(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែកុម្ភៈ ដើម្បីលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។

លោកសាស្ដ្រាចារ្យរដ្ឋមន្រ្តី បានលើកឡើងដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវឱ្យច្បាស់លាស់ នូវការទទួលបន្ទុកការងារ និងភារកិច្ចរបស់ខ្លួន ឱ្យបានស៊ីជម្រៅ ជាពិសេសការងារដែលពាក់ព័ន្ធនឹងសុខភាពសាធារណៈ ការពុលអាហារ ពុលស្រា ដោយត្រូវបង្កើនការផ្សព្វផ្សាយសារអប់រំសុខភាព អនាម័យចំណីអាហារ និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

ក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ និងមជ្ឈមណ្ឌលជាតិពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ អំពីបញ្ហាមូស ដោយត្រូវរៀបចំជាយុទ្ធនាកាបាញ់ថ្នាំសម្លាប់មូស ដាក់ថ្នាំបាណកឃាជ ការផ្សព្វផ្សាយសារអប់រំ និងជាពិសេសនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ត្រូវត្រៀមក្នុងការផ្តល់ជាព័ត៌មានជូនប្រជាពលរដ្ឋ អំពីបញ្ហាមូស និងការបង្ករការពារខ្លួន។ ទន្ទឹមនឹងនេះដែរ ក៏ត្រូវបង្កើនការស្រាវជ្រាវ ការកកើតមូស ប្រភេទមូស ដើម្បីវាយតម្លៃអំពីស្ថានភាពជាក់ស្តែង និងការព្យាករណ៍ដែលអាចនឹងបង្កផលប៉ះពាល់ដែលអាចកើតមានឡើង និងត្រូវបង្កើនការផលិត វីដេអូផ្សព្វផ្សាយ (spot) បន្ថែមទៀតឱ្យស្របនឹងបច្ចុប្បន្នភាព។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងរបន្ថែមថា ថ្នាក់ដឹកនាំទាំងអស់ត្រូវពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់ទាំងឡាយ ដោយនាយកដ្ឋានជំនាញ ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ សិក្សាឱ្យបានស៊ីជម្រៅគ្រប់ទិដ្ឋាភាពច្បាប់ និងបច្ចេកទេស។ ជាងនេះទៅទៀតលោកសាស្ដ្រាចារ្យបានគូសរលេចបន្ថែម អំពីការលើកយកប្រធានបទសុខភាពបឋម នៅកម្រិតមណ្ឌលសុខភាព មន្ទីរពេទ្យស្រុក ដែលជាបញ្ហាសុខភាពចម្បង ត្រូវយកចិត្តទុកដាក់ ក្នុងការបម្រើសេវាសុខាភិបាល និងប្រព័ន្ធបញ្ជូនជាដើម ដោយត្រូវដាក់បញ្ចូលក្នុងប្រធានបទនា ពិធីសន្និបាតសុខាភិបាល លើកទី៤៤ នាថ្ងៃទី៣-៤ ខែមីនា ឆ្នាំ២០២៥នេះ។

ជាចុងក្រោយ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ដែលបានខិតខំក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឥរិយាបថល្អ ការបម្រើសេវាដោយគុណភាព ប្រសិទ្ធភាព ស័ក្តិស័ក្តភាព​ សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ៕