(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា អ្នករិះគន់រឿងបំណុលរបស់កម្ពុជាច្រើនរហូតដល់វ័ណ្ឌ.ក ជារឿងដែលមិនសមហេតុផល ព្រោះកម្ពុជាខ្ចីបំណុល គឺដើម្បីឱ្យសេដ្ឋកិច្ចរីកធំធាត់ ខណៈស្ថានភាពបំណុល សាធារណៈនៅកម្ពុជា នៅតែអាចគ្រប់គ្រងបាន និងមានហានិភ័យទាប។

លោក ចាន់ សុធី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងបែបនេះធ្វើឡើងនៅក្នុងវេទិកាស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២៥ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

លោកបានគូសបញ្ជាក់ថា គិតត្រឹមបំណាច់ឆ្នាំ២០២៤ កម្ពុជាមានបំណុលសាធារណៈ សរុបចំនួនជាង១២ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ២៥.៨ % នៃ ផ.ស.ស. ក្នុងនោះបំណុលសាធារណៈក្នុងប្រទេសមានចំនួន១១៥ លានដុល្លារអាមេរិក និងបំណុលក្រៅប្រទេសមានចំនួនជាង១២ពាន់លានដុល្លារអាមេរិក។

លោកលើកឡើងថា គោលដៅដែលកម្ពុជាខ្ចីបំណុលគេ គឺដើម្បីកសាងសេដ្ឋកិច្ចឱ្យកាន់តែរីកធំធាត់ និងដើម្បីជំរុញឱ្យវិស័យអទិភាពមួយចំនួនដូចជា វិស័យសុខាភិបាល និងអប់រំឱ្យកាន់តែរីកចម្រើន ដែលជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ។ ដូច្នេះហើយ អ្នកដែលតែងតែរិះគន់រដ្ឋាភិបាលរឿងជំពាក់បំណុលបរទេស ជារឿងដែលមិនសមហេតុផល ព្រោះបើទោះបីជាបំណុលរបស់កម្ពុជាកើនឡើងក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចកម្ពុជាក៏កើនឡើងជាបន្តបន្ទាប់ផងដែរ ។

លោកបានលើកឡើងថា ប្រទេសណាក៏ជំពាក់បំណុលដែរ គ្រាន់តែជាបំណុលក្រៅប្រទេស និងបំណុលក្នុងប្រទេសប៉ុណ្ណោះ ដោយប្រទេសខ្លះជ្រើសយកជម្រើសខ្ចីក្នុងប្រទេស និងប្រទេសខ្លះជ្រើសរើសកម្ចីក្រៅប្រទេស។ ប៉ុន្តែយ៉ាងណាមិញ ការដែលកម្ពុជាខ្ចីបំណុលក្រៅប្រទេសច្រើន ដោយកម្ពុជាមានលទ្ធភាពទទួលបានបំណុលដែលមានកម្រិតសម្បទានខ្ពស់។

ជាមួយគ្នានេះ ការលើកឡើងថា ចិនកាត់បន្ថយផ្តល់បំណុល មកលើរាជរដ្ឋាភិបាលកម្ពុជា ដោយបានជំពាក់ចិនវ័ណ្ឌកនោះ គឺតាមពិតទៅរដ្ឋាភិបាលចិននៅតែបន្តផ្តល់កម្ចីដល់កម្ពុជាដដែល ប៉ុន្តែគ្រាន់តែថា ចិនបន្ថយកម្ចីជាងមុន ព្រោះតែចិនត្រូវការធនធានដើម្បីអភិវឌ្ឍន៍ប្រទេសរបស់ខ្លួនផងដែរ។

សូមបញ្ជាក់ថា ការគ្រប់គ្រងបំណុលសាធារណៈរបស់កម្ពុជានៅតែគ្មានហានិភ័យ ដោយរាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវគោលការណ៍គន្លឹះចំនួន ៥ រួមមាន៖ ១. ខ្ចីឥណទាន ក្នុងទំហំសមស្រប ដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន, ២. ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌ អនុគ្រោះខ្ពស់, ៣. ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាព ផលិតកម្ម, ៤. ប្រើប្រាស់ឥណទានប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្តិសិទ្ធិភាពខ្ពស់បំផុត, និង ៥. ប្រើប្រាស់ ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលមានស្តង់ដារ និងគុណភាពខ្ពស់ ស្របតាម គោលការណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិនៅក្នុងដំណាក់កាលថ្មី ពិសេសធានាបាននូវចីរភាពសេដ្ឋកិច្ច, សង្គម, បរិស្ថាន, និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ៕