(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តពោធិ៍សាត់ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំដោយ លោក សរ ចំរុង ប្រធានគណៈកម្មការ និងលោក ទី ថានី តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធវិស័យទទួលបន្ទុក របស់គណៈកម្មការ ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត។

លោក ខូយ រីដា បានជម្រាបជូនគណ:ប្រតិភូថា ខេត្តពោធិ៍សាត់មានជម្រើសសេដ្ឋកិច្ចសំខាន់ៗរួមមាន៖ វិស័យកសិកម្ម, វិស័យទេសចរណ៍, វិស័យរ៉ែ និងវិស័យពាណិជ្ជកម្ម (អាជីវកម្មខ្នាតតូច មធ្យម SME)។ បច្ចុប្បន្នខេត្តមានបញ្ហាប្រឈម ក្នុងការដោះស្រាយដូចជា ខ្វះមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន, ខ្វះទឹកសម្រាប់ប្រើប្រាស់ និងស្រោចស្រពបង្កបង្កើនផល នៅរដូវប្រាំង, បញ្ហាភ្លើងឆេះព្រៃនៅបន្តកើតមាន ក្នុងនោះ រដ្ឋបាលខេត្ត ក៏បានចុះទប់ស្កាត់ និងបានផ្សព្វផ្សាយសេចក្ដីជូនដំណឹង ​ស្ដីពីការ​បង្ការ និងទប់ស្កាត់ភ្លើងឆេះព្រៃ ជូនដល់ប្រជាពលរដ្ឋផងដែរ។ ជាការពិតណាស់ថា វិស័យកសិកម្ម វិស័យធនធានទឹក វិស័យអភិវឌ្ឍន៍ជនបទ វិស័យសុខាភិបាល និងវិស័យអប់រំ គឺជាវិស័យអាទិភាព ដែលអាជ្ញាធរខេត្ត បានចូលរួមការពារ និងអភិវឌ្ឍន៍ ដើម្បីលើកស្ទួយសិទ្ធិ និងជីវភាព ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្តបន្តថា យន្តការដែលខេត្ត បានសម្របសម្រួលដោះស្រាយ លើករណីទំនាស់ដីធ្លី គឺតាមរយៈកា​រ​សម្រប​​សម្រួល របស់គណៈកម្មការសុរិយោដី និង​ការ​សម្រប​សម្រួល ​ក្រៅ​ប្រព័ន្ធ​​តុលាការ ស្របតាម​វិធីសាស្ត្រ​ឈ្នះ-​ឈ្នះ​ និង​ព្រម​ព្រៀងគ្នា។ ចំពោះករណីទំនាស់លើដីសម្បទានសេដ្ឋកិច្ច ឬសង្គមកិច្ច ឬការរំលោភយកដីរដ្ឋ ខេត្តបាន​យក​យន្ត​ការ​ច្បាប់​មក​អនុវត្ត ក្នុងការដោះស្រាយ​ ដើម្បីការពារទ្រព្យរដ្ឋ។

លោក ខូយ រីដា បានជម្រាបជូនទៀតថា បច្ចុប្បន្នទណ្ឌិតក្នុងពន្ធនាគារខេត្ត មានសិទ្ធិគោរពជំនឿសាសនា, សេវាសុខាភិបាល, ការបណ្តុះបណ្តាលអប់រំ បណ្តា​ល័យ សីលធម៌សង្គម, ការវាយតម្លៃ ការប្រឡងប្រណាំង និងស្នើសុំបន្ធូរបន្ថយទោស និង​លើក​លែង​ទោស ក្នុងនោះពួកគេទទួលបានរបបអាហារផ្គត់ផ្គង់របស់រដ្ឋ និងក្រុមគ្រួសារ ព្រមទាំងផ្តល់ការទំនាក់ទំនងទៅគ្រួសារ ប្រកបដោយសមធម៌ មនុស្សធម៌ និងទទួលបានការការពារដោយច្បាប់។

លោក សរ ចំរុង បានមានប្រសាសន៍ថ្លែងអំណរគុណ កោតសរសើរចំពោះរដ្ឋបាលខេត្ត ជាពិសេសលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលជានិច្ចកាលបានយកចិត្តទុកដាក់ ក្នុងការបម្រើសេវា និងខិតខំដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់ និងភាពសុខដុមរមនា។ លោកបានបន្តថា គណៈកម្មការក៏បានកត់សម្គាល់លើបញ្ហាប្រឈមទាំងអស់របស់ខេត្ត និងទទួលយកសំណើដែលខេត្តបានលើកឡើង យកទៅជម្រាបជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ដោះស្រាយតាមនីតិវិធីរបស់រដ្ឋសភា។

លោកប្រធានគណៈកម្មការទី១ បានលើកឡើងពីសកម្មភាពការងារ ដែលគណៈកម្មកាបានចុះតាមដាន អង្កេត និងស្វែងយល់អំពីការគោរពសិទ្ធិមនុស្សនៅកម្ពុជា នៅតាមក្រសួង-ស្ថាប័ន ក្នុងការអនុវត្តឱ្យបានសមស្របតាមរដ្ឋធម្មនុញ្ញ នៃកម្ពុជា និងសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស ព្រមទាំងរាល់លិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិនានា ដែលពាក់ព័ន្ធក្នុងវិស័យសិទ្ធិមនុស្ស។ ជាមួយគ្នានោះ គណៈកម្មការបានចុះជួបជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ដូចជារដ្ឋបាលខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ដើម្បីតាមដានការ អនុវត្តច្បាប់ និងស្វែងយល់អំពីវឌ្ឍនភាពការងាររបស់អាជ្ញាធរ តាមកម្មវិធីនយោបាយថ្នាក់ជាតិ។ គណៈ​កម្មការមានយន្តការសម្របសម្រួល ឬធ្វើអន្តរាគមន៍ទៅក្រសួង ស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធនានា ដើម្បីពិនិត្យដោះស្រាយ ជាសមត្ថកិច្ចជូនម្ចាស់បណ្ដឹងតាមរយៈប្រធានរដ្ឋសភា។

លោក សរ ចំរុង បានស្នើឱ្យអាជ្ញាធរខេត្ត ធ្វើការចុះបញ្ជីដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ ជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ដើម្បីឱ្យប្រជាពលរដ្ឋ មានជំនឿទុកចិត្តដល់ ការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា។ បន្ថែមពីនោះ លោកសូមជម្រុញយន្តការដោះស្រាយរាល់បញ្ហាទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ ក្រៅប្រព័ន្ធតុលាការ និងធ្វើការឆ្លើយតប ចំពោះលិខិតអន្តរាគមន៍របស់គណៈកម្មការ ដែលបានផ្ញើជូនពិនិត្យជាសមត្ថកិច្ច ក្នុងរយៈពេលណាមួយសមស្រប ដើម្បីឱ្យគណៈកម្មការ មានមូលដ្ឋានជម្រាបជូនទៅប្រជាពលរដ្ឋវិញ៕