(ភ្នំពេញ)៖ កម្ពុជា ក៏ដូចជាប្រទេសនានាក្នុងពិភពលោក បាននិងកំពុងរៀបចំទុកជាមុននូវនយោបាយ រក្សាស្ថិរភាពជាតិ ខណៈឆ្នាំ២០២៥ គឺជាឆ្នាំមួយដែលគេបារម្ភនឹងអាចកើតមានភាពក្រឡាប់ចាក់ កើតឡើងក្រោមនយោបាយ America First របស់សហរដ្ឋអាមេរិក។ Fresh Exclusive មានអត្ថបទវិភាគស៊ី ជម្រៅមួយក្រោមចំណងជើងថា «កម្ពុជាបន្តភាពប្រុងប្រយ័ត្នរបស់ខ្លួនក្នុងការថែរក្សាសន្តិភាព នៅចំពេលដែលតំបន់និងសកលប្រឈមភាពប្រែប្រួលនយោបាយ»
កម្ពុជា បានបន្តបង្ហាញនូវភាពប្តេជ្ញាចិត្តរបស់ខ្លួនឥតងាករេ ចំពោះការថែរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសនៅពេលដែលទិដ្ឋភាពរបស់ពិភពលោក កំពុងស្ថិតក្នុងរបត់មិនប្រាកដប្រជាមួយ ដែលគ្មានអ្នកណាអាចទាយនិងស្មានត្រូវបានឡើយ។ ភាពប្រែប្រួលនយោបាយក្នុងសហរដ្ឋអាមេរិក បានធ្វើឱ្យក្រុមជ្រុលនិយមជ្រកក្រោមស្លាកសិទ្ធិ មនុស្សនិងប្រជាធិបតេយ្យ កាន់តែភ័យព្រួយ ពីព្រោះទង្វើជ្រុលនិយមរបស់ពួកគេ នឹងកាន់តែ រួញលំហធ្វើសកម្មភាពបន្តិចម្តងៗ ខណៈរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ កំពុងតែរឹតបន្តឹងនូវសកម្មភាពខុសច្បាប់ទាំងឡាយ ដែលជ្រកក្រោមស្លាកជំនួយរបស់សហរដ្ឋអាមេរិក ក្នុងនោះក៏រួមមានទាំងទង្វើចង់ដុតបញ្ឆេះប្រទេសកម្ពុជា ដែលមានសន្តិភាព ឱ្យធ្លាក់ចូលក្នុងសង្គ្រាមសាជាថ្មីវិញនោះផងដែរ។
សេចក្តីរាយការណ៍ពីសហរដ្ឋអាមេរិកបង្ហាញថា រដ្ឋបាលលោក ដូណាល់ ត្រាំ បានដកខ្លូនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២៥ ទន្ទឹមនឹការបញ្ឈប់សកម្មភាពជួយរបស់ខ្លួនលើទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលភាពក្រឡាប់ចាក់នៃនយោបាយនេះ បានធ្វើឱ្យពិភពលោកកំពុងប្រែប្រួល និងប្រទេសមួយចំនួនក៏បានរៀបចំនយោបាយរបស់ខ្លួនទុកជាមុនដើម្បីការរក្សាស្ថិរភាពជាតិរៀងៗខ្លួន។
*កម្ពុជារៀបចំយុទ្ធសាស្ត្ររក្សាសន្តិភាព មុនក្រុមជ្រុលនិយមជ្រួលច្របល់បែកហ្វូង
ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា ទៅកាន់ប្រទេសឡាវ រវាងពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានគូសបញ្ជាក់អំពីទំនាក់ទំនងការទូតដ៏សកម្មរបស់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងរឹងមាំជាមួយប្រទេសជិតខាង ដើម្បីការរក្សាបាននូវកត្តាស្ថិរភាពនិងសន្តិសុខ និងវឌ្ឍនភាពសេដ្ឋកិច្ចផងដែរ។ ឡាវ គឺជាប្រទេសមួយដែលជាប់នឹងរបងផ្ទះកម្ពុជា ដែលជាប្រទេសនៃ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង» ជាមួយនឹងកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ ដែលទើបបានបញ្ចប់ដោយជោគជ័យកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រួមមានឯកឧត្តមបណ្ឌិត សាយ សំផន ភុមវិហាន ប្រធានរដ្ឋសភា និងឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន ដែលជានាយករដ្ឋមន្ត្រីឡាវ។
កិច្ចប្រជុំបានពង្រឹងស្មារតីនៃ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង» ដែលភាគីទាំង២បង្កើតឡើងនៅឆ្នាំ២០១៩ និងផែនទីបង្ហាញផ្លូវសម្រាប់បន្តកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសសម្រាប់អ្នកដឹកនាំបន្តវេន ក្នុងការបន្តពូនជ្រំនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀត។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា បានសរសេរកត់សម្គាល់ថា ដំណើរទស្សនកិច្ចនេះ គឺមានសារៈសំខាន់ជាពិសេសនៅក្នុងបរិបទពិភពលោកបច្ចុប្បន្ន ដែលការផ្លាស់ប្តូរសក្ដានុពលភូមិសាស្ត្រនយោបាយ ទាមទារឱ្យប្រទេសនានាពង្រឹងសម្ព័ន្ធភាព និងកិច្ចសហប្រតិបត្តិការ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា «ក្នុងបរិបទដែលពិភពលោកកំពុងប្រែប្រួលនិងពិបាកប៉ាន់ស្មាន, ដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាពេលនេះបានផ្តល់នូវសន្ទុះនិងថាមពលថ្មី សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងយូរអង្វែងរវាងកម្ពុជានិងឡាវ ឱ្យកាន់តែ ស៊ីជម្រៅ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត»។
បណ្ឌិត សនសៃ ស៊ីផាន់ដន ដែលធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីខែធ្នូ ឆ្នាំ២០២៤ បានថ្លែងទទួលស្គាល់ថា ដំណើរទស្សនកិច្ចជាលើកទីមួយរបស់សម្តេច ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភា «កាន់តែពង្រឹងនិងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងសម្រាប់ជាគុណប្រយោជន៍ដ៏ធំធេងជូនជាតិមាតុភូមិ និងប្រជាជននៃប្រទេសទាំង២ ទាំងក្នុងពេលបច្ចុប្បន្ននិងអនាគត»។
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរួមទាំងពាណិជ្ជកម្មនិងការវិនិយោគ ថាមពល ការអប់រំ ទេសចរណ៍ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន សន្តិសុខ និងការពារជាតិ។ ថ្នាក់ដឹកនាំនៃប្រទេសទាំង២ នៅបានឯកភាពលើភាពចាំបាច់នៃការពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងធានាការអនុវត្តប្រកប ដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់របស់ប្រទេសទាំង២ ឱ្យកាន់តែមានប្រសិទ្ធភាព។
*ដំណើរទស្សនកិច្ច មិនត្រឹមតែពង្រីកវឌ្ឍនភាពសេដ្ឋកិច្ច ប៉ុន្តែពង្រឹងកាន់តែខ្លាំងនូវកត្តា សន្តិភាពរបស់កម្ពុជា
គោលនយោបាយការបរទេសរបស់កម្ពុជា បានផ្តល់អាទិភាពដល់សន្តិភាព និងស្ថិរភាព ខណៈបានប្តេជ្ញារក្សាទំនាក់ទំនងរឹងមាំជាមួយប្រទេសជិតខាងអាស៊ានដទៃដូចជា ឡាវ ថៃ វៀតណាម និងម៉ាឡេស៊ីជាដើម។ ដោយសារភាពប្រឈមមុខរវាងប្រទេសមហាអំណាច នៅក្នុងតំបន់ជាមួយក្តីបារម្ភថា នឹងអាចមានការប្រែប្រួល ខណៈភាពមិនប្រាកដប្រជា ជាសកលចេះតែបន្តកើតមានមិនចេះចប់ទៀតនោះ, កម្ពុជា ត្រូវគេមើលឃើញថា នៅតែតាំងចិត្តមុះមុតក្នុងយុទ្ធសាស្រ្តរបស់ខ្លួន ក្នុងការទប់ស្កាត់ទង្វើរបស់ក្រុមជ្រុលនិយមពីខាងក្រៅ ដែលចង់ប្រើប្រាស់ទឹកដីប្រទេសជិតខាងអាស៊ានក្នុងការធ្វើជាវេទិកាដើម្បីប៉ុនប៉ងបង្កអស្ថិរភាពនយោបាយ។
ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សកម្មភាពធ្វើនយោបាយរបស់ក្រុមជ្រុលនិយមនៅក្រៅប្រទេស ជាពិសេសនៅតាមប្រទេសមួយចំនួននៅអាស៊ាន កាន់តែរួញខើចទៅជាលំដាប់ ដោយសារតែការពង្រឹង និងពង្រីកគោលនយោបាយការបរទេសដ៏មានប្រសិទ្ធភាព ធ្វើឱ្យក្រុមជ្រុលនិយមដែលជ្រកក្រោមស្លាកក្លែងក្លាយសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ត្រូវបានបកអាក្រាតជាបន្តបន្ទាប់។ ដូច្នេះដើម្បីការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរបស់ខ្លួនជាមួយបណ្តាប្រជាជាតិអាស៊ាន កម្ពុជាក្រោមរបត់នយោបាយឈ្នះឈ្នះ ចាំបាច់ត្រូវតែពង្រឹងវិធីសាស្ត្រសន្តិសុខពីចម្ងាយ និងធានាការការពារអធិបតេយ្យភាពរបស់ខ្លួនមិនដែលធ្វេសប្រហែសមួយនាទីណាឡើយ។
គេបានឃើញហើយថា ភាពមិនប្រាកដប្រជាជាសកលបច្ចុប្បន្ន ដោយសារការប្រកួតប្រជែងរបស់ប្រទេសមហាអំណាចដែលមានឥទ្ធិពលលើកិច្ចការពិភពលោក, ប្រទេសតូចៗដូចជាកម្ពុជា គ្មានជំរើសអ្វី ក្រៅពីការរិះរកនូវវិធីសាស្ត្ររបស់ខ្លួនទុកជាមុន ធ្វើយ៉ាងណាដើម្បីជួយប្រជាពលរដ្ឋខ្មែរទាំងជាង ១៧ លាននាក់នៅក្នុងប្រទេស មិនឱ្យប្រឈមនឹងការប៉ះទង្គិចខ្លាំងដោយសារឥទ្ធិពលបរទេសពីខាងក្រៅ និងទប់ស្កាត់ដោយប្រសិទ្ធភាពនូវអំពើប៉ុនប៉ង ឆ្លៀតឱកាសធ្វើនយោបាយរបស់ក្រុមជ្រុលនិយម នៅខាងក្រៅស្រុក។
ការបញ្ចប់ទស្សនកិច្ច២ថ្ងៃនៅប្រទេសឡាវ ក៏អាចត្រូវបានគេមើលឃើញថា ជាផ្នែកនៃការរៀបចំរបស់កម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយបណ្តាប្រទេសក្នុងតំបន់ ដើម្បីពង្រឹងសន្តិសុខសមូហភាព និងធានាថាក្រុមជ្រុលនិយមមិនអាចកេងប្រវ័ញ្ចលើទឹកដីនៃប្រទេសជិតខាង ដើម្បីបង្កអស្ថិរភាពនយោបាយពីចម្ងាយដាក់មកកាន់ប្រទេសកម្ពុជាឡើយ។ ជំហរដ៏សកម្មដើម្បីសេចក្តីសុខរបស់ប្រជាជនខ្មែរក្នុងប្រទេសនេះ បានស្របនឹងការប្ដេជ្ញាចិត្តជាយូរមកហើយរបស់កម្ពុជាក្នុងការរក្សាភាពសុខដុមរមនាក្នុងតំបន់ និងការការពារផលប្រយោជន៍ជាតិរបស់ខ្លួន។
ដោយឡែកនៅថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីមានដំណើរទស្សនកិច្ចដោយជោគជ័យនៅ ក្នុងប្រទេសឡាវនោះរួចមក ដំណើរបំពេញទស្សនកិច្ចមួយផ្សេងទៀតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានធ្វើទៅកាន់ប្រទេសផ្សេងមួយទៀតនៅអាស៊ាន គឺប្រទេស ហ្វីលីពីន។
ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ នៅប្រទេសហ្វីលីពីន គឺជាដំណើរមិនត្រឹមតែពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងតំបន់ប៉ុណ្ណោះទេ, ដំណើរទស្សនកិច្ចនេះ ត្រូវគេមើលឃើញថា ក៏ជាជំហានសំខាន់មួយក្នុងការធានាសន្តិសុខក្នុងស្រុក និងវឌ្ឍនភាពសេដ្ឋកិច្ចផងដែរ។ ដំណើរទស្សនកិច្ចទៅប្រទេសហ្វីលីពីន គឺស្របតាមយុទ្ធសាស្ត្រក្នុងតំបន់ដ៏ទូលំទូលាយរបស់កម្ពុជា ដោយពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចដើម្បីពង្រឹងស្ថិរភាពជាតិ។
*ការពង្រឹងសាមគ្គីភាពក្នុងតំបន់ គឺជាគន្លឹះនៃការបន្សាបឥទ្ធិពលក្រុមជ្រុលនិយម
នៅពេលដែលពិភពលោកប្រឈមមុខនឹងបញ្ហាជាច្រើន ចាប់ពីភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច រហូតដល់កត្តាភូមិសាស្ត្រនយោបាយនោះ កម្ពុជាក៏ត្រូវរៀបចំវិធីសាស្ត្ររបស់ខ្លួនបង្កាទុកជាមុន ជាមួយនឹងការប្តេជ្ញាចិត្តលើកត្តាសាមគ្គីភាពក្នុងតំបន់។
កិច្ចពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ឡាវ និងហ្វីលីពីន ក្នុងសប្តាហ៍ទី១ និងទី២ ខែកុម្ភៈ ឆ្នាំ២០២៥ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់កម្ពុជាដើម្បីត្រួសត្រាយផ្លូវសម្រាប់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ និងអនាគតប្រកបដោយស្ថិរភាព និងវិបុលភាព។ កិច្ចសហប្រតិបត្តិការរឹងមាំនៃប្រទេសជិតខាងក្នុងតំបន់អាស៊ានទាំងនេះ ក៏ជាសារប្រាប់ទៅ ក្រុមជ្រុលនិយមខ្មែរនៅក្រៅប្រទេសថា លំហនៃទង្វើនយោបាយជ្រុលនិយមរបស់ពួកគេ នឹងកាន់តែរួមតួចទៅៗជាលំដាប់ ហើយទីបំផុតនឹងគ្មានកន្លែងណា អាចឱ្យក្រុមជ្រុលនិយមធ្វើការជ្រកកោនបានឡើយដោយសារតែនយោបាយចង់ដុតបញ្ឆេះប្រទេសខ្លួនឯងឱ្យធ្លាក់ចូលក្នុងសង្គ្រាមសាជាថ្មីវិញនោះ។
ផ្លូវតែមួយគត់របស់អ្នកចាញ់ឧបាយកលក្រុមជ្រុលនិយម គឺការសារភាពទទួលស្គាល់កំហុស និងសុំមកចូលរួមជីវភាពនយោបាយជាមួយ ប្រជាជនខ្មែរក្នុងប្រទេសដែលកំពុងរស់នៅយ៉ាងសុខសាន្តក្រោមដំបូលសន្តិភាពនៃនយោបាយឈ្នះឈ្នះ ដែលផ្តល់ភាពកក់ក្តៅអស់រយៈពេល២៦ឆ្នាំរួចមកហើយ៕