Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តឧត្តរមានជ័យ ណែនាំមន្ទីរព័ត៌មានត្រូវសហការសម្របសម្រួលជាមួយអ្នកសារព័ត៌មានទាំងអស់ឱ្យបានល្អ ពិសេសត្រូវពង្រឹងលើការងារការផ្សព្វផ្សាយព័ត៌មាន

10-02-2025 21:43

(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងណែនាំដល់មន្ទីរព័ត៌មានខេត្ត ត្រូវគ្រប់គ្រងសម្របសម្រួល សហការជាមួយអ្នកសារព័ត៍មានទាំងក្នុងស្រុក និងក្រៅស្រុក ដែលចុះមកប្រតិបត្តិការ បំពេញការងារយកព័ត៌មាននៅក្នុងខេត្្តរបស់យើង ឱ្យបានល្អ ពិសេសត្រូវពង្រឹងលើការងារផ្សព្វផ្សាយព័ត៍មាន។

ការថ្លែងបែបនេះ របស់លោកអភិបាលខេត្តឧត្តរមានជ័យ ក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរព័ត៍មានខេត្ត និងអ្នកសារព័ត៍មានប្រចាំខេត្តឧត្តរមានជ័យ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

លោក មាន ចាន់យ៉ាដា បានថ្លែងថា៖ វិស័យព័ត៌មានពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសហគមន៍ អភិវឌ្ឍន៍ខេត្ត ក៏ដូចជាសង្គមជាតិទាំងមូល ហើយព័ត៌មានគឺជាឆ្មាំដ៏ល្អ ដ៏ស្មោះត្រង់ជាមួយនឹងសង្គម បង្ហាញពីគ្រប់ជ្រុងជ្រោយ និងផ្សាយនូវអ្វីដែលជាពុទ្ធិជាចំណេះដឹង ហើយយកអ្វីដែលជាភាពខ្វះចន្លោះរបស់សង្គម ដើម្បីដាស់តឿន និងធ្វើការកែតម្រូវ។

លោកអភិបាលខេត្តឧត្តរមានជ័យ បានថ្លែងបន្តថា៖បច្ចុប្បន្ននេះវិស័យព័ត៌មាន កាន់តែវិវឌ្ឍន៍ទៅមុខជាលំដាប់ ទាំងប្រព័ន្ធឌីជីថល បណ្ដាញសង្គម ហើយឈានទៅដល់បញ្ញាសុប្បនិម្មិត AI ផងដែរ ដែលត្រូវរត់ឲ្យទាន់សភាពការណ៍សកល ដែលតែងតែមានការវិវឌ្ឍន៍ឥតឈប់ឈរ។លោកក៏បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ ទាំងអស់នៃមន្ទីរព័ត៌មានខេត្ត ដែលបានខិតខំធ្វើកិច្ចការនេះដោយទទួលបាននូវលទ្ធផលដ៏ល្អប្រសើរ ដែលក្នុងនោះការផ្សព្វផ្សាយព័ត៌មានដែលបានកើតឡើង ការធ្វើប្រតិកម្មរហ័ស ការបន្សាបនូវព័ត៌មានលាបពណ៌ និងឆ្លើយតបទៅនឹងបញ្ហាដែលកើតមានឡើងមិនប្រក្រតី ជាពិសេសការផ្សព្វផ្សាយពីសមិទ្ធផលរីកចម្រើនរបស់ខេត្តជាដើម។

លោក មាន ចាន់យ៉ាដា បានណែនាំទៅដល់មន្ទីរព័ត៌មានខេត្ត ត្រូវខិតខំបន្ថែមទៀតទៅលើអ្វីដែលបានខិតខំរួចមកហើយ ក្នុងការងារផ្សព្វផ្សាយនូវសមិទ្ធផលដែលខេត្ត ក្រុង-ស្រុក សហគមន៍ និងមន្ទីរ-អង្គភាព សម្រេចបាន និងត្រូវខិតខំកែលម្អនូវចំណុចខ្វះខាត ពង្រឹងការផ្សព្វផ្សាយព័ត៍មាន និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដោយដើរឲ្យទាន់សង្គម ឲ្យទាន់ប្រព័ន្ធឌីជីថល ព័ត៌មានដែលផ្សព្វផ្សាយ ត្រូវជាព័ត៌មានទាន់ហេតុការណ៍ លឿន ពិតប្រាកដដែលធ្វើឲ្យមហាជនជឿទុកចិត្តបាន។

ជាមួយគ្នានេះត្រូវសហការជាមួយអ្នកសារព័ត៍មានទាំងក្នុងខេត្ត និងបងប្អូនអ្នកសារព័ត៍មានដែលមកក្រៅខេត្តឱ្យបានល្អ ពិសេសក្តាប់ព័ត៍មានដែលកើតមានក្នុងខេត្តឱ្យបាន ត្រូវធ្វើជាសេនាធិការរបស់រដ្ឋបាលខេត្ត រាល់ការផ្សព្វផ្សាយព័ត៍មាន លោកអភិបាលខេត្តក៏បានណែនាំដល់បងប្អូនអ្នកសារព័ត៍មានយើងទាំងអស់ ត្រូវសិក្សាឆ្វេងយល់ឱ្យបានគ្រប់ជ្រុងជ្រោយ គ្រប់ភាគីពាក់ព័ន្ធទាំងអស់មុននឹងចេញផ្សាយ ចៀសវាងផ្សាយហើយមានការកែតម្រូវជាក្រោយ៕