(កណ្ដាល)៖ សមាគមទេសចរណ៍កម្ពុជា (CATA) ដែលជាកម្លាំងស្រូបទាញភ្ញៀវទេសចរបរទេសដ៏មានឥទ្ធិពលមួយនោះ បានសន្យាចូលរួមផ្សព្វផ្សាយប្រម៉ូតពីសក្ដានុពលរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាសមិទ្ធផលដ៏មហាសាលរបស់ជាតិកម្ពុជា និងជាផលិតផលគាំទ្រក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជាកាន់តែច្រើន។
ការសន្យានេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់ថ្នាក់នាំក្រុមប្រឹក្សាភិបាល និងសមាជិកសមាគម CATA ដឹកនាំលោកស្រី ឆាយ ស៉ីវលីន ប្រធានសមាគម ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ព្រមជាមួយនឹងការទទួលស្វាគមន៍ពីសំណាក់លោកឧកញ៉ា ឆាលស៍ វ៉ាន់ (Charles Vann) នាយកក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា (Cambodia Airport Investment Co.,Ltd)។
គួរជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោជាអាកាសយានដ្ឋានធំជាងគេនៅកម្ពុជា ដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រខាងត្បូងរាជធានីភ្នំពេញ ហើយត្រូវបានសងសង់លើផ្ទៃដី២,៦០០ហិកតា និងចំណាយថវិកាសាងសង់សរុបចំនួន១៥០០លានដុល្លារអាមេរិក។
លោកស្រី ឆាយ ស៉ីវលីន បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះមានសមាជិកចូលរួមប្រមាណ២០០នាក់ តំណាងឱ្យក្រុមហ៊ុនជិត២០០ក្រុមហ៊ុន ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីវឌ្ឍនភាពនៃការសាងសង់ និងលើកជាចម្ងល់ ឬសំណួរទៅកាន់លោកឧកញ៉ា ឆាលស៍ វ៉ាន់ ក៏ដូចជាអ្នកជំនាញដែលចូលរួមក្នុងកិច្ចដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនេះ។
លោកស្រីប្រធានបន្តថា ក្រោយចូលរួមក្នុងដំណើរទស្សនកិច្ចនេះហើយ សមាគម CATA នឹងរៀបចំឱ្យមានកិច្ចប្រជុំជាមួយសមាជិកទាំងអស់ ពិសេសសមាជិកដែលមិនបានមកចូលរួមក្នុងដំណើរទស្សនកិច្ចនេះ ដើម្បីបញ្ជ្រាបពីខ្លឹមសារទាំងឡាយដែលបានពីការធ្វើបទបង្ហាញរបស់លោកឧកញ៉ា ឆាលស៍ វ៉ាន់ និងអ្នកជំនាញនីមួយៗ។ ប្រសិនបើមានចំណុចណាមិនទាន់ច្បាស់លាស់ សមាគមនឹងគោរពជូនសំណួរមកកាន់លោកឧកញ៉ា ឆាលស៍ វ៉ាន់ បន្ថែមដែរ។
ជាការប្ដេជ្ញារបស់លោកស្រី ឆាយ ស៉ីវលីន សមាគម CATA នឹងចូលរួមផ្សព្វផ្សាយប្រម៉ូតពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាសមិទ្ធផលដ៏មហាសាលរបស់ជាតិកម្ពុជា និងជាផលិតផលគាំទ្រវិស័យទេសចរណ៍ដ៏សំខាន់ដែរនោះ ទៅផ្សព្វផ្សាយនៅក្នុងពិព័រណ៍ទេសចរណ៍ធំៗជុំវិញពិភពលោក ពិសេសនៅដើមខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ សមាគម CATA នឹងមានបេសកកម្មចូលរួមពិព័រណ៍ទេសចរណ៍នៅប្រទេសអាល្លឺម៉ង់ ហើយសមាគមប្រាកដជាពាំនាំខ្លឹមសារនៃបទបង្ហាញទៅផ្សព្វផ្សាយដល់ការីទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ដៃគូទិញលក់កញ្ចប់ទស្សនកិច្ច ដែលនឹងទៅជួបជុំគ្នានៅទីក្រុងប៊ែរឡាំងនោះ។ សមាគម CATA ក៏មានផែនការមួយក្នុងចំណោមផែនការជាច្រើន គឺនឹងការអញ្ជើញអ្នកបង្កើតមាតិកានៅតាមប្រទេសនីមួយៗឱ្យមកជួយផលិតមាតិកា ឬធ្វើវីដេអូផ្សព្វផ្សាយពីអាកាសយានដ្ឋានអន្តរជាតិនេះ។
លោកឧកញ៉ា ឆាលស៍ វ៉ាន់ នាយកក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា បានថ្លែងថា ការមកទស្សនកិច្ចនេះ គឺជាការណ៍សំខាន់ណាស់សម្រាប់ប្រតិបត្តិករក្នុងវិស័យទេសចរណ៍ ពិសេសបណ្ដាសមាជិករបស់សមាគម CATA ដើម្បីទទួលបានព័ត៌មានច្បាស់លាស់ជម្រះនូវមន្ទិលសង្ស័យនានាពាក់ព័ន្ធនឹងការសាងសង់ ការរៀបចំហេដ្ឋារចនាសម្ពន្ធប្រកបដោយការគិតគូរយកចិត្តទុកដាក់ខ្ពស់ ការតភ្ជាប់ផ្សេងៗ និងកិច្ចការសំខាន់ៗដទៃទៀត។
ជាការបញ្ជាក់របស់លោកឧកញ៉ា ដំណើរទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិនេះ ក៏ជាការត្រៀមខ្លួនសម្រាប់ការផ្លាស់ប្ដូរការហោះហើររបស់អ្នកដំណើរ និងភ្ញៀវទេសចរទៅមកអាកាសយានដ្ឋានអន្តរជាតិតេជោនេះ ខណៈបើគ្មានការប្រែប្រួលអ្វីទេ អាកាសយានដ្ឋាននេះគ្រោងនឹងដាក់សម្ពោធជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០២៥ (ដំណាច់ឆមាសទី១)។
លោកឧកញ៉ា ឆាលស៍ វ៉ាន់ បានបន្តថា អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងប្រភេទ 4F គឺជាប្រភេទព្រលានយន្តហោះធំដែលអាចនឹងស្រូបយកនិងទទួលបានការហោះហើរឆ្លងទ្វីបពីឆ្ងាយ ដែលអាចឱ្យប្រភេទយន្តហោះធុនយក្ស Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន។
តាមរយៈបទបង្ហាញរបស់នាយកក្រុមហ៊ុនយ៉ាងដូច្នេះ លោកស្រី ឆាយ ស៉ីវលីន ក៏បញ្ជាក់ដែរថា កាលណាមានព្រលានយន្តហោះធំជាមធ្យោបាយដឹកជញ្ជូនអ្នកដំណើរមកពីប្រទេសជាច្រើន នោះកំណើនភ្ញៀវទេសចរអន្តរជាតិនឹងបន្តកើនឡើងកាន់តែច្រើន ហើយក៏នឹងចូលរួមជំរុញវិស័យទេសចរណ៍កម្ពុជាកាន់តែមានសន្ទុះកើនឡើង ជួយជំរុញជីវភាពប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម អ្នកប្រកបរបរក្នុងវិស័យ SMEs ដោយផ្ទាល់និងប្រយោល។ តាមរយៈវិស័យទេសចរណ៍នេះនឹងកាន់តែជួយជំរុញដល់ការផលិតក្នុងស្រុក ការផលិតផលិតផលកសិកម្ម និងផ្ដល់ឱកាសការងារដល់យុវជនកម្ពុជាកាន់តែច្រើនទៀតផង៕