(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ជុំវិញករណីដែលបុគ្គលមួយចំនួន បានប្រកាសខ្លួនថាជាអ្នកចារកម្មរបស់សម្ដេចតេជោ និងកំពុងស្ថិតនៅក្រៅប្រទេស សម្ដេចបានបញ្ជាក់ថា សម្ដេចមិននិយាយអ្វីទាំងអស់ ហើយគ្មានការចាំបាច់ណាមួយឱ្យយើងយកអំបិល ទឹកត្រី ប៊ីចឹង ទៅចាក់លើសម្លផ្អូម ដែលគេចាក់ចោលហើយនោះ។
ការថ្លែងរបស់សម្ដេច ប្រធានព្រឹទ្ធសភា បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេច បានអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ចុងក្រោយនេះគឺវិបត្តិចារកម្ម ខ្ញុំព្រះករុណាខ្ញុំមិននិយាយអីទេ គ្មានការចាំបាច់ណាមួយឱ្យយើងយកអំបិល ទឹកត្រី ប៊ីចឹង ទៅចាក់លើសម្លផ្អូម ដែលគេចាក់ចោលហើយនោះ ឬក៏និយាយមួយបែបទៀតគ្មានការចាំបាច់ណាមួយដើម្បីហ្នឹងរកថ្នាំពេទ្យ ឬរកឧបករណ៍សង្គ្រោះបន្ទាន់សម្រាប់សាកសព ដែលគេយកទៅកប់ហើយនោះ និយាយប៉ុណ្ណឹងអាចដឹងហើយ។ យូរៗវាតាំងខ្លួនជាចារកម្ម ឯងក៏និយាយថា គ្រាន់តែជាអ្នកពិគ្រោះយោបល់។ កុំឌឺ ឌឺយ៉ាងមិចក៏ទៅមិនរួចដែរ ត្រូវនឹង ត្រូវស្ដាប់ ពេលណាសភាពការណ៍កំពុងតែជ្រួលត្រូវនៅឱ្យស្ងៀម នៅឱ្យរឹង អាហ្នឹងបានគេហៅអ្នកនយោបាយ»។
សូមជម្រាបថា នាពេលថ្មីៗនេះ មានការបែកធ្លាយសារជាសំឡេងរវាងសម្ដេចតេជោ ជាមួយលោក សេង សារី នាំឱ្យមានការវែកញែកគ្នារក្នុងកិច្ចសម្ភាសន៍អាស៊ីសេរី ដែលមានលោក ជុន ច័ន្ទបុត្រ បានហៅលោក សេង សារី ថាជា «ចារកម្ម» របស់សម្ដេចតេជោ ហ៊ុន សែន, ប៉ុន្តែលោក សេង សារី បានការពារខ្លួនថា រូបលោក គឺជាអ្នកដែលបានធ្លាក់ចូលក្នុងអន្ទាក់ចារកម្ម របស់សម្ដេចតេជោ ហ៊ុន សែន អស់រយៈពេល៤ឆ្នាំមកហើយ។
ភ្លាមៗសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច នារាត្រីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ថា «ខ្ញុំមិនដែលចាត់ទុក សេង សារី ជាចារកម្ម ឬជាចំណាប់ខ្មាំងនោះឡើយ តែចាត់ទុកជាអ្នកពិគ្រោះនយោបាយមួយរូប»៕