(ហ្វីលីពីន)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ លោកបណ្ឌិត Raymond Patrick V. Guico ប្រធានក្រុមហ៊ុន World Citi Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូន សម្ដេចបវរធិបតីអំពីការស្វែងរកកិច្ចសហការជាមួយដៃគូនៅកម្ពុជា។ ជាក់ស្ដែង​ ការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន ជាមួយសាកលវិទ្យាល័យអាស៊ីអឺរ៉ុប​ ដែលការណ៍នេះបង្ហាញយ៉ាងច្បាស់ អំពីបំណង និងចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគ និងការពង្រីកអាជីវកម្មនៅក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិសេសក្នុងវិស័យសុខាភិបាល។

លោកប្រធានក្រុមហ៊ុនក៏បានបង្ហាញអំពីចក្ខុវិស័យ នៃការអភិវឌ្ឍន៍វិស័យអប់រំផ្នែកសុខាភិបាល​ នៅកម្រិតឧត្តមសិក្សាឱ្យមានភាពរីកចម្រើន និងឈានមុខគេនៅក្នុងតំបន់អាស៊ី នាពេលអនាគត។ ក្នុងន័យនេះ, ការចាប់ដៃគូជាមួយនឹងវិនិយោគិនកម្ពុជា​ គឺជាកិច្ចការស្នូល ដែលនាំឱ្យក្រុមហ៊ុនទទួលបានជោគជ័យ។

លោកប្រធានក្រុមហ៊ុនជឿជាក់ថា​ តាមរយ:ការគាំទ្ររបស់សម្ដេចបវរធិបតី​ និងភាពជាដៃគូល្អ ក្រុមហ៊ុននឹងទទួលបានជោគជ័យ ​នៅកម្ពុជា។
បន្ថែមលើនេះ បន្ទាប់ពីសម្រេចបាននូវដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្កា នាឱកាសនៃការចូលរួមវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន និងការចូលជួបសម្ដែងការគួរសមជាមួយសម្ដេចបវរធិបតី ពីសំណាក់ក្រុមប្រឹក្សាភិបាលនៃធុរជនស្ត្រីរបស់ហ្វីលីពីន នាខែមករា កន្លងទៅ​ នៅរាជធានីភ្នំពេញ, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាប ជូនសម្ដេចបវរធិបតីអំពីគម្រោងនៃការធ្វើទស្សនកិច្ច របស់ប្រតិភូក្រុមហ៊ុននៅកម្ពុជាសារជាថ្មី នាពេលខាងមុខដ៏ខ្លីនេះ។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការអបអរសាទរ ចំពោះការចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន World Citi Group និងសាកលវិទ្យាល័យអាស៊ីអឺរ៉ុបនៃប្រទេសកម្ពុជា នៅក្នុងព្រឹត្តិការណ៍នៃការបើកវេទិកាធុរកិច្ចហ្វីលីពីន-កម្ពុជា។

សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ ចំពោះចំណាប់អារម្មណ៍វិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ពិសេសក្នុងវិស័យអប់រំផ្នែកសុខាភិបាល និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនានា។

សម្ដេចបវរធិបតីបានគូសបញ្ជាក់ អំពីអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យសុខាភិបាល ស្របពេលដែលកម្ពុជានឹងមានតម្រូវការខ្ពស់ចំពោះអ្នកជំនាញការផ្នែកសុខាភិបាល ជាពិសេសគិលានុបដ្ឋាយិកា សម្រាប់បម្រើ និងផ្ដល់សេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ រួមទាំងជនចាស់ជរា។

ដោយសារវិស័យសុខាភិបាលស្ថិតនៅក្នុងមុខវិជ្ជាវិទ្យាសាស្ត្រពិត, សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ អំពីសារៈសំខាន់នៃកំណត់គុណភាព​ និងស្តង់ដារអប់រំក្នុងវិស័យនេះ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តទំនាក់ទំនង និងសហការជាមួយនឹងដៃគូក្នុងស្រុក ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល ដែលមានសមត្ថកិច្ចក្នុងការកំណត់គុណភាព និងស្ដង់ដារច្បាស់លាស់ ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាលនេះ៕