(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយអាជ្ញាធរ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធប្រចាំរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ ដែលការជួបសំណេះសំណាលនេះ ចំនឹងថ្ងៃប្រារព្ធខួបលើកទី២៥ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសតែម្តង។
នៅពេលចាប់ផ្តើមកិច្ចសំណេះសំណាលសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គណបក្សប្រឆាំងធ្វើខួបនៃកិច្ចព្រៀងទីក្រុងប៉ារីស ទាំងមិនដឹងថាកិច្ចព្រមព្រៀងនោះបែរមុខទៅខាងណាផង!
នៅពេលដែលគេនឹកឃើញដល់ កិច្ចព្រមព្រៀងទីក្រុងប៉ារីស គេមិនដែលភ្លេចវីរបុរស២រូប គឺព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ និងសម្ដេចតេជោ ហ៊ុន សែន នោះទេ។ វីរបុរស២រូបនេះ គឺជាអ្នកនាំមកនូវកិច្ចព្រមព្រៀងក្រុងប៉ារីស និងសមិទ្ធផលនានាដល់សព្វថ្ងៃ។
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦នេះ នៅលើ Facebook សម្តេចតេជោ ហ៊ុន សែន ដោយសម្តេចបានបង្ហាញរូបថតជាច្រើនសន្លឹក ដែលជាអនុស្សាវរីយ៍ នៃការចរចារវាងសម្តេច និងសម្តេចព្រះ នរោត្តម សីហនុ មុននឹងឈានដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា រូបសម្តេចផ្ទាល់ និងអតីតព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ គឺជាតួរអង្គយ៉ាងសំខាន់ ក្នុងការនាំមកនូវកិច្ច ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលជាការបញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរ។ សម្តេចបានបញ្ជាក់ថា មុននឹងមានកិច្ចព្រមព្រៀងនេះ សម្តេចបានជួបចរចាជាមួយអតីតព្រះមហាក្សត្រ សម្តេចឪចំនួន២លើករួចទៅហើយ គឺនៅឆ្នាំ១៩៨៧ ម្តងនិងឆ្នាំ១៩៨៨ ម្តងទៀត។
ទោះជាយ៉ាងណា កិច្ចព្រមព្រៀងនេះត្បិតតែបញ្ចប់សង្រ្គាមផ្ទៃក្នុងក៏ដោយចុះ ក៏ប៉ុន្តែកម្ពុជាមិនទាន់មានឯកភាពជាតិទាំងស្រុងនៅឡើយទេ ដោយគ្រាន់តែប្តូរពី កម្ពុជាមួយ មានតំបន់ត្រួតត្រា៤ មកជាកម្ពុជាមួយមានតំបន់ត្រួតត្រា២ នោះគឺត្រួតត្រាដោយខ្មែរក្រហម នៅភាគពាយ័ព្យ និងដោយគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បន្ទាប់ពីដាក់ចេញនូវគោលនយោបាយឈ្នះៗរបស់សម្តេច កាលពីឆ្នាំ១៩៩៦ ទើបក្រុមទាំងពីរនេះ ធ្វើសមាហរណកម្មដែលនាំឱ្យមានការឯកភាពជាតិពេញ ហើយមានសន្តិភាពរហូតដល់សព្វថ្ងៃ។
ចំពោះថ្ងៃខួប២៥ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ ជនរួមជាតិទាំងអស់ចូលរួមថែរក្សាសន្តិភាព ដើម្បីប្រទេសជាតិកម្ពុជា មានឱកាសអភិវឌ្ឍកាន់តែ រីកចម្រើនជឿនលឿនទៅមុខទៀត និង សម្តេចបានជូនពរជនរួមជាតិឱ្យជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នាផងដែរ៕