(ហ្វីលីពីន)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញឱកាសដល់អ្នកវិនិយោគរបស់ហ្វីលីពីន ដើម្បីសហការលើវិស័យអប់រំ វិជ្ជាជីវៈ និងបច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជា។

ការបង្ហាញឱកាសវិនិយោគលើវិស័យអប់រំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាស ដែលសម្តេចបានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះពិសេសក្នុង «វេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន» នៅសាធារណរដ្ឋហ្វីលីពីន នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ វេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន មានវិនិយោគិនចូលរួមចំនួន ២០៩នាក់ ដែលមកពីបណ្តាក្រុមហ៊ុនចំនួន១៥១ ក្រុមហ៊ុន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «កម្ពុជាផ្តល់អាទិភាព​ក្នុងការអនុវត្តជំនាញ គួបផ្សំនឹងតម្រូវការអប់រំ ប្រកបដោយគុណភាព ដែលបង្កើតជាកាលានុភាពដ៏សំខាន់សម្រាប់លើស្ថាប័នអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនបច្ចេកវិទ្យាអប់រំរបស់ហ្វីលីពីន»។

ជាមួយគ្នានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមើលឃើញពីសក្តានុពលដ៏រឹងមាំរបស់ហ្វីលីពីន លើការផ្តល់នូវកម្មវិធីបណ្តុះបណ្តាលអប់រំ ភាសាអង់គ្លេស ការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកហិរញ្ញវត្ថុ គណនេយ្យ និងវិស័យសុខាភិបាលជាដើម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ហ្វីលីពីនក៏ជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ផ្នែកបច្ចេកទេស ដោយផ្តោតសំខាន់ទៅលើវិស័យបច្ចេកវិទ្យា (IT) កសិកម្ម ហិរញ្ញវត្ថុ ព្រមទាំងលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្រាប់ការចុះអនុស្សារណៈយោគយល់គ្នារវាងប្រទេសកម្ពុជា និងហ្វីលីពីន លើការបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាការពង្រឹងបន្ថែមទៀតនូវសក្តានុពលជំនាញវិជ្ជាជីវៈផងដែរ។

តាមរយៈសន្ទរកថា សម្ដេចនាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ប្រាប់ដល់វិនិយោគិនហ្វីលីពីនថា រាជរដ្ឋាភិបាលនីតិកាលទី៧ បាននឹងកំពុងបន្តនូវការទាក់ទាញវិនិយោគិនបរទេសនិយាយជារួម និងវិនិយោគិនហ្វីលីពីន និយាយដោយឡែក តាមរយៈការរៀបចំវេទិកាធុរកិច្ច ក្នុងគោលដៅផ្សព្វផ្សាយ អំពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាយន្តការលើកទឹកចិត្តដល់វិនិយោគិន រួមទាំងច្បាប់នៃការវិនិយោគរបស់កម្ពុជា ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមអំពីកម្ពុជាដល់វិនិយោគិនគ្រប់រូបក្នុងការសិក្សាឈ្វេងយល់បន្ថែមអំពីឱកាសវិនិយោគ និងវិស័យសក្តានុពលដែលទីផ្សារកម្ពុជាកំពុងត្រូវការ៕