(កំពង់ឆ្នាំង)៖ ឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានថ្លែងថា ក្រសួង បានយកចិត្តទុកដាក់គិតគូររកដំណោះស្រាយបញ្ចប់វិវាទដីធ្លី និងការគ្រប់គ្រងដីនៅតំបន់បឹងទន្លេសាប នៃខេត្តកំពង់ឆ្នាំងឱ្យបានត្រឹមត្រូវ ដើម្បីលុបបំបាត់ភាពចម្រូងចម្រាស់ក្នុងសង្គមជាតិ និងជំរុញលើកស្ទួយខឿនសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ។

ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងនាឱកាសដែលលោក ចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិភាក្សាបញ្ចប់ការដោះស្រាយវិវាទដីធ្លី និងពិភាក្សាការងារគ្រប់គ្រងដីនៅតំបន់បឹងទន្លេសាប នៃខេត្តកំពង់ឆ្នាំង។

ឆ្លៀតនាឱកាសកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា នេះគឺជាឱកាសរបស់យើងទាំងអស់គ្នា ក្នុងការរួមគ្នាបញ្ចប់នូវបញ្ហាវិវាទដីធ្លីនៅក្នុងខេត្តកំពង់ឆ្នាំង។ លោកឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងក្របខណ្ឌនៃការចុះវាស់វែងដីធ្លីនៅទូទាំងប្រទេស មកដល់ពេលនេះយើងវាស់វែងបានប្រមាណ ៤លានក្បាលដីហើយ។ លោក​បានបន្តថា ការចុះវាស់វែងដីធ្លីនេះ សម្រាប់មន្ត្រីសុរិយោដី គឺជាការចុះប្រមូលទិន្នន័យព័ត៌មាន ដើម្បីវិនិច្ឆ័យលើក្បាលដីនីមួយៗ តាមបច្ចេកទេសសុរិយោដី ដែលការវាស់វែងក្បាលដីនេះ នឹងអាចបញ្ចប់រួចរាល់នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះចូលមកដល់។

បើតាមឧបនាយករដ្ឋមន្ត្រី, ការដោះស្រាយវិវាទដីធ្លីនៅទូទាំងប្រទេស បានដោះស្រាយជោគជ័យអស់ជាច្រើនករណី និងនៅសល់ត្រឹមប្រមាណក្រោម ១,០០០ករណីប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះ។លោក បានថ្លែងបន្តថា នៅខេត្តសៀមរាប បានដោះស្រាយបញ្ចប់ទាំងស្រុងនូវបញ្ហាវិវាទដីធ្លីរវាងប្រជាជន និងអាជ្ញាធរជាតិអប្សរា។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានបញ្ជាក់ថា ដោយឡែកចំពោះបឹងទន្លេសាបដែលត្រូវបានបែងចែកជាបីតំបន់គឺតំបន់ ៣ ជាតំបន់ព្រៃលិចទឹក, តំបន់២ ជាតំបន់អាស្រ័យផល និងតំបន់១ ជាតំបន់លំនៅឋាន ដោយក្នុងនោះក្រុមការងារនិងអាជ្ញាធរ បានប្រកាន់យកគោលជំហរជាក់លាក់ ដើម្បីរក្សានូវអាយុជីវិតបឹងទន្លេសាប ពីព្រោះបឹងទន្លេសាប និងទន្លេមេគង្គឱ្យផលដល់ប្រទេសជាតិ និងប្រជាជនក្នុងរង្វង់ប្រមាណ ២ពាន់លានដុល្លារក្នុងមួយឆ្នាំ។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី​បានមានប្រសាសន៍ថា ចំពោះបញ្ហាបុរី បានដោះស្រាយសម្របសម្រួលវិវាទរវាងអតិថិជន និងម្ចាស់បុរីបានជាច្រើនករណី នៅសល់បន្តិចចន្តួចប៉ុណ្ណោះដែលរងចាំការដោះស្រាយបញ្ចប់ ស្របតាមគោលការណ៍សម្រុះសម្រួលគ្នា។

ការណ៍នេះដែរ ក្រសួងក៏បានផ្ដល់សេវាផ្សេងៗជូនដល់ប្រជាពលរដ្ឋ និងវិស័យឯកជន ដោយដាក់ឱ្យដំណើរការនូវសេវាគាប់ចិត្តតាមប្រព័ន្ធអនឡាញភ្ជាប់នូវ ២៥រាជធានីខេត្តទូទាំងប្រទេស ដែលការងារទាំង ៦ចំណុចខាងលើនេះ គឺជាការងារដែលក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានអនុវត្តដើម្បីលុបបំបាត់ភាពចម្រូងចម្រាស់នៅក្នុងសង្គមជាតិ និងជំរុញលើកស្ទួយខឿនសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ។

ជាថ្មីម្ដងទៀត លោករដ្ឋមន្ត្រី បានស្នើឱ្យអង្គប្រជុំចូលរួមសហការពិនិត្យពិភាក្សារកដំណោះស្រាយ អោយបានសមស្របលើបញ្ហាវិវាទដីធ្លីនីមួយៗ និងចុះបញ្ជីដីអោយបានចប់សព្វគ្រប់ ដើម្បីបញ្ចប់ភាពចម្រូងចម្រាស់ទាំងនោះនៅក្នុងខេត្តកំពង់ឆ្នាំងទាំងមូល៕