Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ សហគមន៍អឺរ៉ុបនឹងផ្តល់ការអនុគ្រោះពន្ធដល់កម្ពុជា ៣ឆ្នាំបន្ថែមទៀត ពេលចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០៣០ (Video inside)

10-02-2025 22:07

(ភ្នំពេញ)៖ លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឲ្យដឹងថា សហគមន៍អឺរ៉ុបនឹងផ្តល់ការអនុគ្រោះពន្ធ ដល់កម្ពុជាចំនួន៣ឆ្នាំបន្ថែមទៀត ពេលកម្ពុជា​ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០៣០ ហើយការចាកចេញនេះ មិនមែនអាក្រក់ទាំងស្រុងនោះទេ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៥ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

បណ្ឌិត ផាន់ ផល្លា បានបញ្ជាក់ថា «ពាក់ព័ន្ធជាមួយនឹងការចាកចេញពី LDC ជារួមសម្រាប់រដ្ឋាភិបាលបានចាត់ទុកការងារនេះ ជាការងារមួយសំខាន់ ពីព្រោះថា នៅឆ្នាំ២០២៥នេះកម្ពុជាទទួលការអនុញ្ញាតពីខាង UN ថា ជាការពិតយើងត្រូវចាកចេញ នៅឆ្នាំ២០២៧ យើងបានបន្ដ២ឆ្នាំទៀត ដល់ឆ្នាំ២០២៩ អីចឹងបានន័យថា នៅឆ្នាំ២០៣០ យើងត្រូវក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍»។

លោកបានបន្ថែមទៀតថា «ប្រទេសកំពុងអភិវឌ្ឍន៍ បានន័យថា យើងត្រូវចេញនៅក្នុងឆ្នាំ២០៣០ ប៉ុន្តែខ្ញុំក៏សូមជម្រាបដែរថា គោលការណ៍នៃការផ្តល់សម្បទាន ជាពិសេសពាក់ព័ន្ធវិស័យពាណិជ្ជកម្ម គឺខុសគ្នា សម្រាប់សហគមន៍អឺរ៉ុប មិនបានផ្ដាច់នូវសម្បទានភ្លាមទេៗ សហគមន៍អឺរ៉ុបឲ្យ ៣ឆ្នាំបន្តទៀត សម្រាប់ការនាំចេញទៅសហគមន៍អឺរ៉ុប»។

ទន្ទឹមគ្នានេះ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ បានគូសបញ្ជាក់ថា ការចាកចេញពី LDC មិនមែនដើរទៅជួបតែឧបសគ្គនោះទេ ក៏មានឱកាសសម្រាប់កម្ពុជាផងដែរ៕