(ភ្នំពេញ)៖ លោកបណ្ឌិត ស្តើង សុខុម រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានគណៈកម្មាធិការ ដើម្បីដោះស្រាយផលប៉ះពាល់សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ និងលោក គួច ចំរើន អភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំវេទិកាពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងព្រែកជីកហ្វូណនតេជោ កំណាត់ទី១ ដែលស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកណ្ដាល។
ពិធីនេះក៏មានការចូលរួមពីសំណាក់លោក ម៉ក់ ស៊ីដេត អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងមានមន្រ្តីបច្ចេកទេសនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងតំណាងបច្ចេកទេសមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម លោកអភិបាលនៃគណៈអភិបាលស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។
ក្នុងវេទិកាពិភាក្សានេះ អាជ្ញាធរពាក់ព័ន្ធបានយល់កាន់តែច្បាស់ពីផលប្រយោជន៍ជាសាធារណៈ នៃគម្រោងព្រែកជីកហ្វូណនតេជោ និងត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយនឹងក្រុមការងារអនុវត្តគម្រោង អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ នឹងចុះផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីពន្យល់លម្អិត និងពិនិត្យរួមគ្នាលើផលប៉ះពាល់ រីឯការដោះស្រាយផលប៉ះពាល់នឹងត្រូវចាប់ផ្តើមពីសប្តាហ៍ទី២ នៃខែកុម្ភៈ ឆ្នាំ២០២៥នេះតទៅ៕