(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងកោតសរសើរ ដល់អង្គការសប្បុរសធម៌ឡៃហ្គ័រ និងសាលាភាពជាអ្នកដឹកនាំឡៃហ្គ័រ ដែលបានខិតខំប្រឹងប្រែង ជួយគាំទ្រលើវិស័យអប់រំកម្ពុជា។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ទទួលជួបសម្តែងការគួរសម និងជម្រាបលា ពីសំណាក់ស្ថាបនិកអង្គការសប្បុរសធម៌ឡៃហ្គ័រ និងសាលាភាពជាអ្នកដឹកនាំឡៃហ្គ័រ និងនាយកប្រចាំប្រទេស។ ជំនួបនេះ ធ្វើឡើងនាទីស្ដីការក្រសួងអប់រំ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងជំនួបនោះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា អង្គការសប្បុរសធម៌ឡៃហ្គ័រ និងសាលាភាពជាអ្នកដឹកនាំឡៃហ្គ័រ បានខិតខំប្រឹងប្រែង ជួយគាំទ្រលើវិស័យអប់រំ និងការអភិវឌ្ឍន៍យុវជនកម្ពុជា ជាពិសេសឆ្លើយតបនឹងចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស។
លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា ការខិតខំប្រឹងប្រែង របស់អង្គការសប្បុរសធម៌ឡៃហ្គ័រ ពិតជាបានជះផលវិជ្ជមាន ដល់សង្គមជាតិកម្ពុជា និងនៅជាប់នៅក្នុងចិត្តប្រជាជនកម្ពុជាជារៀងរហូត។
ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន សង្ឃឹមជឿជាក់ថា ទោះបីជាមូលនិធិ Liger Charitable Foundation បានបញ្ចប់បេសកកម្មរបស់ខ្លួនក្តី តែលោកជឿជាក់ថា នឹងមានឱកាស បន្តកិច្ចសហប្រតិបត្តិ ជាមួយគ្នាបន្តបន្ទាប់ទៀត នាពេលអនាគត ដើម្បីចូលរួមចំណែកអភិវឌ្ឍយុវជនកម្ពុជា ឱ្យទទួលបានចំណេះដឹង និងសមត្ថភាពខ្ពស់។
ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះអង្គការ សប្បុរសធម៌ឡៃហ្គ័រ ក្នុងការខិតខំប្រឹងប្រែង ជួយគាំទ្រដល់ប្រទេសកម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបំពាក់ជូននូវគ្រឿងឥស្សរិយយស ចំនួន៣គ្រឿង៖
ទី១៖ មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ជូនលោក Trevor Gile និងលោកស្រី Agnieszka Tynkiewicz-Gile ជាស្ថាបនិក អង្គការសប្បុរសធម៌ឡៃហ្គ័រ (The Liger Charitable Foundation) និងសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ (Liger Leadership Academy)
ទី២៖ មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា ជូនលោក Dominic Sharpe ជានាយកប្រចាំប្រទេស អង្គការសប្បុរសធម៌ឡៃហ្គ័រ (The Liger Charitable Foundation) និងសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ (Liger Leadership Academy)។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Trevor Gile ស្ថាបនិកអង្គការសប្បុរសធម៌ឡៃហ្គ័រ បានឲ្យដឹងថា គោលបំណងចំបង ក្នុងការវិនិយោគ និងជាការបន្ត គឺការវិនិយោគ ទៅលើធនធានមនុស្សរយៈពេលវែង ក្នុងការអភិវឌ្ឍន៍ទេពកោសល្យ និងជំនាញដែលទាំងអស់នេះ ជួយជំរុញប្រទេសកម្ពុជាឆ្ពោះ ទៅរកអនាគតវិជ្ជមាន។
លោក Trevor Gile បានឲ្យដឹងទៀតថា ការអប់រំដើមដំបូង ដែលបានស្តែងចេញជាគំរូបែបបុរាណ នៃការអប់រំនៅទូទាំងពិភពលោក ដែលពេលខ្លះ ត្រូវបានហៅថាគំរូ នៃបុគ្គលជោគជ័យ ឬ វិតូរៀន (Victorian) ដែលត្រូវបានវាយបំបែកយ៉ាងធ្ងន់ធ្ងរ ក្នុងការប្រកួតប្រជែង សម្រាប់ការអប់រំសតវត្សទី២១។
«ហេតុដូច្នេះហើយ បេសកម្មរបស់ពួកយើង បានពង្រីកដោយការបង្កើតវិធីសាស្រ្តអប់រំ ឲ្យមានភាពប្រសើរឡើង ដែលទទូលបាននូវផលអតិបរមា ពីការវិនិយោគចំប្បងលើធនធាន មនុស្សរយៈពេលវែងរបស់យើង។ ទើបធ្វើឲ្យមានការបង្កើត ជាសាលា ភាពជាអ្នកដឹកនាំ ឡៃហ្គឺ នេះឡើង»។ នេះជាការបញ្ជាក់ របស់លោក Trevor Gile។
សូមបញ្ជាក់ថា អង្គការសប្បុរសធម៌ឡៃហ្គ័រ និងសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ បានចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យអប់រំ តាមរយៈការជួយសាងសង់សាលារៀន អគារអន្តេវាសិកដ្ឋាន និងផ្តល់អាហារូបករណ៍ ដល់សិស្សានុសិស្សកម្ពុជា ចំនួន១០៣នាក់ ក្នុងរយៈពេល១២ឆ្នាំមកនេះ ឱ្យទទួលបានឱកាសសិក្សា នៅសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ។
ដោយឡែក សិស្សរបស់ឡៃហ្គឺ ចំនួន៦០នាក់ បានទទួលអាហារូបករណ៍បន្តការសិក្សា នៅតាមសាកលវិទ្យាល័យអន្តរជាតិ ចំនួន១០ប្រទេសផ្សេងៗគ្នាផងដែរ៕