(ហ្វីលីពិន)៖ ថ្លែងទៅកាន់វិនិយោគិនជាង២០០នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន១៥១ក្រុមហ៊ុន ដែលចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន នៅប្រទេសហ្វីលីពិន នាថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលេចអំពីសក្តានុពលសំខាន់ៗចំនួន៦ចំណុច នៃការវិនិយោគនៅកម្ពុជា ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់វិនិយោគិនបរទេស ដែលចូលមកវិនិយោគនៅកម្ពុជា។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាបានក្លាយជាទិសដៅចម្បងសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីតាមដាន FDI Intelligence Standouts Standouts 2024 ដែលជាប់ចំណាត់ថ្នាក់ក្នុងចំណោមគោលដៅ FDI កំពូលទាំង ៥០ របស់ពិភពលោក។ នៅឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួនជាង ៤០០គម្រោងជាមួយនឹងទំហំវិនិយោគជិត៧ពាន់លានដុល្លារ កើនឡើងជាង៤០% បើធៀបនឹងឆ្នាំ២០២៣។
ស្របជាមួយនឹងកំណើននៃការទទួលបានទុនវិនិយោគនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចអំពីសក្តានុពល និងការផ្តល់ជូនអត្ថប្រយោជន៍ជាច្រើនដល់វិនិយោគិន ដែលរួម៖
* ទី១. កម្ពុជាមានបរិយាកាសអំណោយផល និងការលើកទឹកចិត្ត តាមរយៈការកែទម្រង់ និងការកែសម្រួលបទបញ្ញត្តិ និងការផ្តល់ការលើកទឹកចិត្តពន្ធជាច្រើនដល់វិនិយោគិន។
* ទី២. កិច្ចទំនាក់ទំនងដ៏រឹងមាំរវាងរដ្ឋាភិបាល និងប្រជាជន, ទំនាក់ទំនងបើកចំហរវាងវិនិយោគិន ដែលជាអទិភាពដ៏សំខាន់ ដែលធានាថា កង្វល់ទាំងអស់របស់វិស័យឯកជន និងវិនិយោគិន នឹងត្រូវបានលើកឡើង និងដោះស្រាយជាប់ជាប្រចាំ។
* ទី៣. ទីតាំងយុទ្ធសាស្រ្ត និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដោយកម្ពុជាស្ថិតនៅទីតាំងយុទ្ធសាស្រ្តនៅចំកណ្តាលនៃអាស៊ាន ដែលធ្វើឱ្យកម្ពុជាមានភាពកាន់តែល្អឥតខ្ចោះក្នុងការតភ្ជាប់ទីផ្សារ ខណៈរាជរដ្ឋាភិបាលបានអភិវឌ្ឍមន៍ហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទីក ដើម្បីងាយស្រួលដល់ការតភ្ជាប់។
* ទី៤. លទ្ធភាពក្នុងការចូលទីផ្សារតំបន់ និងសាកលដ៏ទូលំទូលាយ តាមរយៈកិច្ចព្រមព្រៀងនានា ដូចជាកិច្ចព្រមព្រៀងអាសិប កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កូរ៉េ និងអេមីរ៉ាតអារ៉ាប់រួមជាដើម។
* ទី៥. សេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍ ដោយរាជរដ្ឋាភិបាលទទួលស្គាល់អំពីអំណាចបដិវត្តកម្មនៃឌីជីថលូបនីយកម្ម និងការផ្តល់អទិភាពដល់ការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីឌីជីថលដ៏រឹងមាំ។ ក្នុងន័យនេះសម្តេចលើកទឹកចិត្តដល់វិនិយោគិនហ្វីលីពិន ក្នុងការធ្វើជាភាពដៃគូរជាមួយកម្ពុជា ក្នុងការកសាងអនាគតឌីជីថលនៅកម្ពុជា។
* ទី៦. ថាមពលប្រកបដោយចីរភាព និងកំណើនបៃតង ដោយកម្ពុជាមានការប្តេជ្ញាចិត្ត ចំពោះការអភិវឌ្ឍន៍ថាមពលប្រកបដោយចីរភាព និងកំណើនបៃតង៕