(ភ្នំពេញ)៖ លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា បានផ្ដល់គន្លឹះដល់និស្សិតដែលមានបំណងចង់ធ្វើការក្នុងវិស័យដីធ្លីគួរតែរៀននូវជំនាញ ភាសាបរទេស រួមមានភាសាអង់គ្លេស ភាសាចិន និងចំណេះដឹងទូទៅ ដើម្បីជាថ្នាល់ក្នុងការឈានទៅរកភាពជោគជ័យលើវិស័យដីធ្លី ហើយក្រៅពីការចេះភាសាបរទេស ចំណេះដឹងទូទៅហើយនោះ និស្សិតត្រូវតែប្រកាន់ភ្ជាប់នូវ ភាពស្មោះត្រង់ សីលធម៌ល្អ។
ការលើកឡើងរបស់ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា ធ្វើឡើងនៅក្នុងសិក្ខាសាលាមួយស្ដីពី «សក្ដានុពលភាព និងឱកាសការងារក្នុងឧស្សាហកម្មអចលនទ្រព្យ» ដែលធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ដោយមានការអញ្ជើញចូលរួមពីអ្នកជំនាញខាងវិស័យដីធ្លី និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
លោក គីម ហ៊ាង បានថ្លែងថា «សិក្ខាសាលាថ្ងៃនេះបង្កើតឡើងដើម្បីបង្ហាញដល់និស្សិតថា ប្រសិនបើយើងចង់ធ្វើការក្នុងវិស័យដីធ្លីគួររៀនទៅលើជំនាញភាសាបរទេស ដូចជា ភាសាអគ្លេស ភាសាចិន និងចំណេះដឹងទូទៅ ដើម្បីឲ្យពួកគាត់ដឹងថា ប្រសិនជាពួកគាត់ចង់ធ្វើការទៅលើផ្នែកហ្នឹងគឺពួកគាត់ត្រូវ ភាសាច្រើន»។
លោកបន្តថា សិក្ខាសាលាថ្ងៃនេះ មានអត្ថប្រយោជន៍ដល់សិស្សនិស្សិត គឺពួកគាត់បានទទួលនៅបទពិសោធន៍យ៉ាងច្រើនពីសំណាក់អ្នកជំនាញខាងវិស័យដីធ្លី។
លោកក៏បានបន្ថែមទៀតថា ទីផ្សារការងារនៅក្នុងវិស័យអចលនទ្រព្យសព្វថៃ្ង គឺកំពុងតែជួបបញ្ហាប្រឈមមួយដោយសារតែមានមនុស្សជាច្រើន ចង់ធ្វើការក្នុងវិស័យដីធ្លី ប៉ុន្ដែមិនអាចរកការងារធ្វើបាន មានក្រុមហ៊ុនជាច្រើនដែលត្រូវការជ្រើសរើបបុគ្គលិក ចូលបម្រើការងារខាងផ្នែកវិស័យដីធ្លីប៉ុន្ដែរើសមិនបានទាំងនេះ គឺដោយសារកត្តាធនធានមនុស្សដែលមាន និងតម្រូវការទីផ្សារមិនសមស្របគ្នា។ ភាសាបរទេសគឺជាកត្តាចំបងសម្រាប់វិស័យដីធ្លី ប្រសិនបើយើងមិនចេះភាសាទេនោះ មិនអាចទទួលយកបាននោះឡើយ៕