(ភ្នំពេញ)៖ នៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ដែលចំនឹងខួប២៥ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះ សម្តេចតេជោ បានបង្ហាញរូបថតជាច្រើនសន្លឹក ដែលជាអនុស្សាវរីយ៍ នៃការចរចារវាងសម្តេច និងសម្តេចព្រះ នរោត្តម សីហនុ មុននឹងឈានដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា រូបសម្តេចផ្ទាល់ និង អតីតព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ គឺជាតួរអង្គយ៉ាងសំខាន់ ក្នុងការនាំមកនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលជាការបញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរ។ សម្តេចបានបញ្ជាក់ថា មុននឹងមានកិច្ចព្រមព្រៀងនេះ សម្តេចបានជួបចរចាជាមួយអតីតព្រះមហាក្សត្រ សម្តេចឪចំនួន២លើករួចទៅហើយ គឺនៅឆ្នាំ១៩៨៧ ម្តង និង ឆ្នាំ១៩៨៨ ម្តងទៀត។
ទោះជាយ៉ាងណា កិច្ចព្រមព្រៀងនេះត្បិតតែបញ្ចប់សង្រ្គាមផ្ទៃក្នុងក៏ដោយចុះ ក៏ប៉ុន្តែកម្ពុជាមិនទាន់មានឯកភាពជាតិទាំងស្រុងនៅឡើយទេ ដោយគ្រាន់តែប្តូរពីកម្ពុជាមួយមានតំបន់ត្រួតត្រា៤ មកជាកម្ពុជាមួយមានតំបន់ត្រួតត្រា២ នោះគឺត្រួតត្រាដោយខ្មែរក្រហម នៅភាគពាយ័ព្យ និងដោយគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បន្ទាប់ពីដាក់ចេញនូវគោលនយោបាយឈ្នះៗរបស់សម្តេច កាលពីឆ្នាំ១៩៩៦ ទើបក្រុមទាំងពីរនេះ ធ្វើសមាហរណកម្មដែលនាំឱ្យមានការឯកភាពជាតិពេញ ហើយមានសន្តិភាពរហូតដល់សព្វថ្ងៃ។
ចំពោះថ្ងៃខួប២៥ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ ជនរួមជាតិទាំងអស់ចូលរួមថែរក្សាសន្តិភាព ដើម្បីប្រទេសជាតិកម្ពុជា មានឱកាសអភិវឌ្ឍកាន់តែ រីកចម្រើនជឿនលឿនទៅមុខទៀត និង សម្តេចបានជូនពរជនរួមជាតិឱ្យជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នាផងដែរ៕