(ភ្នំពេញ)៖ បន្ទាប់ពីខកខានជួបមុខប្រជាពលរដ្ឋជាសាធារណៈអស់រយៈពេលជាង បន្ទាប់ពីដាក់ចុះតួនាទីជានាយករដ្ឋមន្ត្រីនោះ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អតីតនាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំង​ក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅ​វត្តព្រះឥន្ទសាមគ្គីធម៌៖

* ជាការចាប់ផ្តើមនៃកិច្ចសំណេះសំណាលនាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសោមនស្សរីករាយ បានវិលមកកាន់វត្តព្រះឥន្ទសាមគ្គីធម៌ជាថ្មី។ ជាពិសេសបានជួបជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរសម្តេច វង្ស អានេតា ចំពោះកិច្ចប្រឹងប្រែងកសាងវត្តព្រះឥន្ទសាមគ្គីធម៌។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកត់សម្គាល់ថា ក្រោមការដឹកនាំ និងគ្រប់គ្រងដ៏ល្អរបស់សម្តេច វង្ស អានេតា បានធ្វើឱ្យវត្តនេះមានការរីកចម្រើនជាបន្តបន្ទាប់ ដោយផ្តើមចេញពីវាលស្រែ។

* ផ្តើមចេញពីរឿងកសាងវត្តនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការគ្រប់គ្រង និងដឹកនាំគឺមានសារៈសំខាន់ណាស់។ ការដឹកនាំដែលត្រឹមត្រូវ នឹងធ្វើឱ្យជាតិ ឬស្ថាប័នមួយមានការរីកចម្រើន។

* សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីដំណើរនៃជាតិកម្ពុជា ក្រោយការ​រំដោះ​ចេញពីរបបអាណានិគមបារាំង ដោយសម្តេចព្រះបរមរតនកោដ្ឋ បាន​ធ្វើឱ្យជាតិមានការរីកចម្រើន តែក្រោយការធ្វើរដ្ឋប្រហារ ១៨ មីនា ១៩៧០ ក៏ធ្វើឱ្យជាតិប្រែជាខ្ទេចខ្ទាំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច រួមនិងឥស្សរជនរបស់កម្ពុជាជាច្រើនរូប បានរួមគ្នាកសាងប្រទេសពីស្ថានភាពដ៏លំបាកបំផុត ក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ រហូតមានការរីកចម្រើនដូចពេលបច្ចុប្បន្ន។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅខេត្តកណ្តាល និងនៅទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាកាលពីខែកក្កដា ឆ្នាំ២០២៣។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ជនរួមជាតិគ្រប់រូប ដែលបានគាំទ្រការសម្រេចចិត្តរបស់សម្តេចតេជោ ក្នុងការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី គឺជារឿងសំខាន់ ហើយមានមនុស្សយកចិត្តទុកដាក់ខ្លាំងណាស់ ដែលក្នុងនោះរួមមានទាំងប្រទេសជប៉ុនផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្លាស់ប្តូរមេដឹកនាំនេះ ត្រូវបានយកចិត្តទុកដាក់ ព្រោះមានការព្រួយបារម្ភពីស្ថានភាពរបស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល១៧ខែ នៃការដឹកនាំរបស់អ្នកបន្តវេន កំពុងធ្វើបានយ៉ាងល្អ ដោយរក្សាបានសុខសន្តិភាព ស្ថេរភាពសង្គម និងបន្តជំរុញការអភិវឌ្ឍឱ្យកាន់តែល្អប្រសើរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុំការយោគយល់ពីប្រជាពលរដ្ឋចំពោះតម្លៃស្រូវ។ សម្តេចតេជោ បានបញ្ជាក់ថា បញ្ហាតម្លៃនេះ ដោយសារការបញ្ចេញអង្កររបស់ប្រទេសជាអ្នកផ្គត់ផ្គង់អង្ករ ជាពិសេសប្រទេសឥណ្ឌា។

* ផ្តាំទៅអ្នកនិយាយថា តើពេលណា​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើរចេញផុតពីស្រមោលរបស់សម្តេចតេជោ? សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដឹកនាំរបស់រាជរដ្ឋាភិបាល មិនអាចដើរចេញពីបន្ទាត់នយោបាយរបស់បក្សនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកបន្តវេនមិនអាចដើរចេញពីស្រមោលនៃបន្ទាត់នយោបាយរបស់បក្សនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល៣៨ឆ្នាំ សម្តេចមានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការបង្រៀនដល់អ្នកសរសេរទាំងឡាយស្តីពីការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីសម្តេចជាឪពុក និងជាប្រធានគណបក្ស តែសម្តេចមិនលូកលាន់ការងាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច ហ៊ុន ម៉ាណែត ពេលឡើងធ្វើនាយករដ្ឋមន្ត្រីអត់មានផ្ទះនោះទេ។ ដូច្នេះសម្តេចបានសម្រេចធ្វើផ្ទះជូន ដែលនៅជាប់ផ្ទះរបស់សម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការមិនលូកលាន់កិច្ចការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទើបធ្វើឱ្យការដឹកនាំរបស់សម្តេចមានភាពរឹងមាំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នាយករដ្ឋមន្ត្រី ដែលដឹកនាំផ្ទុយពីគោលនយោបាយបក្ស ទោះបីជាកូន ក៏ត្រូវដកចេញពីតំណែងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា កាលពីឆ្នាំកន្លងទៅ មានក្រុមអ្នកសារព័ត៌មានទៅសាកលវិទ្យាប្រ៊ីស្តូលរបស់អង់គ្លេស ដើម្បីស្វែងរកនិក្ខេបបទបញ្ចប់ការសិក្សារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ពេលនោះហើយ ដែលសម្តេច បានស្នើសម្តេចមហាបវរធិបតី ឱ្យបញ្ចេញនិក្ខេបបទ ហើយក៏ធ្វើឱ្យបញ្ហាបើកកកាយរឿងសិក្សារបស់សម្តេចមហាបវរធិបតី ត្រូវបានបញ្ចប់។

* សម្តេចតេជោ ហ៊ុន សែន បានចំអកទៅទណ្ឌិតរស់នៅក្រៅសំណាញ់ច្បាប់ថា អ្នកល្ងង់កំពុងដឹកនាំប្រទេស រីឯអ្នកឆ្លាតរត់ចោលស្រុក។ អ្នកល្ងង់បានប្រើអ្នកឆ្លាតកែច្បាប់នៅរដ្ឋសភាពីប្រព័ន្ធ ២ភាគ៣ មក ៥០ បូក១។

* សម្តេចតេជោ ហ៊ុន សែន ស្នើសុំរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មកជួយរៀបចំការងារពេលសម្តេចអញ្ជើញចុះក្នុងវេទិកាសាធារណៈ។

* សម្តេចតេជោ ហ៊ុន សែន ជួយសាងសង់អគារសិក្សា១ខ្នង ៤ជាន់បន្ថែមទៀត នៅវត្តព្រះឥន្ទសាមគ្គីធម៌។

* សម្តេចតេជោ ហ៊ុន សែន ជួយឧបត្ថម្ភថវិកា ១០០លានរៀលក្នុងមួយខែ រយៈពេលមួយឆ្នាំ សម្រាប់ការចំណាយនៅវត្តព្រះឥន្ទសាមគ្គីធម៌។

* សំណើសុំក្របខណ្ឌគ្រូដែលកំពុងបង្រៀននៅសាលាក្នុងវត្តព្រះឥន្ទសាមគ្គីធម៌, សម្តេចតេជោ ហ៊ុន សែន មិនសម្រេចនោះឡើយ ដោយទុកលទ្ធភាពសម្រេចលើការពិនិត្យរបស់រាជរដ្ឋាភិបាល។

* សម្តេចតេជោ ហ៊ុន សែន ទម្លាយថា មានអ្នករៀបចំវាយប្រហារតាមដ្រូនចូលភូមិគ្រឹះរបស់សម្តេចនៅក្រុងតាខ្មៅ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាល់ថវិកាសម្រាប់ចំណាយលើការសាងសង់សំណង់នៅវត្តព្រះឥន្ទសាមគ្គីធម៌ មិនបានប្រើថវិកាជាតិនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ស្ត្រីម្នាក់នៅក្រៅប្រទេស ដែលប្រកាសកម្ចាត់ត្រកូល «ហ៊ុន»។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនយកអំបិល ទឹកត្រី ប៊ីចឹង ទៅចាក់លើសម្លផ្អូម ដែលគេចាក់ចោលហើយនោះ។ គ្មានការចាំបាច់រកថ្នាំពេទ្យ និងឧបករណ៍សង្គ្រោះសពដែលគេយកទៅកប់ហើយនោះ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសំណេះសំណាលនៅវេលាម៉ោង ៩៖២៣នាទីព្រឹកថ្ងៃទី១១​ ខែកុម្ភៈ ឆ្នាំ២០២៥, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕