម្លាំងនគរបាលខេត្តបាត់ដំបង ផ្តល់ទៅកាន់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីចូលរួមជួយសង្គ្រោះអ្នកជំងឺដែលកំពុងត្រូវការឈាមនៅតាមមន្ទីរពេទ្យផងដែរ។

ជាទីបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ សូមថ្លែងនូវការកោតសរសើរចំពោះ ថ្នាក់ដឹកនាំ និងកម្លាំងនគរបាលខេត្តបាត់ដំបង ដែលបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្នុងឱកាសនេះ និងសូមថ្លែងអំណរគុណដល់មន្ទីរសុខាភិបាលខេត្តបាត់ដំបង ដែលបានសហការរៀបចំពិធីនេះឡើង និងសូមជូនពរឱ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន មានសុខភាពល្អ សម្រេចបានជោគជ័យ គ្រប់ភារកិច្ច និងជួបនូវពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត។

ក្នុងនាមថ្នាក់ដឹកនាំស្នងការដ្ឋាន, លោកឧត្តមសេនីយ៍ទោ មានការរំភើបរីករាយចំពោះកងកម្លាំងនគរបាលខេត្តបាត់ដំបងយើង ដែលមានស្មារតីផុលផុស ស្មគ្រ័ចិត្តបរិច្ចាគឈាម ក្នុងនាមមនុស្សធម៍ ជួយសង្គ្រោះជីវិតមនុស្ស។ តាមតួលេខបឋមព្រឹកថ្ងៃ១១កុម្ភៈនេះ មានជាង ៣០០នាក់ហើយ និងកំពុងមកផ្តល់បន្តបន្ទាប់ទៀត៕