(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបានអនុញ្ញាតឱ្យលោក Kim Jin-pyo អតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងជាប្រធាន​ក្រុម​ប្រឹក្សាភិបាលអង្គការដើម្បីពិភពលោកទាំងអស់គ្នា (Global Together) និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានី​ភ្នំពេញ។

សម្តេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Kim Jin-pyo និងគណៈប្រតិភូ និងសម្តែងក្តីរីករាយបានជួបសាជាថ្មី បន្ទាប់ពីលោក បានមកចូលរួមសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ​ដើម្បី​ភាព​អត់ឱន និងសន្តិភាព (IPTP-11) នៅភ្នំពេញ កាលពីខែវិច្ឆិកាកន្លង​ទៅនេះ។

សម្តេចតេជោ បានបន្តថា លោក Kim Jin-pyo បានរួមចំណែកយ៉ាង​ធំ​ធេងដល់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-កូរ៉េ ដែលមកដល់បច្ចុប្បន្ននេះ ទំនាក់ទំនងកម្ពុជា និងសាធារណរដ្ឋកូរ៉េ បាននិងកំពុងរីកចម្រើន​លើ​គ្រប់​វិស័យ ហើយត្រូវបានដំឡើងកម្រិតទៅជាភាពជាដៃគូយុទ្ធសាស្រ្ត ក្នុង​ឱកាសទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ កាលពីខែឧសភា ឆ្នាំ ២០២៤កន្លងទៅនេះ។

ក្នុងជំនួបនេះ លោក Kim Jin-pyo បានថ្លែងអំណរអរគុណយ៉ាង​ជ្រាល​ជ្រៅសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ​ បាន​ចូលជួបសម្តែងការគួរសម បន្ទាប់ពីជំនួបកាលពីខែតុលា និងវិច្ឆិកា ឆ្នាំ​២០២៤ កន្លងទៅនៅទីក្រុងភ្នំពេញ។

ប្រធានក្រុមប្រឹក្សាភិបាលអង្គការដើម្បីពិភពលោកទាំងអស់គ្នា បានវាយ​តម្លៃ​ខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជា ជាមួយនឹងកំណើនសេដ្ឋកិច្ច​ប្រមាណ ៧ភាគរយរៀងរាល់ឆ្នាំ ក្រោមការដឹកនាំរបស់សម្តេចតេជោ នាពេលកន្លងមក ហើយលោក មានសេចក្តីសោមនស្សរីករាយដែល​បាន​ចូលរួមចំណែកក្នុងដំណើរអភិវឌ្ឍន៍នេះ ជាមួយសម្តេចតេជោ ចាប់តាំង​ពី​ឆ្នាំ២០០៦មក។

លោក Kim Jin-pyo បានជម្រាបសម្តេចថា គោលបំណងនៃទស្សនកិច្ច​នេះ ដើម្បីជម្រាបជូនសម្តេចអំពីកិច្ចសហការរវាងអង្គការ​ដើម្បីពិភព​លោក​ទាំងអស់គ្នា (Global Together) ជាមួយវិទ្យាស្ថានពហុ​បច្ចេកវិទ្យា​កម្ពុជា (NPIC) ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​អភិវឌ្ឍធនធានមនុស្សកម្ពុជា ជាពិសេសជំនាញវិជ្ជាជីវៈ ផ្នែកវិស្វកម្ម ព័ត៌​មានវិទ្យា និងធុរកិច្ចរដ្ឋបាល សម្រាប់យុវជន និងនិស្សិតកម្ពុជា។

លោក Kim Jin-pyo បានជម្រាបសម្តេចតេជោថា នៅប្រទេសកូរ៉េ ជាង​៥០ឆ្នាំកន្លងមក ចាប់តាំងពីឆ្នាំ១៩៦៨ ការបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជា​ស្នូល​មួយរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសកូរ៉េ បានបណ្តុះ​បណ្តាលយុវជនជាង ៣លាននាក់ នៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ICT គ្រឿងបន្លាស់ និងកម្មន្តសាល។ លោក Kim Jin-pyo បានបន្តថា ដើម្បី​បន្តគាំទ្រកំណើនសេដ្ឋកិច្ចខ្ពស់ និងការអភិវឌ្ឍកាន់តែខ្លាំងក្លា ការបណ្តុះ​បណ្តាលធនធានមនុស្សដែលមានជំនាញខ្ពស់ ជាពិសេសលើផ្នែកអេឡិច​ត្រូនិក, ICT និងរថយន្ត គឺជាកត្តាចាំបាច់សម្រាប់ប្រទេសកម្ពុជា។

លោក Kim Jin-pyo បានកត់សម្គាល់ផងដែរថា ទំនាក់ទំនងរវាង​កម្ពុជា និងសាធារណរដ្ឋកូរ៉េ បន្តមានការរីកចម្រើនជាប្រក្រតី បើទោះបីជាប្រទេស​កូរ៉េ មានវិបត្តិនយោបាយផ្ទៃក្នុងដែលកំពុងកើតមានឡើងក៏ដោយ។ នៅ​ក្នុង​ជំនួបនោះ លោក Park Joo-bong ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន Daejoo-KC Co., Ltd. និងជាប្រធានសភាពាណិជ្ជកម្ម និងឧស្សា​ហកម្ម​ក្រុងអ៊ីនឈុន បានសម្តែងនូវក្តីសោមនស្សរីករាយ​ ដែលបាន​ចូលរួម​ចំណែកអភិវឌ្ឍធុរកិច្ចនៅកម្ពុជា តាមរយៈការដឹកនាំគណៈប្រតិភូក្រុម​ហ៊ុន​វិនិយោគធំៗមកកម្ពុជា ហើយឆ្នាំ២០២៥នេះ លោក នឹងដឹកនាំ​ក្រុមគណៈ​ប្រតិភូក្រុមហ៊ុនវិនិយោគមកកម្ពុជាជាថ្មីម្តងទៀត។

លោក ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុន Daejoo-KC Co., Ltd ចង់​ពង្រីក​ធុរកិច្ចរបស់ខ្លួន និងបើកក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួនទៀតនៅ​កម្ពុជា និងសង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបានគាំទ្រពីសម្តេច។

ឆ្លៀត​ក្នុងឱកាសនោះ លោក Charles Lee នាយកសាកលវិទ្យាជាតិ​ពហុ​បច្ចេក​វិទ្យាកូរ៉េ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃវិស័យឧស្សា​ហ​កម្ម​នៅកម្ពុជា ដែលបច្ចប្បន្ន កម្ពុជាពិតជាត្រូវការការបណ្តុះបណ្តាល​វិជ្ជា​ជីវៈ​បច្ចេកទេសខ្ពស់លើវិស័យនេះ។

តាមរយៈបទពិសោធន៍កូរ៉េ ក្នុងការ​បណ្តុះបណ្តាលធនធានមនុស្សលើ​ជំនាញ​បច្ចេកទេសខ្ពស់ លោក Charles Lee បានគូសបញ្ជាក់ថា កម្ពុជាមានសក្តានុពលយុវជន ដែលជាកម្លាំងស្នូលក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ច។ ក្នុងន័យនេះ លោកនាយក បានបន្តថា លោកនឹងសហ​ការជា​មួយវិទ្យាស្ថាន NPIC ដើម្បីបណ្តុះបណ្តាលបច្ចេកវិទ្យាទំនើបកូរ៉េ ដល់​យុវជនកម្ពុជាឱ្យក្លាយជាសសរទ្រូងពោរពេញដោយសក្តានុពលសម្រាប់ប្រទេសកម្ពុជា។

ជាកិច្ចឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរអរគុណ​ដែល​លោក Kim Jin-pyo ដែលតែងតែគិតគូរពីកំណើនសេដ្ឋកិច្ច និងការ​អភិ​វឌ្ឍរបស់កម្ពុជា ជាពិសេស ការបណ្តុះបណ្តាលមូលធនមនុស្ស​ ដែលមាន​ជំនាញបច្ចេកវិទ្យាខ្ពស់។ សម្តេចតេជោ បានថ្លែងអំពីសារៈសំខាន់ក្នុងការ​ផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសខ្ពស់ ដល់យុវជនកម្ពុជា ដែលការណ៍​នេះ ​ស្រប​ទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាលក្នុងកា​របណ្តុះ​បណ្តាល​យុវ​ជនកម្ពុជា ១.៥លាននាក់ផងដែរ។

សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា កម្ពុជា នឹងចាកចេញពីប្រទេស​អភិវឌ្ឍ​តិចតួចនៅឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូល​មធ្យម​កម្រិត​ខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យដ៏ធំធេងរបស់កូរ៉េ ក្នុងការវិវត្តខ្លួនយ៉ាងឆាប់រហ័សពីប្រទេសក្រីក្របំផុតមួយក្នុងពិភពលោកនៅទសវត្សរ៍ឆ្នាំ១៩៧០ មកជាប្រទេសមានប្រាក់ចំណូលខ្ពស់ និងក្រុម​ប្រទេសដែលមានឧស្សាហកម្មនាំមុខនាពេលបច្ចុប្បន្ន។

សម្តេចតេជោ បានបន្តថា កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងធ្វើយ៉ាង​ណា មិនឱ្យធ្លាក់ក្នុងអន្ទាក់ចំណូលមធ្យម។ សម្តេចតេជោ បានផ្តល់​អនុ​សាសន៍ឱ្យគណៈប្រតិភូកូរ៉េ បន្តសហការជាមួយក្រសួងអប់រំ យុវជន និង​កីឡា, ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាក់ព័ន្ធ​ផ្សេងៗ​ទៀត ហើយកិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ផលវិជ្ជមាន​សម្រាប់​ការរីកចម្រើន និងសុខដុមនីយកម្មទាំងអស់គ្នា។

ជាថ្មីម្តងទៀត សម្តេចតេជោ បានអរគុណចំពោះលោក Kim Jin-pyo ទោះបីសម្តេចមិនកាន់តំណែងជានាយករដ្ឋមន្ត្រីយ៉ាងណាក្តី នៅពេល លោកមកកម្ពុជា តែងតែនឹករលឹកជួបសម្តេច។ បច្ចុប្បន្ន ជាប្រធានព្រឹទ្ធ​សភា សម្តេចតេជោ បានគូសបញ្ជាក់ថា សម្តេច បានដាក់គោលដៅធំពីរ​សម្រាប់​ព្រឹទ្ធសភា គឺការទូតសភា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល​ពង្រឹងទំនាក់ទំនង និងការកសាងមិត្ត ក្នុងបរិបទពិភពលោកពោរពេញ​ដោយការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ និងគណនេយ្យភាព នៅចំពោះមុខអង្គបោះឆ្នោត។

សម្តេចតេជោ បានបន្តចែករំលែក បទពិសោធកម្ពុជាក្នុងការរក្សាបាននូវ​សុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ សម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិ។

នៅចុងបញ្ចប់នៃជំនួប សម្តេចតេជោ បានបន់ស្រន់សូមឱ្យសភាពការណ៍​នៅកូរ៉េវិលត្រឡប់មករកភាពប្រក្រតីឡើងវិញ ហើយបន្តថា «មិត្តកម្ពុជា មិន​ចង់ឃើញមិត្តកូរ៉េមានវិបត្តិ»