(មណ្ឌលគិរី)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានថ្លែងថា ខេត្តមណ្ឌលគិរីសម្បូរដោយសម្បត្តិធម្មជាតិ ជាពិសេសរមណីយដ្ឋានធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្រ្តជាច្រើន ដែលប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលទើបទទួលភារកិច្ចថ្មី ត្រូវបង្កើនកិច្ចសហប្រតិបត្តិការឲ្យបានល្អបំផុតជាមួយភាគីពាក់ព័ន្ធ ជាពិសេសជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការសម្រេចឲ្យបាននូវភាពល្អស្អាត ធ្វើឱ្យទីសាធារណៈគ្មានសំរាម សំណល់ប្លាស្ទិក បង្កើនឲ្យមានទម្លាប់ល្អជាមួយសិស្សានុសិស្ស និងជំរុញឱ្យប្រជាពលរដ្ឋ មានយកចូលរួមចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។
លោករដ្ឋមន្រ្តី បានបន្តថា ភាពស្អាតនៅក្នុងខេត្តមណ្ឌលគីរី នឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តច្រើនឡើងថែមទៀតនៅក្នុងពេលខាងមុខ។
ជាមួយគ្នានេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា ប្រធានមន្ទីរបរិស្ថានថ្មី ត្រូវបន្តយកចិត្តទុកដាក់អនុវត្តច្បាប់ ដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសកាប់ រុករាន ដីព្រៃធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងទឹកដីខេត្តមណ្ឌលគិរី ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ សម្រាប់ការអភិវឌ្ឍដោយចីរភាព។
លោករដ្ឋមន្រ្តីក្រសួអបរិស្ថាន បានមានប្រសាសន៍ផងដែរថា ក្រសួងបរិស្ថាន នឹងអាចផ្តល់ជូនដ្រូនបន្ថែមទៀត ដល់មន្ទីរបរិស្ថានខេត្ត ដើម្បីជួយសម្រួលការងារល្បាតព្រៃរបស់មន្ត្រីឧទ្យានុរក្ស ដែលមានកម្លាំងតិច បើធៀបជាមួយទំហំផ្ទៃដីព្រៃដ៏ធំធេងផងដែរ។
ក្នុងឱកាសនោះ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានសម្តែងនូវអំណរសាទរចំពោះ លោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីថ្មី និងបានលើកទឹកចិត្តឱ្យបន្តពង្រឹងប្រពៃណីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឱ្យកាន់តែល្អប្រសើរ និងទូលំទូលាយថែមទៀត ទាំងរវាងថ្នាក់លើ និងថ្នាក់ក្រោម ក៏ដូចជាមួយនឹងបណ្តាមន្ទីរ-អង្គភាព ក្រុង-ស្រុកនានាផងដែរ ដើម្បីធានាគុណភាព និងប្រសិទ្ធភាពការងារ ការពារនិងអភិរក្សធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា។
សូមបញ្ជាក់ថា លោក ហាស់ វិបុល ត្រូវបានតែងតាំងជាប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីថ្មី ជំនួសលោក ឈៅ ប៊ុនធឿន ដែលទទួលភារកិច្ចថ្មី។
លោក ហាស់ វិបុល បានប្តេជ្ញាចិត្តគោរព និងខិតខំអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ លិខិតបទដ្ឋានគតិយុត្តិ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយអាជ្ញាធរគ្រប់ថ្នាក់ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ ក្នុងរង្វង់មន្រ្តីនៃមន្ទីរទាំងអស់៕