(ហ្វីលីពីន)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ ក្រុមអតីតនិស្សិតពីសាលាបណ្ឌិត្យសភាយោធា West Point នៃប្រទេសហ្វីលីពីន ដែលដឹកនាំដោយលោក Cris Acosta អតីតនិស្សិតក្នុងឆ្នាំសិក្សា១៩៨២ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប លោក Cris Acosta តំណាងក្រុមអតីតនិស្សិតនៃសាលាបណ្ឌិត្យសភាយោធា West Point បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចបវរធិបតីដែលបានអនុញ្ញាតឱ្យរូបលោក និងក្រុមអតីតនិស្សិតសាលា West Point បានចូលជួបសម្ដែងការគួរសម និងបានគោរពជូនពរឱ្យដំណើរទស្សនកិច្ច របស់សម្ដេចបវរធិបតីនាពេលនេះ ទទួលបានជោគជ័យ។

ជាមួយគ្នានោះ លោក Cris Acosta ក៏ដូចជាក្រុមនិស្សិតសាលា West Point ក៏បានរំឭកឡើងវិញអំពីបទពិសោធន៍​ និងអនុស្សាវរីយ៍ជាច្រើន ជូនសម្ដេចបវរធិបតីក្នុងអំឡុងពេលសិក្សានៅសាលា West Point ។ លោក Cris Acosta ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរថា លោក និងក្រុមអតីតនិស្សិត West Point ផ្សេងទៀតនឹងរៀបចំដំណើរទស្សនកិច្ចមួយទៅកាន់កម្ពុជា នាពេលខាងមុខនេះ។

ជាការឆ្លើយតបសម្ដេចបវរធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបលោក Cris Acosta និងក្រុមអតីតនិស្សិតសាលា​ West Point។ សម្ដេចបវរធិបតីក៏បានចែករំលែក និងលើកឡើងពីបទពិសោធ​នៃការសិក្សា ក៏ដូចជាអនុស្សាវរីយ៍នានាជាច្រើន របស់សម្ដេចបវរធិបតី នៅក្នុងអំឡុងពេលនៃការសិក្សានៅសាលា West Point ។

សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះបំណងរបស់ក្រុម​អតីតនិស្សិតហ្វីលីពីន ពីសាលា​ West Point ក្នុងការរៀបចំដំណើរទស្សនកិច្ចនៅកម្ពុជា​ ហើយសម្ដេចបវរធិបតីបានលើកទឹកចិត្តដល់លោក Cris Acosta និងក្រុមអតីតនិស្សិត​ បង្កើតទំនាក់ទំនងឱ្យជិតស្និទ្នជាមួយក្រុមអតីតនិស្សិតសាលា West Point របស់កម្ពុជា ក៏ដូចជា ក្រុមអតីតនិស្សិតនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត៕