(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកទឹកចិត្តដល់រដ្ឋបាលឃុំទាំងអស់ក្នុងស្រុក ត្រូវងាកមកធ្វើផ្លូវបេតុងជំនួសផ្លូវក្រាលក្រួសក្រហម

លោកអភិបាលស្រុកលើកទឹកចិត្តដូច្នេះក្នុងពេលអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពសាងសង់ផ្លូវក្រាលក្រួសក្រហម នៅក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកបានសង្កត់ធ្ងន់ថា រដ្ឋបាលឃុំទាំងអស់ត្រូវតែមានភាពប្រាកដប្រជាក្នុងការប្រើប្រាស់ថវិកាមូលនិធិឃុំរបស់ខ្លួនឱ្យបានសមស្រប និងចំគោលដៅអាទិភាពនៃតម្រូវការ របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន ជាពិសេសសមស្របតាមគោលនយោបាយរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោកបានបញ្ជាក់បន្ថែមថា ការធ្វើផ្លូវដែលប្រកបដោយបទដ្ឋានបច្ចេកទេស កិច្ចសន្យានិងមានការចូលរួមថែទាំបានត្រឹមត្រូវពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការធ្វើដំណើរបានងាយស្រួល ជាពិសេសក៏ធ្វើឱ្យផ្លូវមានគុណភាពនិងប្រើប្រាស់បានយូរផងដែរ ដែលជាផ្នែកមួយនៃការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិបានចំគោលដៅ ហើយរដ្ឋបាលឃុំត្រូវនាំគ្នាដាំដើមឈើប្រណីតអមសងខាងផ្លូវឱ្យបានជាផ្នែកមួយនៃសោភណភាព និងចូលរួមថែរក្សាលើកកម្ពស់បរិស្ថានថែមទៀត។

លោកបានណែនាំដល់អាជ្ញាធរឃុំត្រូវផ្សព្វផ្សាយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ឬផេកផ្លូវការរបស់រដ្ឋបាលឃុំរបស់ខ្លួនឲ្យបានទូលំទូលាយ ជាពិសេសសមិទ្ធផលនានានៅក្នុងឃុំដែលជាសមិទ្ធផលដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលក្រោមម្លប់សន្តិភាព។

លោក សាយ គឹមឡម បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ ត្រូវចូលរួមថែរក្សាការពារដីចំណីផ្លូវ កុំរំលោភបំពាន ដែលនាំឲ្យខូចសោភណភាពផ្លូវឬធ្វើឱ្យឆាប់ខូចខាត និងកកស្ទះប្រពន្ធបង្ហូរទឹកដែលធ្វើឲ្យមានកាតដក់ទឹកលើផ្លូវ ឬចិញ្ជើមផ្លូវដែលអាចនាំឱ្យមានកាតជន់លិចភូមិឋានដោយអន្លើៗផងដែរ។

សូមបញ្ជាក់ថា ផ្លូវក្រាលក្រួសក្រហមដែលកំពុងដំណើរការសាងសង់នេះមានប្រវែង៩,៨០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ដែលលាតន្ធឹងលើភូមិចំនួនប្រាំ ហើយប្រើប្រាស់ថវិកាអស់ ៣៦៣,៨០០,៦០០រៀលគត់ ជាថវិកាមូលនិធិឃុំឆ្នាំ២០២៤៕