(ហ្វីលីពីន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យមានការតភ្ជាប់ជើងហោះហើរថ្មីៗបន្ថែមទៀតរវាងកម្ពុជា-ហ្វីលីពីន ជាពិសេសទៅកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដើម្បីជំរុញវិស័យទេសចរណ៍ ទាំងតំបន់ទេសចរណ៍វប្បធម៍ និងតំបន់ទេសចរណ៍មាត់សមុទ្រ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើដូចនេះនារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចក្នុងអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន នៅប្រទេសហ្វីលីពីន ដោយមានវិនិយោគិនចូលរួមសរុបចំនួន ២០៩នាក់ ដែលមកពីបណ្តាក្រុមហ៊ុនចំនួន ១៥១ក្រុមហ៊ុន។
នាឱកាសនោះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា-ហ្វីលីពីន កំពុងសហការគ្នាយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសម្រួលដល់ភាពងាយស្រួល ក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ តាមរយៈការបង្កើនការតភ្ជាប់ឱកាសនៃការបន្តអនុស្សរណៈនៃការយោគយល់គ្នា ពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ឆ្នាំ២០២៥ ២០២៨ ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះទៀតថា «ខ្ញុំក៏ធ្លាប់បានពិភាក្សាជាមួយឯកឧត្តមប្រធានាធិបតីហ្វីលីពីន នូវលទ្ធភាពនៃការបង្កើនជើងហោះហើរត្រង់បន្ថែមពីលើផ្លូវ ម៉ានីល- ភ្នំពេញ និងការរួមបញ្ជូលពីម៉ានីល-សៀមរាប និងការភ្ជាប់តំបន់ទេសចរណ៍នៃប្រទេសទាំង២ ដូចជា៖ សេប៊ូល និងសៀមរាបផងដែរ។ ខ្ញុំក៏បានឯកភាពជាមួយអ្នកឧកញ៉ា គិត ម៉េង ក្នុងការអញ្ជើញខាងថ្នាក់ដឹកនាំព្រលានយន្តហោះខាងហ្វីលីពីន ដើម្បីធ្វើការតភ្ជាប់ត្រង់នៃតំបន់ទេសចរណ៍នៃប្រទេសកម្ពុជា-ហ្វីលីពីនបន្ថែមទៀតផងដែរ»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែ បានបញ្ជាក់ទៀតថា កម្ពុជា ក្រៅពីតំបន់អង្គរវត្ត ក៏មានតំបត់ទេសចរណ៍ដ៏សំបូរបែបបន្ថែមទៀត ដូចជាតំបន់មាត់សមុទ្រ និងតំបន់បេតិភណ្ឌវប្បធម៌ជាច្រើនទៀត ដូចនេះសូមអញ្ជើញអ្នកវិនិយោគិនហ្វីលីពីន ចូលរួមជាមួយកម្ពុជា ក្នុងការវិវឌ្ឍវិស័យទេសចរណ៍ដ៏ល្អឯក និងបើកសក្តានុពលដ៏ធំធេងក្នុងការវិស័យទេសចរណ៍នេះ ដែលនេះជាភាពបំពេញគ្នានៃសេដ្ឋកិច្ចរបស់រវាងហ្វីលីពីន និងកម្ពុជាផងដែរ៕