(ហ្សាការតា)៖ នៅព្រឹកថ្ងៃចន្ទ ទី ១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយ លោក Vissoth Nam នាយកប្រតិបត្តិក្រុមហ៊ុន Air Asia Cambodia។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានស្វែងរកកាលានុវត្តភាព ដើម្បីជំរុញអាកាសចរណ៍ក្នុងតំបន់ និងពង្រឹងការតភ្ជាប់នៅទូទាំងតំបន់អាស៊ាន។ លោកអគ្គលេខាធិការអាស៊ាន ក៏បានកោតសរសើរក្រុមហ៊ុន Air Asia Cambodia សម្រាប់កិច្ចខិតខំប្រឹងប្រែងធើ្វឱ្យការធ្វើដំណើរតាមអាកាស កាន់តែទូលំទូលាយ និង តម្លៃអាចទទួលយកបានសម្រាប់គ្រប់គ្នា។
លោកក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការបង្កើតវិស័យអាកាសចរណ៍ដែលមានការបញ្ចូលគ្នា មានការប្រកួតប្រជែង និងអំណោយផលផ្នែកបរិស្ថាន ដែលជួយដល់ទេសចរណ៍ថ្នាក់តំបន់ និងកំណើនសង្គម-សេដ្ឋកិច្ច។
នៅរសៀលថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញជួបជាមួយមន្ត្រីបុគ្គលិករបស់លេខាធិការដ្ឋានអាស៊ាន។ ជំនួបប្រចាំឆ្នាំនេះ ផ្តល់ឱ្យលោកអគ្កលេខាធិការអាស៊ាន បានប្រាស្រ័យទាក់ទងជាមួយមន្ត្រីបុគ្គលិកពាក់ព័ន្ធនឹងសុខុមាលភាពរបស់មន្ត្រី ព្រមទាំង តម្រង់ទិសការងារអាទិភាពរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងឆ្នាំ២០២៥ ផងដែរ។
នៅរសៀលថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយ លោក Bakhtiyor Saidov រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋអ៊ូសបេគីស្ថាន ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សា និងរិះរកកិច្ចសហរប្រតិបត្តិការដែលអាចធ្វើទៅបានរវាង អាស៊ាន និងអ៊ូសបេគីស្ថាន នៅក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក៕