(ក្រចេះ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្តល់ជូននូវអនុសាសន៍គន្លឹះចំនួន ៣ជំហាន រួមមានការពារ ការពង្រីក និងការអភិវឌ្ឍដល់ប្រធានមន្ទីរបរិស្ថានថ្មី នៅខេត្តក្រចេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះថ្មី រសៀលថ្ងៃទី ១០កុម្ភៈ ឆ្នាំ២០២៥ នាសាលមហោស្រពខេត្តក្រចេះ។
លោករដ្ឋមន្ត្រី បានឱ្យដឹងថា លោកជាអ្នកខេត្តក្រចេះ និងមានមោទនភាពណាស់ ខណៈឃើញខេត្តក្រចេះ មានភាពស្អាត នៅតាមដងផ្លូវគ្មានសំរាម សំណល់ប្លាស្ទិករាយប៉ាយ។ ខេត្តក្រចេះមានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅលើឆាកអន្តរជាតិ ពីព្រោះថាខេត្តក្រចេះ មានសត្វផ្សោតទន្លេមេគង្គ និងមានរម្មណីយដ្ឋានទេសចរណ៍បែបធម្មជាតិ ផ្សារភ្ជាប់ប្រវត្តិសាស្រ្តជាច្រើនកន្លែងថែមទៀត។
បន្ថែមពីនេះទៀត លោកបណ្ឌិត អ៊ាង សុផល្លែត បានបង្ហាញការជឿជាក់ថា លោកប្រធានមន្ទីរបរិស្ថាន នឹងបន្តកិច្ចខិតខំប្រឹងប្រែង កាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការបំពេញតួនាទីភារកិច្ច ដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ សម្រាប់ខេត្តក្រចេះ។
ស្របជាមួយបេសកម្មបន្តវែងឆ្ងាយទៅមុខទៀត, លោកបណ្ឌិត អ៊ាង សុផល្លែត បានណែនាំឱ្យថ្នាក់ដឹកនាំនិងមន្រ្តីទាំងអស់នៃមន្ទីរបរិស្ថានខេត្តក្រចេះ បន្តពួតដៃគ្នា បន្តដំណើរលើផ្លូវតែមួយ ដើម្បីសម្រេចជោគជ័យថ្មីៗបន្ថែមទៀត ជូនប្រជាជន និងមាតុភូមិយើងទាំងអស់គ្នា ព្រមទាំងពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងគោលការណ៍ណែនាំផ្សេងៗ របស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ត ដើម្បីបង្កើនប្រសិទ្ធភាពលើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ កិច្ចគាំពារបរិស្ថាន ការអប់រំផ្សព្វផ្សាយចំណេះដឹង និងព័ត៌មានបរិស្ថាន និងការលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន។
លើសពីនេះទៀត លោកបណ្ឌិត អ៊ាង សុផល្លែត បានណែនាំឱ្យមន្រ្តីបរិស្ថាន ត្រូវមានសាមគ្គីភាព និងឯកភាពផ្ទៃក្នុងល្អ ពោលគឺសំដៅលុបបំបាត់ភាពអសកម្មទាំងឡាយ និងបង្កើនស្មារតីគោរព ក្រមសីលធម៌ វិជ្ជាជីវៈមន្ត្រីរាជការ។
សូមបញ្ជាក់ថា លោក គា ប៊ូ ត្រូវបានតែងតាំងជាប្រធានមន្ទីរបរិស្ថានខេត្តក្រចេះថ្មី ជំនួសលោក ឆាយ ដួងសាវុធ ដែលទទួលភារកិច្ចថ្មី៕