(សៀមរាប)៖ នៅរសៀលថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១៤៖០០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្ដមសេនីយ៍ទោ ហួត សុធី ប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តសៀមរាប បានទទួលស្វាគមន៍ និងជួបសំដែងការគួរសម ជាមួយគណៈប្រតិភូអង្គការអតីតយុទ្ធជនសង្រ្គាមថៃ ដឹកនាំដោយ នាយឧត្តមសេនីយ៍ DETNITIT LUANGNGAMKUM ជាប្រធាន និងលោកជំទាវ ARNUSARA ROJANAPRADITH ព្រមទាំងប្រតិភូអមដំណើរ៦រូបទៀតដែលបានអញ្ជើញមកទស្សនកិច្ចផ្លូវការ និងផ្លាស់ប្តូរបទពិសោធន៍ការងារ នៅខេត្តសៀមរាប។ នៅក្នុងជំនួប និងសំដែងការគួរសមនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបនេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តសៀមរាប បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូ និងបានរាយការណ៍អំពីការងារស្នូល និងវឌ្ឈនភាពរការងារបស់សមាគមអតីតយុទ្ធជនខេត្តសៀមរាបផងដែរ។
ជាការឆ្លើយតប លោកប្រធានគណៈប្រតិភូថៃ បានលើកឡើងអំពីការងាររបស់អង្គការអតីតយុទ្ធជនថៃ និងទទួលយកនូវបទពិសោធន៍ការងារ ក្នុងដំណើរទស្សនកិច្ចរវាងភាគីទាំងសងខាងនាពេលខាងមុខ។ ជាចុងក្រោយ លោកប្រធានស.អ.ក ខេត្តសៀមរាប បានជូនពរ ចំពោះគណៈប្រតិភូអង្គការអតីតយុទ្ធជនថៃ ក្នុងដំណើរទស្សនកិច្ចនេះ ប្រកបដោយសេចក្តីសោមនស្សរីករាយ និងជោគជ័យ ៕