Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ រដ្ឋនឹងគិតគូរដំឡើងអាករពិសេស ចំពោះទំនិញមួយចំនួន ដែលជះឥទ្ធិពលដល់សុខភាព (Video inside)

10-02-2025 20:46

(ភ្នំពេញ)​៖ លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលនឹងគិតគូរដំឡើងអាករពិសេស ចំពោះទំនិញដែលប៉ះពាល់ដល់សុខភាពមួយចំនួនដូចជា ស្រា បារី ឬភេសជ្ជៈដែលមានជាតិផ្អែមខ្លាំង ជាដើម។

ការលើកឡើងរបស់លោកបណ្ឌិត ផាន់ ផល្លា ធ្វើឡើងក្នុងវេទិកាស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២៥ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥។

លោកបណ្ឌិត ផាន់ ផល្លា បានថ្លែងឲ្យដឹងថា «ចំពោះការប្រមូលចំណូលលើទំនិញដែលប៉ះពាល់ដល់សុខភាព គឺយើងឯកភាពគ្នា ក្នុងការដំឡើងអាករពិសេស ចំពោះទំនិញដែលប៉ះពាល់សុខភាព មានដូចជា បារី ស្រា និងភេសជ្ជៈមានជាតិផ្អែមខ្លាំងនេះ។ ពិតមែនហើយយើងបានគិតគូរអំពីការដំឡើងអាករពិសេសនេះ ជាគោលដៅយើងត្រូវតែដំឡើង»»។

លោកបណ្ឌិតបានបន្ដថា រាជរដ្ឋាភិបាលធ្លាប់ប្រកាសថា មិនមានការដំឡើងពន្ធឡើយ ដូច្នេះសូមបញ្ជាក់ឲ្យច្បាស់ៗថា នេះមិនជាការដំឡើងពន្ធនោះទេ តែជាការដំឡើងអាករពិសេស។

លោកបណ្ឌិតបញ្ជាក់ថា «យើងត្រៀមនឹងដំឡើងអាករពិសេស ប៉ុន្ដែខ្ញុំសូមបញ្ជាក់ថា ការតម្លើងនេះ ពិតណាស់ក្នុងធុរកិច្ចទាំងមូល ពិសេសខាងវិស័យឯកជននឹងមិនសប្បាយចិត្ត ចំពោះការដំឡើងអាករពិសេសនេះ។ ឆាប់ៗនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងរៀបចំវេទិកាសាធារណៈមួយ ដើម្បីពន្យល់ដល់តួអង្គទាំងអស់ ពាក់ព័ន្ធនឹងទំនិញដែលត្រូវបានដំឡើងអាករពិសេសនេះ»៕